គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 11:12-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. កាល​ណា​បាន​ឈ្នះ​ពល​ទ័ព​របស់​គេ​ហើយ នោះ​ទ្រង់​នឹង​មាន​ព្រះ‌ទ័យ​ប៉ោង​ឡើង រួច​ទ្រង់​នឹង​សំឡាប់​ពួក​គេ​ទាំង​ម៉ឺនៗ តែ​ត​ទៅ​នឹង​ឈ្នះ​មិន​បាន​ទេ

13. ដ្បិត​ស្តេច​ខាង​ជើង​នឹង​វិល​ត្រឡប់​មក​វិញ នាំ​ទាំង​ពល​ទ័ព​យ៉ាង​សន្ធឹក​លើស​ជាង​ជាន់​មុន​ទៅ​ទៀត ហើយ​ក្រោយ​បន្តិច​ទៅ គឺ​ក្រោយ​ប្រមាណ​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ ទ្រង់​នឹង​នាំ​ពល​ទ័ព​យ៉ាង​ធំ និង​គ្រឿង​ចំបាំង​យ៉ាង​សន្ធឹក​មក

14. នៅ​គ្រា​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​តាំង​ខ្លួន​ឡើង ទាស់​នឹង​ស្តេច​ខាង​ត្បូង ឯ​ក្នុង​សាសន៍​របស់​អ្នក ក៏​នឹង​មាន​ពួក​មនុស្ស​ច្រឡោត​ខ្លះ​លើក​ខ្លួន​ឡើង​ដែរ ដើម្បី​នឹង​សំរេច​ការ​ជាក់​ស្តែង​នេះ តែ​គេ​នឹង​ត្រូវ​ដួល​ចុះ​ទេ

15. យ៉ាង​នោះ ស្តេច​ខាង​ជើង​នឹង​មក​ជីក​ស្នាម​ភ្លោះ ហើយ​ចាប់​យក​បាន​ទី​ក្រុង​ដែល​មាន​គ្រឿង​ការ‌ពារ​ជា​បរិបូរ ឯ​ពល​ទ័ព​របស់​ស្រុក​ខាង​ត្បូង និង​ធន់​នៅ​មិន​បាន ព្រម​ទាំង​ពល​ជ្រើស‌រើស​របស់​ស្តេច​នោះ​ផង ក៏​នឹង​គ្មាន​កំឡាំង​ល្មម​ទប់‌ទល់​ឡើយ

16. គឺ​ស្តេច​ដែល​លុក​ចូល​មក​ច្បាំង​នោះ នឹង​ធ្វើ​តាម​តែ​អំពើ​ចិត្ត ឥត​មាន​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ​ទ្រង់​បាន​ឡើយ ទ្រង់​នឹង​ឈរ​នៅ​ក្នុង​ស្រុក​ដ៏​ឧត្តម ទាំង​មាន​អំណាច​បំផ្លាញ​នៅ​ក្នុង​កណ្តាប់​ដៃ​ផង

17. ហើយ​ទ្រង់​នឹង​មាន​គំនិត​គិត​នាំ​កំឡាំង​នៃ​រាជ្យ​ទ្រង់​ទាំង​អស់​មក​ទៀត តែ​ទ្រង់​បែរ​ជា​តាំង​ស្ពាន​មេត្រី​វិញ ហើយ​ក៏​សំរេច​តាម​នោះ រួច​លើក​បុត្រី​ខ្លួន ឲ្យ​ដល់​ស្តេច​ខាង​ត្បូង ដើម្បី​នឹង​គិត​បំផ្លាញ​ទ្រង់ តែ​នាង​មិន​ចូល​គំនិត ឬ​សំរេច​តាម​បំណង​បិតា​ឡើយ

18. ក្រោយ​នោះ​មក​ទ្រង់​នឹង​បែរ​ព្រះ‌ភក្ត្រ​ទៅ​ខាង​កោះ​សមុទ្រ​ទាំង​ប៉ុន្មាន ហើយ​នឹង​ចាប់​យក​បាន​ជា​ច្រើន​ដែរ តែ​នឹង​មាន​ទ័ព​១​កំចាត់​សេចក្ដី​អាម៉ាស់​ខ្មាស ចំពោះ​ស្តេច​នោះ​ចេញ អើ មួយ​ទៀត នឹង​ទំលាក់​សេចក្ដី​អាម៉ាស់​ខ្មាស​នោះ​ទៅ​លើ​ទ្រង់​វិញ

19. នោះ​ទ្រង់​នឹង​បែរ​មុខ​ទៅ​ឯ​បន្ទាយ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន តែ​ទ្រង់​នឹង​ចំពប់​ដួល ឥត​មាន​អ្នក​ណា​ឃើញ​ទៀត​ឡើយ។

