គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 4:1-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ និង​អើរ៉ុន​ថា

2. ចូរ​រាប់​ចំនួន​ពួក​កូន​ចៅ​កេហាត់ ញែក​គេ​ចេញ​ពី​ពួក​កូន​ចៅ​លេវី​ទាំង​ប៉ុន្មាន តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ

3. ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន

4. ឯ​ក្រសួង​របស់​ពួក​កូន​ចៅ​កេហាត់​ក្នុង​ត្រសាល​ជំនុំ នោះ​គឺ​ខាង​ឯ​របស់​បរិសុទ្ធ​បំផុត

5. កាល​ណា​ពួក​ជំនុំ​រៀប​ដំណើរ​ចេញ​ទៅ នោះ​អើរ៉ុន និង​ពួក​កូន​លោក ត្រូវ​ចូល​ទៅ​ដោះ​វាំង‌នន ដែល​បិទ​បាំង យក​ទៅ​គ្រប​លើ​ហឹប នៃ​សេចក្ដី​បន្ទាល់

6. រួច​ត្រូវ​គ្រប​ដោយ​ស្បែក​ផ្សោត ហើយ​ក្រាល​សំពត់​ពណ៌​ផ្ទៃ​មេឃ​ពី​លើ ទើប​ព្រហក​ឈើ​ស្នែង​ចូល​ទៅ

7. ត្រូវ​ឲ្យ​គេ​ក្រាល​សំពត់​ពណ៌​ផ្ទៃ​មេឃ នៅ​លើ​តុ​នៃ​នំបុ័ង​តាំង​ទុក ហើយ​ដាក់​ថាស ចាន ពែង និង​ប៉ាន់ ដែល​សំរាប់​ដង្វាយ​ច្រួច ព្រម​ទាំង​នំបុ័ង ដែល​ដាក់​ជា​អចិន្ត្រៃយ៍​នៅ​លើ​តុ​នោះ​ដែរ

8. រួច​ត្រូវ​ក្រាល​សំពត់​ពណ៌​ក្រហម​លើ​របស់​ទាំង​នោះ ទាំង​គ្រប​ដោយ​ស្បែក​ផ្សោត​ពី​លើ​ទៀត រួច​ព្រហក​ឈើ​ស្នែង​ចូល​ទៅ

9. ក៏​ត្រូវ​យក​សំពត់​ពណ៌​ផ្ទៃ​មេឃ គ្រប​ពី​លើ​ជើង​ដែល​សំរាប់​ដាក់​ចង្កៀង ព្រម​ទាំង​ចង្កៀង ឃ្នាប​ប្រឆេះ កន្ថោរ​រង​កំទេច និង​ដប​ប្រេង​ទាំង​ប៉ុន្មាន ដែល​សំរាប់​ការ​ថែ​ចង្កៀង​នោះ​ផង

10. រួច​ត្រូវ​ឲ្យ​គេ​យក​ចង្កៀង និង​ប្រដាប់​ទាំង​នោះ ដាក់​ក្នុង​ស្បែក​ផ្សោត ហើយ​ស៊ក​ឈើ​ស្នែង​ចូល

11. ឯ​អាស‌នា​មាស នោះ​ត្រូវ​ឲ្យ​ក្រាល​សំពត់​ពណ៌​ផ្ទៃ​មេឃ​នៅ​ពី​លើ ហើយ​គ្រប​ដោយ​ស្បែក​ផ្សោត រួច​ព្រហក​ឈើ​ស្នែង​ចូល​ដែរ

12. ត្រូវ​យក​ប្រដាប់‌ប្រដា​ទាំង​អស់ ដែល​សំរាប់​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទៅ​ដាក់​ក្នុង​សំពត់​ពណ៌​ផ្ទៃ​មេឃ ហើយ​គ្រប​នឹង​ស្បែក​ផ្សោត រួច​ស៊ក​ឈើ​ស្នែង​ចូល

13. ត្រូវ​កាយ​ផេះ​ពី​អាស‌នា​ចេញ ហើយ​ក្រាល​សំពត់​ពណ៌​ស្វាយ​ពី​លើ

14. ព្រម​ទាំង​ដាក់​ប្រដាប់‌ប្រដា​ដែល​សំរាប់​ប្រើ​នៅ​អាស‌នា​នេះ​ផង គឺ​ជើង‌ពាន សម ចប‌ចូក ផើង និង​អស់​ទាំង​ប្រដាប់‌ប្រដា​នៃ​អាស‌នា​នោះ រួច​ត្រូវ​ក្រាល​ស្បែក​ផ្សោត​ពី​លើ ហើយ​ព្រហក​ឈើ​ស្នែង​ចូល

15. កាល​ណា​អើរ៉ុន និង​ពួក​កូន​លោក​បាន​គ្រប​ទី​បរិសុទ្ធ ព្រម​ទាំង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន​ជា​ស្រេច​ហើយ ក្នុង​វេលា​ដែល​ពួក​ជំនុំ​រៀប​ដំណើរ​ចេញ​ទៅ នោះ​ពួក​កូន​ចៅ​កេហាត់ ត្រូវ​មក​លី‌សែង​របស់​ទាំង​នោះ តែ​មិន​ត្រូវ​ឲ្យ​ពាល់​ដល់​បរិសុទ្ធ​ណា​មួយ​ឡើយ ក្រែង​ត្រូវ​ស្លាប់ របស់​ទាំង​នោះ​ជា​បន្ទុក​លើ​ពួក​កូន​ចៅ​កេហាត់​ក្នុង​ត្រសាល​ជំនុំ។

16. ឯ​អេលាសារ​ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ នោះ​ត្រូវ​ត្រួត​ខាង​ប្រេង​សំរាប់​ចង្កៀង គ្រឿង​ក្រអូប ដង្វាយ​ម្សៅ​ដែល​ថ្វាយ​ជានិច្ច និង​ប្រេង​ចាក់​លាប ហើយ​ត្រូវ​ត្រួត‌ត្រា​លើ​រោង​ឧបោសថ​ទាំង​មូល ព្រម​ទាំង​ប្រដាប់‌ប្រដា​នៅ​ក្នុង​រោង​នោះ​ទាំង​ប៉ុន្មាន និង​ទី​បរិសុទ្ធ ហើយ​ប្រដាប់‌ប្រដា​សំរាប់​ទី​នោះ​ផង។

17. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា

សូមអានជំពូកពេញលេញ ជនគណនា 4