គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 4:16-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ឯ​អេលាសារ​ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ នោះ​ត្រូវ​ត្រួត​ខាង​ប្រេង​សំរាប់​ចង្កៀង គ្រឿង​ក្រអូប ដង្វាយ​ម្សៅ​ដែល​ថ្វាយ​ជានិច្ច និង​ប្រេង​ចាក់​លាប ហើយ​ត្រូវ​ត្រួត‌ត្រា​លើ​រោង​ឧបោសថ​ទាំង​មូល ព្រម​ទាំង​ប្រដាប់‌ប្រដា​នៅ​ក្នុង​រោង​នោះ​ទាំង​ប៉ុន្មាន និង​ទី​បរិសុទ្ធ ហើយ​ប្រដាប់‌ប្រដា​សំរាប់​ទី​នោះ​ផង។

17. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា

18. កុំ​ឲ្យ​កាត់​ពូជ​គ្រួសារ​កេហាត់​ឲ្យ​បាត់​ពី​ពួក​លេវី​ឡើយ

19. គឺ​ត្រូវ​ធ្វើ​នឹង​គេ​យ៉ាង​នេះ​វិញ ដើម្បី​ឲ្យ​គេ​រស់​នៅ ឥត​ត្រូវ​ស្លាប់​ឡើយ ក្នុង​កាល​ដែល​គេ​ចូល​ទៅ​ឯ​របស់​ទាំង​ប៉ុន្មាន ដែល​បរិសុទ្ធ​បំផុត គឺ​ត្រូវ​ឲ្យ​អើរ៉ុន និង​ពួក​កូន​លោក ចូល​ទៅ​ដំរូវ​ការ‌ងារ និង​បន្ទុក​ឲ្យ​គេ​រៀង​ខ្លួន

20. តែ​មិន​ត្រូវ​ឲ្យ​គេ​ចូល​ទៅ​មើល កំពុង​ដែល​គ្រប​របស់​បរិសុទ្ធ​ទាំង​ប៉ុន្មាន​ឡើយ ក្រែង​ត្រូវ​ស្លាប់។

21. ព្រះ‌យេហូវ៉ា ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា

22. ចូរ​រាប់​ចំនួន​នៃ​ពួក​កូន​ចៅ​គើសុន​ដែរ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ

23. ត្រូវ​រាប់​គេ​ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន

24. ឯ​ក្រសួង​របស់​ពួក​គ្រួសារ​គើសុន នោះ​គឺ​ជា​ការ​បំរើ និង​ការ​លី‌សែង​ផង

25. ត្រូវ​ឲ្យ​គេ​សែង​ផ្ទាំង​សំពត់​ទាំង​ប៉ុន្មាន ដែល​សំរាប់​រោង​ឧបោសថ ព្រម​ទាំង​ត្រសាល​ជំនុំ និង​គំរប​នៃ​ត្រសាល គំរប​ស្បែក​ផ្សោត​ដែល​គ្រប​ពី​លើ ហើយ​នឹង​រនាំង​បាំង​មាត់​ទ្វារ​ត្រសាល​ជំនុំ

26. រនាំង​ទីលាន រនាំង​បាំង​មាត់​ទ្វារ​ទីលាន ដែល​នៅ​ព័ទ្ធ​ជុំវិញ​រោង​ឧបោសថ ហើយ​នឹង​អាស‌នា និង​អស់​ទាំង​ខ្សែ ប្រដាប់‌ប្រដា​សំរាប់​ការ‌ងារ​ទាំង​ប៉ុន្មាន ហើយ​គ្រប់​ទាំង​របស់​អ្វី​ផ្សេងៗ​ឯ​ទៀត គឺ​ការ​នោះ​ឯង​ដែល​គេ​ត្រូវ​បំរើ

27. ឯ​ក្រសួង​របស់​ពួក​កូន​ចៅ​គើសុន ក្នុង​ការ​លី‌សែង ឬ​ការ‌ងារ​អ្វី​ក្តី នោះ​ស្រេច​នៅ​អើរ៉ុន និង​ពួក​កូន​លោក គឺ​ត្រូវ​ឲ្យ​លោក​ចាត់‌ចែង​ការ​របស់​គេ​ទាំង​អស់

28. នេះ​ហើយ​ជា​ក្រសួង​នៃ​អស់​ទាំង​គ្រួសារ​របស់​ពួក​កូន​ចៅ​គើសុន ក្នុង​ត្រសាល​ជំនុំ ហើយ​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​គេ នោះ​នៅ​ក្រោម​បង្គាប់​របស់​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ។

29. ឯ​ពួក​កូន​ចៅ​ម្រ៉ារី នោះ​ត្រូវ​រាប់​គេ​តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ

សូមអានជំពូកពេញលេញ ជនគណនា 4