គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 35:12-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សំរាប់​ជា​ទី​ពំនាក់ ឲ្យ​ឯង​រាល់​គ្នា​បាន​រួច​ពី​អ្នក​ដែល​សង‌សឹក​ចេញ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​សំឡាប់​គេ បាន​ត្រូវ​ស្លាប់​ឡើយ ដរាប​ដល់​បាន​ជំនុំ‌ជំរះ​នៅ​មុខ​ពួក​ជំនុំ​ហើយ

13. ក្នុង​បណ្តា​ទី​ក្រុង​ដែល​ឯង​រាល់​គ្នា​នឹង​ឲ្យ​នោះ ត្រូវ​មាន​៦​ទុក​ជា​ទី​ក្រុង​ពំនាក់​សំរាប់​ឯង​រាល់​គ្នា

14. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ឲ្យ​ទី​ក្រុង​៣ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង‌អាយ ហើយ​ទី​ក្រុង​៣​ទៀត​នៅ​ក្នុង​ស្រុក​កាណាន ទី​ក្រុង​ទាំង​៦​នោះ ត្រូវ​ទុក​សំរាប់​ជា​ទី​ពំនាក់​អាស្រ័យ

15. គឺ​ត្រូវ​បាន​សំរាប់​ជា​ទី​ពំនាក់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​អ្នក​ប្រទេស​ក្រៅ ហើយ​ដល់​អ្នក​ណា​ដែល​ស្នាក់​នៅ​ជា​មួយ​ផង ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​សំឡាប់​មនុស្ស មិន​ប្រកប​ដោយ​ចិត្ត​ប៉ង បាន​រត់​ទៅ​ជ្រក​អាស្រ័យ​បាន។

16. តែ​បើ​អ្នក​នោះ​បាន​ប្រហារ​គេ ដោយ​គ្រឿង​ដែក​អ្វី​ឲ្យ​ដល់​ស្លាប់ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​សំឡាប់​គេ​ហើយ អ្នក​ណា​ដែល​សំឡាប់​គេ​ដូច្នេះ នោះ​ត្រូវ​តែ​សំឡាប់​វិញ​ជា​មិន​ខាន

17. ឬ​បើ​អ្នក​នោះ​កាន់​ថ្ម​នៅ​ដៃ​គប់​គេ ល្មម​ឲ្យ​ស្លាប់​ទៅ​បាន ហើយ​គេ​ក៏​ស្លាប់​ទៅ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​សំឡាប់​គេ​ហើយ អ្នក​ណា​ដែល​សំឡាប់​គេ​ដូច្នេះ នោះ​ត្រូវ​តែ​សំឡាប់​វិញ​ជា​មិន​ខាន

18. ឬ​បើ​អ្នក​នោះ​បាន​ប្រហារ​គេ​ដោយ​គ្រឿង​ឈើ​ដែល​កាន់​នៅ​ដៃ ជា​ប្រដាប់​ល្មម​ឲ្យ​ស្លាប់​បាន ហើយ​គេ​ក៏​ស្លាប់​ទៅ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​សំឡាប់​គេ​ហើយ អ្នក​ណា​ដែល​សំឡាប់​គេ​ដូច្នេះ នោះ​ត្រូវ​តែ​សំឡាប់​វិញ​ជា​មិន​ខាន

19. ឯ​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម នោះ​ត្រូវ​តែ​សំឡាប់​អ្នក​ដែល​បាន​សំឡាប់​គេ​នោះ​វិញ កាល​ជួប​ប្រទះ​ឃើញ​អ្នក​នោះ​វេលា​ណា នោះ​ត្រូវ​តែ​សំឡាប់​ចោល​ចេញ

20. បើ‌សិន​ជា​អ្នក​នោះ​បាន​ប្រហារ​គេ​ដោយ​ចិត្ត​ស្អប់ ឬ​បាន​លប​ចោល​គេ​នឹង​អ្វី​ឲ្យ​ដល់​ស្លាប់

