គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 5:4-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ដូច្នេះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​យ៉ាង​នោះ គឺ​គេ​ឲ្យ​ពួក​អ្នក​ទាំង​នោះ​ចេញ​ទៅ​ក្រៅ​ទី​ដំឡើង​ត្រសាល​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​សំរេច​ដូច្នោះ។

5. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា

6. បើ​កាល​ណា​មនុស្ស​ប្រុស​ឬ​ស្រី នឹង​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​អ្នក​ណា ទាំង​ប្រព្រឹត្ត​រំលង​ចំពោះ​ព្រះ‌យេហូវ៉ា​ផង ហើយ​មាន​ទោស​ដូច្នោះ

7. នោះ​ត្រូវ​ឲ្យ​លន់‌តួ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ប្រគល់​អ្វីៗ​នោះ​ទៅ​វិញ​ទាំង​មូល ព្រម​ទាំង​ថែម​១​ភាគ​ក្នុង​៥​ទៀត ឲ្យ​ដល់​អ្នក​ដែល​ខ្លួន​មាន​ទោស​ចំពោះ​គេ​ផង

8. តែ​បើ​គ្មាន​អ្នក​ណា​មាន​ច្បាប់​នឹង​ទទួល​សំណង​ដែល​ខ្លួន​សង ដើម្បី​នឹង​លោះ​បាប​ខ្លួន​នោះ​ទេ នោះ​សំណង​ដែល​សង​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ទោស​ខ្លួន នឹង​ត្រូវ​បាន​ជា​របស់​សង្ឃ​វិញ ព្រម​ទាំង​ពពែ​ឈ្មោល​ដែល​សំរាប់​ឲ្យ​ធួន​នឹង​បាប ដែល​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​ខ្លួន​នោះ​ផង

9. ហើយ​គ្រប់​ទាំង​ដង្វាយ​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង ពី​ដង្វាយ​បរិសុទ្ធ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​គេ​នាំ​យក​មក​ប្រគល់​ដល់​សង្ឃ នោះ​ត្រូវ​បាន​ជា​របស់​ផង​លោក

10. ហើយ​អស់​ទាំង​របស់​អ្វី​ដែល​មនុស្ស​ណា​នឹង​ញែក​ជា​បរិសុទ្ធ គឺ​របស់​ណា​ក៏​ដោយ​ដែល​មនុស្ស​នឹង​ប្រគល់​ដល់​សង្ឃ នោះ​ត្រូវ​បាន​ជា​របស់​ផង​លោក​ហើយ។

11. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

12. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា បើ​ប្រពន្ធ​របស់​អ្នក​ណា​បែរ​ចេញ​ទៅ​ប្រព្រឹត្ត​ក្បត់​នឹង​ប្ដី

13. ហើយ​មាន​អ្នក​ណា​សេព‌សម្ភព​នឹង​នាង តែ​ការ​នោះ​នៅ​កំបាំង​នឹង​ភ្នែក​ប្ដី ឥត​អ្នក​ណា​មួយ​ដឹង​សោះ គឺ​នាង​បាន​ទៅ​ជា​សៅ‌ហ្មង ដោយ​ស្ងាត់​កំបាំង ហើយ​គ្មាន​អ្នក​ធ្វើ​បន្ទាល់​ទាស់​នឹង​នាង ក៏​គ្មាន​អ្នក​ណា​មួយ​បាន​ទាន់​ដែរ

14. រួច​ប្ដី​កើត​មាន​ចិត្ត​ប្រចណ្ឌ​នឹង​ប្រពន្ធ ដោយ​មាន​សេចក្ដី​សង្ស័យ ហើយ​នាង​ក៏​សៅ‌ហ្មង​មែន ឬ​បើ​ប្ដី​កើត​មាន​ចិត្ត​ប្រចណ្ឌ ដោយ​មាន​សេចក្ដី​សង្ស័យ តែ​ប្រពន្ធ​មិន​បាន​សៅ‌ហ្មង​ទេ

