10. រួចមកពួកកូនចៅរបស់ស្តេចនោះនឹងធ្វើចំបាំង គឺនឹងប្រមូលកងទ័ពយ៉ាងធំជាច្រើន កងទ័ពនោះនឹងចេញទៅសាយពេញពាស ហើយដើរកាត់ស្រុកទៅច្បាំង រហូតដល់បន្ទាយរបស់គេ
11. គ្រានោះ ស្តេចខាងត្បូងនឹងមានសេចក្ដីក្រេវក្រោធឆុរឆេវឡើង ចេញទៅតយុទ្ធនឹងស្តេចខាងជើង គឺនឹងដំរៀបពលទ័ពយ៉ាងសន្ធឹក ហើយពលទ័ពរបស់គេ នឹងត្រូវប្រគល់មកក្នុងកណ្តាប់ដៃនៃស្តេចខាងត្បូង
12. កាលណាបានឈ្នះពលទ័ពរបស់គេហើយ នោះទ្រង់នឹងមានព្រះទ័យប៉ោងឡើង រួចទ្រង់នឹងសំឡាប់ពួកគេទាំងម៉ឺនៗ តែតទៅនឹងឈ្នះមិនបានទេ
13. ដ្បិតស្តេចខាងជើងនឹងវិលត្រឡប់មកវិញ នាំទាំងពលទ័ពយ៉ាងសន្ធឹកលើសជាងជាន់មុនទៅទៀត ហើយក្រោយបន្តិចទៅ គឺក្រោយប្រមាណប៉ុន្មានឆ្នាំទៅមុខ ទ្រង់នឹងនាំពលទ័ពយ៉ាងធំ និងគ្រឿងចំបាំងយ៉ាងសន្ធឹកមក
14. នៅគ្រានោះ នឹងមានមនុស្សជាច្រើនតាំងខ្លួនឡើង ទាស់នឹងស្តេចខាងត្បូង ឯក្នុងសាសន៍របស់អ្នក ក៏នឹងមានពួកមនុស្សច្រឡោតខ្លះលើកខ្លួនឡើងដែរ ដើម្បីនឹងសំរេចការជាក់ស្តែងនេះ តែគេនឹងត្រូវដួលចុះទេ
15. យ៉ាងនោះ ស្តេចខាងជើងនឹងមកជីកស្នាមភ្លោះ ហើយចាប់យកបានទីក្រុងដែលមានគ្រឿងការពារជាបរិបូរ ឯពលទ័ពរបស់ស្រុកខាងត្បូង និងធន់នៅមិនបាន ព្រមទាំងពលជ្រើសរើសរបស់ស្តេចនោះផង ក៏នឹងគ្មានកំឡាំងល្មមទប់ទល់ឡើយ
16. គឺស្តេចដែលលុកចូលមកច្បាំងនោះ នឹងធ្វើតាមតែអំពើចិត្ត ឥតមានអ្នកណាអាចនឹងឈរនៅមុខទ្រង់បានឡើយ ទ្រង់នឹងឈរនៅក្នុងស្រុកដ៏ឧត្តម ទាំងមានអំណាចបំផ្លាញនៅក្នុងកណ្តាប់ដៃផង
17. ហើយទ្រង់នឹងមានគំនិតគិតនាំកំឡាំងនៃរាជ្យទ្រង់ទាំងអស់មកទៀត តែទ្រង់បែរជាតាំងស្ពានមេត្រីវិញ ហើយក៏សំរេចតាមនោះ រួចលើកបុត្រីខ្លួន ឲ្យដល់ស្តេចខាងត្បូង ដើម្បីនឹងគិតបំផ្លាញទ្រង់ តែនាងមិនចូលគំនិត ឬសំរេចតាមបំណងបិតាឡើយ
18. ក្រោយនោះមកទ្រង់នឹងបែរព្រះភក្ត្រទៅខាងកោះសមុទ្រទាំងប៉ុន្មាន ហើយនឹងចាប់យកបានជាច្រើនដែរ តែនឹងមានទ័ព១កំចាត់សេចក្ដីអាម៉ាស់ខ្មាស ចំពោះស្តេចនោះចេញ អើ មួយទៀត នឹងទំលាក់សេចក្ដីអាម៉ាស់ខ្មាសនោះទៅលើទ្រង់វិញ
19. នោះទ្រង់នឹងបែរមុខទៅឯបន្ទាយនៅក្នុងស្រុករបស់ខ្លួន តែទ្រង់នឹងចំពប់ដួល ឥតមានអ្នកណាឃើញទៀតឡើយ។
20. បន្ទាប់នោះមក នឹងមានស្តេច១សោយរាជ្យឡើងជំនួស ជាអ្នកដែលនឹងចាត់ភ្នាក់ងារ ឲ្យដើរកាត់ស្រុករុងរឿងក្នុងនគរ ដើម្បីរ៉ឹងទារសួយ តែក្រោយមកមិនយូរថ្ងៃ ស្ដេចនោះនឹងត្រូវបំផ្លាញទៅ មិនមែនក្នុងការកំហឹង ឬការសង្គ្រាមនោះទេ
21. រួចនឹងមានម្នាក់ដែលគួរស្អប់ខ្ពើមតាំងខ្លួនឡើងជំនួសទ្រង់ ឥតមានអ្នកណាប្រគល់រាជសក្តិដល់អ្នកនោះឡើយ គឺនឹងចូលមក ក្នុងគ្រាសុខសាន្ត ជែងយករាជ្យដោយសេចក្ដីបញ្ចើចវិញ