គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 11:29-44 ព្រះគម្ពីរបរិសុទ្ធ (KHOV)

29. លុះ​ដល់​វេលា​កំណត់ វា​នឹង​ត្រឡប់​មក​ចូល​ក្នុង​ស្រុក​ខាង​ត្បូង​ទៀត តែ​ជាន់​ក្រោយ​នេះ និង​មិន​បាន​ដូច​ជា​ជាន់​មុន​ទេ

30. ពី​ព្រោះ​អស់​ទាំង​នាវា ពី​ស្រុក​គីទីម និង​មក​ទាស់​នឹង​វា ដូច្នេះ វា​នឹង​ធ្លាក់​ចិត្ត ហើយ​វិល​ទៅ​វិញ ដោយ​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​ទាស់​នឹង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ ហើយ​នឹង​ធ្វើ​តាម​អំពើ​ចិត្ត គឺ​វា​នឹង​ត្រឡប់​មក​វិញ ហើយ​រួម​គំនិត​នឹង​ពួក​អ្នក​ដែល​ក្បត់​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ​នោះ

31. គ្រា​នោះ ពល​ទ័ព​នឹង​ត្រូវ​ខាង​វា ហើយ​គេ​នឹង​បង្អាប់​ទី​បរិសុទ្ធ គឺ​ជា​ទី​មាំ‌មួន ព្រម​ទាំង​បញ្ឈប់​បំបាត់​ការ​ថ្វាយ​ដង្វាយ​ជានិច្ច​ចេញ ហើយ​តាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម​ដែល​នាំ​ឲ្យ​បង្ខូច​បំផ្លាញ​ឡើង

32. ឯ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​ទាស់​នឹង​សេចក្ដី​សញ្ញា នោះ​វា​នឹង​នាំ​បង្ខូច​ចិត្ត​គេ ដោយ​ពាក្យ​បញ្ចើច តែ​ចំណែក​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ស្គាល់​ព្រះ​នៃ​ខ្លួន គេ​នឹង​មាន​ចិត្ត​រឹង​ប៉ឹង ហើយ​នឹង​ប្រតិ‌បត្តិ​ត​ទៅ

33. ពួក​អ្នក​ដែល​មាន​ប្រាជ្ញា​ក្នុង​បណ្តា‌ជន គេ​នឹង​បង្រៀន​មនុស្ស​ជា​ច្រើន ប៉ុន្តែ​គេ​នឹង​ត្រូវ​ដួល​ដោយ​ដាវ និង​ភ្លើង ព្រម​ទាំង​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ ហើយ​ត្រូវ​គេ​រឹប​ជាន់​ជា​យូរ​ថ្ងៃ​ផង

34. រីឯ​កាល​ណា​គេ​ត្រូវ​ដួល នោះ​គេ​នឹង​មាន​សេចក្ដី​ជំនួយ​បន្តិច​ដែរ ក៏​នឹង​មាន​មនុស្ស​ជា​ច្រើន​ចូល​ខាង​គេ ដោយ​ចិត្ត​ក្រឡេច‌ក្រឡុច

35. ឯ​ពួក​គេ​ដែល​មាន​ប្រាជ្ញា នឹង​មាន​ខ្លះ​ដួល​ចុះ ដើម្បី​ឲ្យ​បាន​សំរង ហើយ​សំអាត​ពួក​គេ ព្រម​ទាំង​ឲ្យ​គេ​បាន​ស‌ស្គុស ដរាប​ដល់​វេលា​ចុង​បំផុត ដ្បិត​ការ​ទាំង​នោះ​នឹង​មក​ក្នុង​ពេល​កំណត់​ទេ។

36. ស្តេច​នោះ​នឹង​ធ្វើ​តាម​តែ​អំពើ​ចិត្ត ក៏​នឹង​ដំកើង​ខ្លួន ហើយ​លើក​ខ្លួន​ខ្ពស់​ជាង​អស់​ទាំង​ព្រះ វា​នឹង​ពោល​យ៉ាង​អស្ចារ្យ ទាស់​នឹង​ព្រះ​នៃ​អស់​ទាំង​ព្រះ វា​នឹង​ចេះ​តែ​ចំរើន​ដរាប​ដល់​សេចក្ដី​គ្នាន់‌ក្នាញ់​បាន​សំរេច ដ្បិត​ការ​ដែល​បាន​សំរេច​នឹង​ធ្វើ​ហើយ នោះ​ត្រូវ​ធ្វើ​ទៅ

