គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 11:36-42 ព្រះគម្ពីរបរិសុទ្ធ (KHOV)

36. ស្តេច​នោះ​នឹង​ធ្វើ​តាម​តែ​អំពើ​ចិត្ត ក៏​នឹង​ដំកើង​ខ្លួន ហើយ​លើក​ខ្លួន​ខ្ពស់​ជាង​អស់​ទាំង​ព្រះ វា​នឹង​ពោល​យ៉ាង​អស្ចារ្យ ទាស់​នឹង​ព្រះ​នៃ​អស់​ទាំង​ព្រះ វា​នឹង​ចេះ​តែ​ចំរើន​ដរាប​ដល់​សេចក្ដី​គ្នាន់‌ក្នាញ់​បាន​សំរេច ដ្បិត​ការ​ដែល​បាន​សំរេច​នឹង​ធ្វើ​ហើយ នោះ​ត្រូវ​ធ្វើ​ទៅ

37. វា​នឹង​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រះ​នៃ​ពួក​អយ្យកោ​វា ឬ​ចំពោះ​បំណង​ចិត្ត​របស់​ពួក​ស្រីៗ​ទេ ក៏​មិន​កោត‌ខ្លាច​ដល់​ព្រះ​ណា​ផង ដ្បិត​វា​នឹង​ដំកើង​ខ្លួន​ជា​ធំ​លើស​ជាង​ទាំង​អស់

38. ទោះ​បើ​យ៉ាង​នោះ គង់​តែ​វា​នឹង​គោរព​តាម​ព្រះ​នៃ​បន្ទាយ​ដែរ ហើយ​ឯ​ព្រះ​១​ដែល​ពួក​អយ្យកោ​វា​មិន​បាន​ស្គាល់​សោះ នោះ​វា​នឹង​គោរព​ដោយ​មាស ប្រាក់ និង​ត្បូង​មាន​តំឡៃ ហើយ​នឹង​របស់​ថ្លៃ​វិសេស

39. គឺ​ដោយ​ព្រះ​ដទៃ​នោះ ដែល​វា​នឹង​ឈ្នះ​ទី​មាំ‌មួន​របស់​សាសន៍​ផ្សេងៗ ឯ​អ្នក​ណា​ដែល​នឹង​យល់​ខាង​ខ្លួន នោះ​វា​នឹង​លើក​ឲ្យ​មាន​សក្តិ‌យស​ជា​ធំ​ឡើង ហើយ​នឹង​តាំង​ឲ្យ​គេ​គ្រប់‌គ្រង​លើ​មនុស្ស​ជា​ច្រើន ព្រម​ទាំង​ចែក​ឲ្យ​ដល់​គេ​ទុក​ជា​រង្វាន់​ផង។

40. លុះ​ដល់​គ្រា​ចុង​បំផុត នោះ​ស្តេច​ខាង​ត្បូង​នឹង​ត‌យុទ្ធ​នឹង​វា តែ​ស្តេច​ខាង​ជើង​នឹង​មក​ទាស់​នឹង​ទ្រង់​ដូច​ជា​ខ្យល់​កួច មាន​ទាំង​រទេះ​ចំបាំង ពល​សេះ និង​នាវា​ជា​ច្រើន វា​នឹង​លុក​ចូល​ក្នុង​ប្រទេស​ដទៃ​ទាំង​ប៉ុន្មាន ទាំង​សាយ​ចេញ​ដូច​ជា​ទឹក​ជន់ រួច​បង្ហួស​ទៅ

41. វា​នឹង​ចូល​ទៅ​ក្នុង​ស្រុក​ឧត្តម​ដែរ ហើយ​មនុស្ស​ជា​ច្រើន​នឹង​ត្រូវ​ផ្តួល​ចុះ តែ​សាសន៍​ទាំង​នេះ នឹង​បាន​រួច​ពី​កណ្តាប់​ដៃ​វា គឺ​អេដំម ម៉ូអាប់ និង​ពួក​សំខាន់​ក្នុង​កូន​ចៅ​អាំម៉ូន

42. វា​នឹង​លូក​ដៃ​ទៅ​លើ​ប្រទេស​ទាំង​អស់ ហើយ​ស្រុក​អេស៊ីព្ទ​ក៏​មិន​បាន​រួច​ដែរ

សូមអានជំពូកពេញលេញ ដានីយ៉ែល 11