គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 32:14-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ហើយ​មើល ឯង​រាល់​គ្នា​បាន​កើត​ឡើង ជា​ដំណាង​នៃ​ឪពុក​ឯង ជា​ពួក​មនុស្ស​មាន​បាប ដែល​ចំរើន​កាន់​តែ​ច្រើន​ឡើង ចង់​តែ​បន្ថែម​សេចក្ដី​ក្រោធ​ដ៏​សហ័ស​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​រឹង‌រឹត​តែ​ក្តៅ​ឡើង ទាស់​នឹង​សាសន៍​អ៊ីស្រា‌អែល​ទៅ​ទៀត

15. ដ្បិត​បើ​ឯង​រាល់​គ្នា​បែរ​ចេញ​ពី​ទ្រង់ នោះ​ទ្រង់​នឹង​ទុក​ឯង​ចោល​នៅ​ទី​រហោ‌ស្ថាន​ត​ទៅ ហើយ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ឲ្យ​បណ្តា‌ជន​ទាំង​នេះ​ត្រូវ​វិនាស​បង់។

16. តែ​គេ​ចូល​ទៅ​ជិត​ជំរាប​លោក​ថា យើង​ខ្ញុំ​នឹង​ធ្វើ​ក្រោល សំរាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ ហើយ​នឹង​ទី​ក្រុង​សំរាប់​កូន​ចៅ​យើង​ខ្ញុំ

17. តែ​ខ្លួន​យើង​ខ្ញុំ​នឹង​មាន​គ្រឿង​ប្រុង​ជា​ស្រេច ដើម្បី​នឹង​ជូន​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ទាល់​តែ​បាន​នាំ​គេ រហូត​ទៅ​ដល់​ទី​កន្លែង​របស់​គេ ឯ​កូន​ចៅ​យើង​ខ្ញុំ គេ​នឹង​នៅ​ក្នុង​ទី​ក្រុង​មាន​កំផែង ដោយ​ខ្លាច​ដល់​មនុស្ស​នៅ​ស្រុក​នេះ

18. យើង​ខ្ញុំ​មិន​ត្រឡប់​មក​ឯ​ផ្ទះ​យើង​ខ្ញុំ​វិញ​ទេ ដរាប​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ស៊ី​មរដក​របស់​គេ​រៀង​ខ្លួន

19. ដ្បិត​យើង​ខ្ញុំ​រាល់​គ្នា​នឹង​មិន​ស៊ី​មរដក​ជា​មួយ​នឹង​គេ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ម្ខាង​ទៀត​ទេ ពី​ព្រោះ​មរដក​របស់​ផង​យើង​ខ្ញុំ​បាន​ធ្លាក់​មក​ដល់​យើង​ខ្ញុំ នៅ​ត្រើយ​ខាង​កើត​នេះ​ហើយ។

20. រួច​ម៉ូសេ​លោក​ឆ្លើយ​ឡើង​ថា បើ​ឯង​រាល់​គ្នា​ធ្វើ​យ៉ាង​នោះ គឺ​បើ​ឯង​នឹង​យក​គ្រឿង​ចេញ​ទៅ​ច្បាំង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

21. ហើយ​ពួក​ឯង​គ្រប់​គ្នា ដែល​មាន​គ្រឿង​ចំបាំង នឹង​ឆ្លង​ទន្លេ​យ័រដាន់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដរាប​ដល់​ទ្រង់​បាន​បណ្តេញ​ពួក​ខ្មាំង​សត្រូវ ពី​ចំពោះ​ទ្រង់​ចេញ

22. គឺ​ដល់​កាល​ណា​ស្រុក​នោះ​បាន​ទទួល​ចុះ​ចាញ់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នោះ​ឯង​រាល់​គ្នា​នឹង​ត្រឡប់​មក​វិញ ឥត​មាន​ទោស​ចំពោះ​ព្រះ‌យេហូវ៉ា ឬ​ចំពោះ​សាសន៍​អ៊ីស្រា‌អែល​ឡើយ ហើយ​ស្រុក​នេះ​ក៏​នឹង​បាន​ជា​កេរ‌អាករ​របស់​ឯង​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

23. តែ​បើ​មិន​ព្រម​ធ្វើ​ដូច្នោះ​ទេ នោះ​នឹង​មាន​បាប​ចំពោះ​ព្រះ‌យេហូវ៉ា​វិញ ហើយ​ត្រូវ​ដឹង​ជា​ប្រាកដ​ថា បាប​ឯង​រាល់​គ្នា​នឹង​តាម​ឯង​ទាន់

សូមអានជំពូកពេញលេញ ជនគណនា 32