គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 10:3-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ខ្ញុំ​មិន​បាន​ទទួល​ទាន​អ្វី​ដែល​ត្រូវ​ចំណុច​ចិត្ត ក៏​មិន​មាន​សាច់ ឬ​ស្រា​ទំពាំង‌បាយ‌ជូរ ចូល​មក​ក្នុង​មាត់​ខ្ញុំ​ឡើយ ខ្ញុំ​ក៏​មិន​បាន​អប់​ខ្លួន​ដែរ ដរាប​ដល់​ផុត​៣​អាទិត្យ​នោះ​ទៅ

4. លុះ​ដល់​ថ្ងៃ​២៤​ខែ​ចេត្រ កាល​ខ្ញុំ​នៅ​មាត់​ទន្លេ​ធំ គឺ​ជា​ទន្លេ​ហ៊ីដេ‌កែល

5. នោះ​ខ្ញុំ​បាន​ងើប​ភ្នែក​មើល​ទៅ ឃើញ​មាន​មនុស្ស​ម្នាក់​ស្លៀក‌ពាក់​ដោយ​សំពត់​ទេស‌ឯក ហើយ​ក្រវាត់​ចង្កេះ​ដោយ​មាស​សុទ្ធ​ពី​ស្រុក​អ៊ូផាស

6. រូប​កាយ​របស់​អ្នក​នោះ​មើល​ទៅ​ដូច​ជា​ត្បូង​បេរីល ហើយ​មុខ​មាន​ភាព​ដូច​ជា​ផ្លេក‌បន្ទោរ ឯ​ភ្នែក​ក៏​ដូច​ជា​ចន្លុះ​ដែល​ឆេះ ដៃ និង​ជើង​ដូច​ជា​លង្ហិន​ខាត់​យ៉ាង​ភ្លឺ ហើយ​សូរ​សំឡេង​របស់​អ្នក​នោះ​ដូច​ជា​សូរ​នៃ​ជំនុំ​មនុស្ស​យ៉ាង​ធំ

7. គឺ​ខ្ញុំ ដានី‌យ៉ែល​តែ​ឯង​ដែល​ឃើញ​ការ​ជាក់​ស្តែង​នោះ ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ​ឥត​បាន​ឃើញ​ទេ តែ​គេ​កើត​មាន​សេចក្ដី​ភ័យ​ញ័រ​ជា​ខ្លាំង ហើយ​ក៏​រត់​ទៅ​ពួន​ខ្លួន

8. ដូច្នេះ ខ្ញុំ​ត្រូវ​ចោល​ឲ្យ​នៅ​តែ​ឯង ខ្ញុំ​ក៏​ឃើញ​ការ​ជាក់​ស្តែង​យ៉ាង​ធំ​នោះ ហើយ​បាន​ខ្សោះ​ល្វើយ​ទៅ ទឹក​មុខ​ខ្ញុំ​ក៏​ផ្លាស់​ប្រែ​ទៅ​ជា​ស្លេក‌ស្លាំង​ហើយ​ខ្ញុំ​ឥត​មាន​កំឡាំង​នៅ​សល់​ឡើយ

9. ប៉ុន្តែ​ខ្ញុំ​ឮ​សំឡេង​នៃ​ពាក្យ​របស់​អ្នក​នោះ​បាន កាល​ខ្ញុំ​បាន​ឮ​សំឡេង​នៃ​ពាក្យ​នោះ​រួច​ហើយ នោះ​ខ្ញុំ​ក៏​លង់​ស្មារតី​ទៅ មាន​មុខ​ផ្កាប់​ចុះ​ដល់​ដី។

10. នោះ​មាន​ដៃ​១​ពាល់​ខ្ញុំ ឲ្យ​ខ្ញុំ​ញ័រ​ងើប​ឡើង ដោយ​ជង្គង់ និង​បាត​ដៃ

11. រួច​ក៏​ពោល​មក​ខ្ញុំ​ថា ឱ​ដានី‌យ៉ែល​ជា​អ្នក​សំណប់​យ៉ាង​សំខាន់​អើយ ចូរ​យល់​ពាក្យ ដែល​យើង​ប្រាប់​អ្នក ហើយ​ឈរ​ឲ្យ​ត្រង់​ឡើង​ចុះ ពី​ព្រោះ​យើង​ត្រូវ​ចាត់​មក​ឯ​អ្នក កាល​លោក​បាន​ពោល​ពាក្យ​ទាំង​នោះ​មក​ខ្ញុំ​ហើយ នោះ​ខ្ញុំ​ក៏​ឈរ​នៅ​ទាំង​ញាប់‌ញ័រ

12. រួច​លោក​ប្រាប់​ខ្ញុំ​ថា ដានី‌យ៉ែល​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​ចាប់​តាំង​ពី​ថ្ងៃ​មុន​ដំបូង ដែល​អ្នក​បាន​តាំង​ចិត្ត​រក​យល់ ហើយ​បន្ទាប​ខ្លួន​ចុះ នៅ​ចំពោះ​ព្រះ​នៃ​អ្នក នោះ​ពាក្យ​របស់​អ្នក​ក៏​បាន​ឮ​ហើយ រួច​យើង​ក៏​បាន​មក ដោយ​ព្រោះ​ពាក្យ​នោះ

13. ប៉ុន្តែ​ម្ចាស់​ដ៏​ធំ​នៃ​នគរ​ពើស៊ី បាន​ឃាត់​យើង​អស់​២១​ថ្ងៃ តែ​មើល មីកែល ជា​ពួក​មហា​ទេវតា​១​បាន​មក​ជួយ​យើង​យ៉ាង​នោះ យើង​បាន​នៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​ស្តេច​ពើស៊ី​ទៅ

14. ឥឡូវ​នេះ​បាន​មក ដើម្បី​ឲ្យ​អ្នក​យល់​ពី​ការ​ដែល​ត្រូវ​កើត​ដល់​សាសន៍​អ្នក នៅ​គ្រា​ក្រោយ​បង្អស់ ដ្បិត​ការ​ជាក់​ស្តែង​នេះ​សំដៅ​ដល់​យូរ​ថ្ងៃ​ទៅ​ខាង​មុខ

15. លុះ​កាល​លោក​បាន​និយាយ​មក​ខ្ញុំ តាម​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ខ្ញុំ​ក៏​ឱន​មុខ​មើល​ទៅ​ដី ហើយ​បាន​គ​នៅ

សូមអានជំពូកពេញលេញ ដានីយ៉ែល 10