គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 6:15-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. និង​កញ្ច្រែង​១​ផ្ទុក​ដោយ​នំបុ័ង​ឥត​ដំបែ នំ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​លាយ​ដោយ​ប្រេង នំ​ក្រៀប​ឥត​ដំបែរ​ប្រោះ​ដោយ​ប្រេង ហើយ​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​នោះ​ផង

16. រួច​ត្រូវ​ឲ្យ​សង្ឃ​យក​ទាំង​អស់ ទៅ​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដង្វាយ​លោះ​បាប និង​ដង្វាយ​ដុត​របស់​អ្នក​នោះ​ដែរ

17. ក៏​ត្រូវ​ថ្វាយ​ចៀម​ឈ្មោល ជា​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កញ្ច្រែង​នំបុ័ង​ឥត​ដំបែ​ផង ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​ដែរ

18. នោះ​អ្នក​ន៉ាសារីត​ត្រូវ​កោរ​សក់ នៃ​ការ​ញែក​ខ្លួន​ចេញ​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ រួច​យក​សក់​ដែល​បាន​ទុក​ក្នុង​វេលា​ញែក​ខ្លួន​ចេញ​នោះ ទៅ​ដាក់​លើ​ភ្លើង​ដែល​ឆេះ​នៅ​ក្រោម​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី

19. ត្រូវ​ឲ្យ​សង្ឃ​យក​ស្មា​ចៀម ដែល​ស្ងោរ​ឆ្អិន​ហើយ និង​នំ​ឥត​ដំបែ​១ ពី​ក្នុង​កញ្ច្រែង ហើយ​នឹង​នំ​ក្រៀប​ឥត​ដំបែ​១ មក​ដាក់​នៅ​ដៃ​នៃ​អ្នក​ន៉ាសារីត​នោះ ក្រោយ​ដែល​គេ​បាន​កោរ​សក់​ហើយ

20. រួច​ត្រូវ​ឲ្យ​សង្ឃ​គ្រវី​របស់​ទាំង​នោះ ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នេះ​ជា​របស់​បរិសុទ្ធ សំរាប់​សង្ឃ​នោះ ព្រម​ទាំង​ទ្រូង ដែល​គ្រវី និង​ស្មា ដែល​លើក​ចុះ​ឡើង​ផង ក្រោយ​មក ទើប​អ្នក​ន៉ាសារីត​នោះ នឹង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បាន។

21. នេះ​ហើយ​ជា​ច្បាប់ ខាង​ឯ​ពួក​ន៉ាសារីត ដែល​បាន​បន់​បំណន់ ហើយ​ខាង​ឯ​ដង្វាយ ដែល​គេ​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ការ​ញែក​ខ្លួន​ចេញ ក្រៅ​ពី​ដង្វាយ​ណា​ដែល​គេ​យក​មក​បាន តាម​បំណន់​ដែល​គេ​បន់​នោះ គឺ​យ៉ាង​នោះ​ដែល​ត្រូវ​ធ្វើ​តាម​ច្បាប់​នៃ​ការ​ញែក​ខ្លួន​ចេញ។

22. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

23. ឲ្យ​ប្រាប់​ដល់​អើរ៉ុន និង​ពួក​កូន​លោក​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ឲ្យ​ពរ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដោយ​ពាក្យ​យ៉ាង​នេះ គឺ​ត្រូវ​ពោល​នឹង​គេ​ថា

24. សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ ហើយ​រក្សា​ឯង

25. សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក​ដល់​ឯង ព្រម​ទាំង​ផ្តល់​ព្រះ‌គុណ​ដល់​ឯង​ផង

26. សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ងើប​ព្រះ‌នេត្រ​ទ្រង់​មក​ចំពោះ​ឯង ហើយ​ប្រទាន​ឲ្យ​ឯង​បាន​សេចក្ដី​សុខ

27. គឺ​យ៉ាង​ដូច្នោះ​ដែល​ត្រូវ​ដាក់​ឈ្មោះ​អញ​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​អញ​នឹង​ឲ្យ​ពរ​ដល់​គេ។

សូមអានជំពូកពេញលេញ ជនគណនា 6