គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 4:25-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

25. ត្រូវ​ឲ្យ​គេ​សែង​ផ្ទាំង​សំពត់​ទាំង​ប៉ុន្មាន ដែល​សំរាប់​រោង​ឧបោសថ ព្រម​ទាំង​ត្រសាល​ជំនុំ និង​គំរប​នៃ​ត្រសាល គំរប​ស្បែក​ផ្សោត​ដែល​គ្រប​ពី​លើ ហើយ​នឹង​រនាំង​បាំង​មាត់​ទ្វារ​ត្រសាល​ជំនុំ

26. រនាំង​ទីលាន រនាំង​បាំង​មាត់​ទ្វារ​ទីលាន ដែល​នៅ​ព័ទ្ធ​ជុំវិញ​រោង​ឧបោសថ ហើយ​នឹង​អាស‌នា និង​អស់​ទាំង​ខ្សែ ប្រដាប់‌ប្រដា​សំរាប់​ការ‌ងារ​ទាំង​ប៉ុន្មាន ហើយ​គ្រប់​ទាំង​របស់​អ្វី​ផ្សេងៗ​ឯ​ទៀត គឺ​ការ​នោះ​ឯង​ដែល​គេ​ត្រូវ​បំរើ

27. ឯ​ក្រសួង​របស់​ពួក​កូន​ចៅ​គើសុន ក្នុង​ការ​លី‌សែង ឬ​ការ‌ងារ​អ្វី​ក្តី នោះ​ស្រេច​នៅ​អើរ៉ុន និង​ពួក​កូន​លោក គឺ​ត្រូវ​ឲ្យ​លោក​ចាត់‌ចែង​ការ​របស់​គេ​ទាំង​អស់

28. នេះ​ហើយ​ជា​ក្រសួង​នៃ​អស់​ទាំង​គ្រួសារ​របស់​ពួក​កូន​ចៅ​គើសុន ក្នុង​ត្រសាល​ជំនុំ ហើយ​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​គេ នោះ​នៅ​ក្រោម​បង្គាប់​របស់​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ។

29. ឯ​ពួក​កូន​ចៅ​ម្រ៉ារី នោះ​ត្រូវ​រាប់​គេ​តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ

30. ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន

31. នេះ​ជា​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​គេ​ឲ្យ​លី​សែង តាម​ក្រសួង​គេ​ក្នុង​ត្រសាល​ជំនុំ គឺ​ក្តារ​របស់​រោង​ឧបោសថ ព្រម​ទាំង​រនុក សសរ ហើយ​នឹង​ជើង

32. សសរ​ទីលាន​ដែល​នៅ​ជុំវិញ និង​ជើង ចំរ៉ឹង ខ្សែ ព្រម​ទាំង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន ហើយ​នឹង​របស់​ទាំង​អស់​ដែល​សំរាប់​គាំពារ​ផង ត្រូវ​ឲ្យ​ឯង​ដំរូវ​ដោយ​ឈ្មោះ​ប្រដាប់‌ប្រដា ដែល​ត្រូវ​ផ្ញើ​ទុក​ឲ្យ​គេ​លី‌សែង

33. នេះ​ហើយ​ជា​ក្រសួង​នៃ​អស់​ទាំង​គ្រួសារ​ពួក​កូន​ចៅ​ម្រ៉ារី តាម​ការ‌ងារ​គេ​ទាំង​ប៉ុន្មាន​ក្នុង​ត្រសាល​ជំនុំ ដែល​នៅ​ក្រោម​បង្គាប់​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ។

34. រួច​ម៉ូសេ អើរ៉ុន និង​ពួក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ​ទាំង​ប៉ុន្មាន ក៏​រាប់​ពួក​កូន​ចៅ​កេហាត់ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ

35. ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ‌ងារ​បំរើ​ក្នុង​ត្រសាល​ជំនុំ​បាន

សូមអានជំពូកពេញលេញ ជនគណនា 4