15. នោះ​ប្ដី​ត្រូវ​នាំ​ប្រពន្ធ​ខ្លួន​ទៅ​ឯ​សង្ឃ ព្រម​ទាំង​យក​ដង្វាយ ជា​ម្សៅ​ឱក​១​ខ្ញឹង​សំរាប់​ប្រពន្ធ​ផង មិន​ត្រូវ​ចាក់​ប្រេង ឬ​ដាក់​កំញាន​ពី​លើ​ទេ ដ្បិត​ជា​ដង្វាយ​ខាង​ឯ​សេចក្ដី​ប្រចណ្ឌ ទុក​ជា​ដង្វាយ​រំឭក សំរាប់​នឹង​រំឭក​ពី​អំពើ​ដ៏​លាមក

16. ត្រូវ​ឲ្យ​សង្ឃ​នាំ​នាង​នោះ​មក​ជិត ឲ្យ​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

17. រួច​ត្រូវ​យក​ទឹក​បរិសុទ្ធចាក់​ក្នុង​ចាន​ដី ហើយ​យក​ធូលី​ដី​ក្នុង​រោង​ឧបោសថ​ដាក់​ចុះ​ក្នុង​ទឹក​នោះ

18. ត្រូវ​ឲ្យ​សង្ឃ​ឲ្យ​នាង​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​បើក​ក្បាល​នៅ​ទទេ រួច​ត្រូវ​ដាក់​ជា​ដង្វាយ​រំឭក គឺ​ជា​ដង្វាយ​ខាង​ឯ​សេចក្ដី​ប្រចណ្ឌ​នោះ​នៅ​បាត​ដៃ​នាង ហើយ​សង្ឃ​ត្រូវ​កាន់​ទឹក​ល្វីង ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​នោះ​នៅ​ក្នុង​ដៃ

19. រួច​ត្រូវ​ឲ្យ​នាង​ស្បថ ដោយ​ប្រាប់​ថា បើ​គ្មាន​ប្រុស​ដទៃ​ណា​រួម​ដំណេក​នឹង​នាង ឬ​បើ​នាង​មិន​បាន​បែរ​ទៅ​ឯ​សេចក្ដី​សៅ‌ហ្មង ដើម្បី​នឹង​ក្បត់​ប្ដី​ទេ នោះ​ឲ្យ​នាង​រួច​ពី​ទឹក​ល្វីង ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​នេះ​ចុះ

20. តែ​បើ​នាង ដែល​នៅ​ក្រោម​អំណាច​ប្ដី បាន​បែរ​ចេញ​ទៅ​រួម​ដំណេក​នឹង​ប្រុស​ដទៃ​ណា​ក្រៅ​ពី​ប្ដី​ខ្លួន ឲ្យ​មាន​សេចក្ដី​សៅ‌ហ្មង​វិញ

21. យ៉ាង​នោះ​សង្ឃ​ត្រូវ​ឲ្យ​នាង​ស្បថ ដោយ​សម្បថ​ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា រួច​នឹង​បញ្ចេញ​វាចា​ថា សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​នាង​ទៅ​ជា​អ្នក​រង​ពាក្យ​ដំនៀល និង​ពាក្យ​ប្រមាថ​នៅ​ក្នុង​សាសន៍​របស់​ខ្លួន​ចុះ ដោយ​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​ភ្លៅ​នាង​រលួយ ហើយ​ឲ្យ​ពោះ​នាង​ហើម​ប៉ោង​ឡើង

22. ទឹក​ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​នេះ នឹង​ចូល​ទៅ​ក្នុង​ពោះ​នាង ព្រម​ទាំង​ធ្វើ​ឲ្យ​ពោះ​នាង​ហើម​ប៉ោង​ឡើង ហើយ​ឲ្យ​ភ្លៅ​នាង​រលួយ​ទៅ រួច​ស្ត្រី​នោះ​ត្រូវ​ទទួល​ថា អាម៉ែន អាម៉ែន

23. ត្រូវ​ឲ្យ​សង្ឃ​នោះ​កត់​សេចក្ដី​បណ្តាសា​ទាំង​នេះ ចុះ​ក្នុង​សៀវភៅ ហើយ​យក​ទឹក​ល្វីង​មក​លុប​ចេញ

24. រួច​ត្រូវ​ឲ្យ​នាង​ផឹក​ទឹក​ល្វីង​ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​ទៅ ទឹក​នោះ​នឹង​ចូល​ទៅ​ក្នុង​នាង ត្រឡប់​ទៅ​ជា​ល្វីង

សូមអានជំពូកពេញលេញ ជនគណនា 5