37. វា​នឹង​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រះ​នៃ​ពួក​អយ្យកោ​វា ឬ​ចំពោះ​បំណង​ចិត្ត​របស់​ពួក​ស្រីៗ​ទេ ក៏​មិន​កោត‌ខ្លាច​ដល់​ព្រះ​ណា​ផង ដ្បិត​វា​នឹង​ដំកើង​ខ្លួន​ជា​ធំ​លើស​ជាង​ទាំង​អស់

38. ទោះ​បើ​យ៉ាង​នោះ គង់​តែ​វា​នឹង​គោរព​តាម​ព្រះ​នៃ​បន្ទាយ​ដែរ ហើយ​ឯ​ព្រះ​១​ដែល​ពួក​អយ្យកោ​វា​មិន​បាន​ស្គាល់​សោះ នោះ​វា​នឹង​គោរព​ដោយ​មាស ប្រាក់ និង​ត្បូង​មាន​តំឡៃ ហើយ​នឹង​របស់​ថ្លៃ​វិសេស

39. គឺ​ដោយ​ព្រះ​ដទៃ​នោះ ដែល​វា​នឹង​ឈ្នះ​ទី​មាំ‌មួន​របស់​សាសន៍​ផ្សេងៗ ឯ​អ្នក​ណា​ដែល​នឹង​យល់​ខាង​ខ្លួន នោះ​វា​នឹង​លើក​ឲ្យ​មាន​សក្តិ‌យស​ជា​ធំ​ឡើង ហើយ​នឹង​តាំង​ឲ្យ​គេ​គ្រប់‌គ្រង​លើ​មនុស្ស​ជា​ច្រើន ព្រម​ទាំង​ចែក​ឲ្យ​ដល់​គេ​ទុក​ជា​រង្វាន់​ផង។

40. លុះ​ដល់​គ្រា​ចុង​បំផុត នោះ​ស្តេច​ខាង​ត្បូង​នឹង​ត‌យុទ្ធ​នឹង​វា តែ​ស្តេច​ខាង​ជើង​នឹង​មក​ទាស់​នឹង​ទ្រង់​ដូច​ជា​ខ្យល់​កួច មាន​ទាំង​រទេះ​ចំបាំង ពល​សេះ និង​នាវា​ជា​ច្រើន វា​នឹង​លុក​ចូល​ក្នុង​ប្រទេស​ដទៃ​ទាំង​ប៉ុន្មាន ទាំង​សាយ​ចេញ​ដូច​ជា​ទឹក​ជន់ រួច​បង្ហួស​ទៅ

41. វា​នឹង​ចូល​ទៅ​ក្នុង​ស្រុក​ឧត្តម​ដែរ ហើយ​មនុស្ស​ជា​ច្រើន​នឹង​ត្រូវ​ផ្តួល​ចុះ តែ​សាសន៍​ទាំង​នេះ នឹង​បាន​រួច​ពី​កណ្តាប់​ដៃ​វា គឺ​អេដំម ម៉ូអាប់ និង​ពួក​សំខាន់​ក្នុង​កូន​ចៅ​អាំម៉ូន

42. វា​នឹង​លូក​ដៃ​ទៅ​លើ​ប្រទេស​ទាំង​អស់ ហើយ​ស្រុក​អេស៊ីព្ទ​ក៏​មិន​បាន​រួច​ដែរ

43. គឺ​វា​នឹង​គ្រប់‌គ្រង​លើ​អស់​ទាំង​មាស និង​ប្រាក់ ជា​ព្រះ‌រាជ​ទ្រព្យ និង​លើ​គ្រប់​ទាំង​របស់​មាន​ដំឡៃ​នៅ​ស្រុក​អេស៊ីព្ទ ឯ​ពួក​សាសន៍​លីប៊ី និង​សាសន៍​អេធីយ៉ូពី គេ​នឹង​ជាប់​តាម‌ដាន​ជើង​វា

44. តែ​ដំណឹង​ដែល​នឹង​ចេញ​ពី​ស្រុក​ខាង​កើត ហើយ​ពី​ខាង​ជើង និង​នាំ​ឲ្យ​វា​វិតក្ក​ព្រួយ ដូច្នេះ​វា​នឹង​ចេញ​ទៅ ដោយ​សេចក្ដី​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង ដើម្បី​នឹង​បំផ្លាញ ហើយ​រំលាង​មនុស្ស​ជា​ច្រើន​បង់

សូមអានជំពូកពេញលេញ ដានីយ៉ែល 11