20. បន្ទាប់​នោះ​មក នឹង​មាន​ស្តេច​១​សោយ‌រាជ្យ​ឡើង​ជំនួស ជា​អ្នក​ដែល​នឹង​ចាត់​ភ្នាក់‌ងារ ឲ្យ​ដើរ​កាត់​ស្រុក​រុងរឿង​ក្នុង​នគរ ដើម្បី​រ៉ឹង​ទារ​សួយ តែ​ក្រោយ​មក​មិន​យូរ​ថ្ងៃ ស្ដេច​នោះ​នឹង​ត្រូវ​បំផ្លាញ​ទៅ មិន​មែន​ក្នុង​ការ​កំហឹង ឬ​ការ​សង្គ្រាម​នោះ​ទេ

21. រួច​នឹង​មាន​ម្នាក់​ដែល​គួរ​ស្អប់​ខ្ពើម​តាំង​ខ្លួន​ឡើង​ជំនួស​ទ្រង់ ឥត​មាន​អ្នក​ណា​ប្រគល់​រាជ‌សក្តិ​ដល់​អ្នក​នោះ​ឡើយ គឺ​នឹង​ចូល​មក ក្នុង​គ្រា​សុខ‌សាន្ត ជែង​យក​រាជ្យ​ដោយ​សេចក្ដី​បញ្ចើច​វិញ

22. ឯ​ពល​ទ័ព​ដ៏​មាន​ជ័យ​នឹង​ត្រូវ​ចុះ​ចាញ់​នៅ​ចំពោះ​អ្នក​នោះ ហើយ​នឹង​ត្រូវ​បាក់​បែក​អស់​ទៅ អើ ទោះ​ទាំង​សំដេច​សង្ឃ​នៃ​សេចក្ដី​សញ្ញា​ផង

23. ក្រោយ​ដែល​គេ​បាន​តាំង​សញ្ញា​នឹង​អ្នក​នោះ​ហើយ នោះ​វា​នឹង​ប្រព្រឹត្ត​ដោយ​ឧបាយ‌កល ដ្បិត​វា​នឹង​ឡើង​មក ហើយ​នឹង​មាន​កំឡាំង​ឡើង ដោយ​មាន​គ្នា​តែ​បន្តិច​ប៉ុណ្ណោះ

24. គឺ​នៅ​ក្នុង​គ្រា​សុខ‌សាន្ត ដែល​វា​នឹង​ឡើង​មក​ឯ​កន្លែង​ដ៏​ល្អ​បំផុត​ក្នុង​ដែន​ខេត្ត ហើយ​វា​នឹង​ធ្វើ​ការ​ដែល​ពួក​អយ្យកោ​វា​តៗ​មក​មិន​ដែល​ធ្វើ​ឡើយ គឺ​វា​នឹង​យក​របឹប និង​របស់​ដែល​ប្លន់​បាន ហើយ​ទ្រព្យ​សម្បត្តិ​ផ្សេងៗ កំចាយ​ដល់​គេ អើ វា​នឹង​បង្កើត​កិច្ច‌កល​របស់​វា ទាស់​នឹង​ទី​មាំ‌មួន នៅ​រវាង​១​ពេល

25. វា​នឹង​ដាស់​កំឡាំង និង​សេចក្ដី​អង់‌អាច​របស់​វា​ឡើង ទាស់​នឹង​ស្តេច​ខាង​ត្បូង ដោយ​មាន​ពល​ទ័ព​យ៉ាង​សន្ធឹក ហើយ​ស្តេច​ខាង​ត្បូង​នឹង​មក​ច្បាំង​នឹង​វា មាន​ពល​ទ័ព​យ៉ាង​សន្ធឹក ហើយ​ខ្លាំង​ពូកែ​ផង តែ​នឹង​ទប់‌ទល់​មិន​បាន​ទេ ពី​ព្រោះ​នឹង​មាន​គេ​បង្កើត​កិច្ច‌កល​ទាស់​នឹង​ទ្រង់

26. អើ អ្នក​១​ដែល​ធ្លាប់​ស៊ី​ចំណី​របស់​ទ្រង់​នឹង​បំផ្លាញ​ទ្រង់​បង់ ហើយ​កង‌ទ័ព​របស់​ទ្រង់​នឹង​បែក‌ខ្ញែក​រត់​ទៅ​តែ‌ពាស ក៏​នឹង​មាន​ជា​ច្រើន​ដួល​ស្លាប់​ដែរ

សូមអានជំពូកពេញលេញ ដានីយ៉ែល 11