21. ឬ​បាន​ដាល់​គេ​ដោយ​ចិត្ត​ក្នាញ់​ឲ្យ​ដល់​ស្លាប់ នោះ​ត្រូវ​តែ​សំឡាប់​អ្នក​ដែល​បាន​វាយ​គេ​នោះ ចោល​ចេញ​ជា​មិន​ខាន អ្នក​នោះ​ឈ្មោះ​ថា​បាន​សំឡាប់​គេ​ហើយ ឯ​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម នោះ​ត្រូវ​សំឡាប់​អ្នក​នោះ​វិញ ក្នុង​វេលា​ដែល​ជួប​ប្រទះ​នោះ​ឯង។

22. តែ​បើ​អ្នក​នោះ ស្រាប់​តែ​វាយ​គេ ដោយ​ឥត​មាន​ចិត្ត​សំអប់​សោះ ឬ​ចោល​របស់​អ្វី ទៅ​លើ​គេ ដោយ​ឥត​មាន​ឈ្លប​លប

23. ឬ​បាន​ទំលាក់​ថ្ម​ណា​មួយ ទៅ​លើ​គេ​ដោយ​មិន​បាន​ឃើញ ដែល​ល្មម​ឲ្យ​ស្លាប់​បាន ហើយ​គេ​ក៏​ស្លាប់​ទៅ តែ​អ្នក​នេះ​មិន​មែន​ជា​ខ្មាំង​សត្រូវ ហើយ​ក៏​មិន​ដែល​ប៉ង​នឹង​ធ្វើ​អាក្រក់​គេ​ដែរ

24. នោះ​ពួក​ជំនុំ​ត្រូវ​ជំនុំ‌ជំរះ​អ្នក​ដែល​បាន​សំឡាប់​គេ និង​អ្នក​ដែល​រក​សង‌សឹក​នឹង​ឈាម​គេ​នោះ តាម​មាត្រា​ច្បាប់​ទាំង​នេះ

25. រួច​ត្រូវ​ដោះ​អ្នក​ដែល​បាន​សំឡាប់​គេ ចេញ​ពី​កណ្តាប់​ដៃ នៃ​អ្នក​ដែល​រក​សង‌សឹក​នឹង​ឈាម​គេ​នោះ ហើយ​ត្រូវ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ឯ​ក្រុង​ពំនាក់ ដែល​បាន​រត់​ទៅ​ជ្រក​អាស្រ័យ​វិញ ត្រូវ​ឲ្យ​គេ​នៅ​ក្នុង​ទី​ក្រុង​នោះ ដរាប​ដល់​សំដេច​សង្ឃ ដែល​បាន​ចាក់​ប្រេង​បរិសុទ្ធ​តាំង​ឡើង លោក​សុគត​ទៅ

26. ប៉ុន្តែ​បើ​អ្នក​ដែល​សំឡាប់​គេ បាន​ចេញ​មក​ឯ​ក្រៅ​ព្រំ​ក្រុង​ពំនាក់ ដែល​ខ្លួន​បាន​រត់​ទៅ​ជ្រក​អាស្រ័យ​នោះ​វេលា​ណា

27. ហើយ​ជួន​ជា​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម​បាន​ប្រទះ​ឃើញ នៅ​ត្រង់​ខាង​ក្រៅ​ព្រំ​ទី​ក្រុង​ពំនាក់​នោះ ហើយ​សំឡាប់​អ្នក​នោះ​ទៅ នោះ​គ្មាន​ទោស​នឹង​ឈាម​អ្នក​នោះ​ឡើយ

28. ពី​ព្រោះ​ត្រូវ​តែ​នៅ​ក្នុង​ទី​ក្រុង​ពំនាក់ ដែល​ខ្លួន​ជ្រក​អាស្រ័យ​នោះ ដរាប​ដល់​សំដេច​សង្ឃ​បាន​សុគត​ហើយ​សិន លុះ​ក្រោយ​ដែល​សំដេច​សង្ឃ​នោះ​សុគត​ហើយ នោះ​ទើប​នឹង​ត្រឡប់​មក​ឯ​ស្រុក ដែល​ជា​កេរ‌អាករ​របស់​ខ្លួន​វិញ​បាន

សូមអានជំពូកពេញលេញ ជនគណនា 35