គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 3:4-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. រីឯ​ណាដាប និង​អ័ប៊ីហ៊ូវ គេ​បាន​ស្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ក្នុង​កាល​ដែល​គេ​ថ្វាយ​ភ្លើង​ដទៃ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយទៅ គេ​ឥត​មាន​កូន​ទេ ឯ​អេលាសារ និង​អ៊ីថាម៉ារ គេ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ នៅ​មុខ​អើរ៉ុន ជា​ឪពុក​គេ​វិញ។

5. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា

6. ចូរ​នាំ​ពូជ​អំបូរ​លេវី​មក​ឲ្យ​ជិត ឲ្យ​គេ​បាន​ឈរ​នៅ​ចំពោះ​មុខ​អើរ៉ុន​ដ៏​ជា​សង្ឃ ដើម្បី​នឹង​បំរើ​ដល់​លោក

7. ត្រូវ​ឲ្យ​គេ​រក្សា​បញ្ញើ​របស់​លោក និង​បញ្ញើ​របស់​ពួក​ជំនុំ​ទាំង​អស់​គ្នា នៅ​មុខ​ត្រសាល​ជំនុំ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ដែល​ត្រូវ​ខាង​រោង​ឧបោសថ

8. ត្រូវ​ឲ្យ​គេ​រក្សា​អស់​ទាំង​ប្រដាប់‌ប្រដា នៃ​ត្រសាល​ជំនុំ ព្រម​ទាំង​បញ្ញើ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ផង ដើម្បី​នឹង​ធ្វើ​ការ‌ងារ ដែល​ត្រូវ​ខាង​រោង​ឧបោសថ

9. ត្រូវ​ឲ្យ​ឯង​ប្រគល់​ពួក​លេវី ដល់​អើរ៉ុន និង​ពួក​កូន​លោក ដ្បិត​អញ​បាន​ញែក​គេ​ចេញ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​ដាច់​ទៅ​លោក​ហើយ

10. ត្រូវ​ឲ្យ​ឯង​ដំរូវ​ឲ្យ​អើរ៉ុន និង​ពួក​កូន​លោក រក្សា​ការ‌ងារ​ជា​សង្ឃ​របស់​គេ ហើយ​អ្នក​ដទៃ​ណា​ដែល​ចូល​មក​ជិត នោះ​នឹង​ត្រូវ​សំឡាប់​ចោល។

11. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

12. ឯ​អញ​មើល អញ​បាន​យក​ពួក​លេវី​ចេញ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ស្នង​អស់​ទាំង​កូន​ដែល​កើត​ពី​ពោះ​ម្តាយ​មក​មុន​គេ​បង្អស់​ក្នុង​ពួក​គេ បាន​ជា​ពួក​លេវី​នោះ ត្រូវ​បាន​ជា​របស់​ផង​អញ

13. ដ្បិត​អស់​ទាំង​កូន​ច្បង​ជា​របស់​ផង​អញ​ហើយ ពី​ព្រោះ​នៅ​ថ្ងៃ​ដែល​អញ​បាន​វាយ​អស់​ទាំង​កូន​ច្បង នៅ​ស្រុក​អេស៊ីព្ទ នោះ​អញ​បាន​ញែក​អស់​ទាំង​កូន​ច្បង ក្នុង​សាសន៍​អ៊ីស្រា‌អែល​ចេញ ទុក​សំរាប់​អញ ទាំង​មនុស្ស​ហើយ​នឹង​សត្វ​ផង ទាំង​អស់​គ្នា​ត្រូវ​បាន​ជា​របស់​ផង​អញ​ពិត អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។

14. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ ត្រង់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​ថា

15. ចូរ​រាប់​ពួក​កូន​ចៅ​លេវី តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ ត្រូវ​រាប់​គ្រប់​ទាំង​កូន​ប្រុសៗ ចាប់​តាំង​ពី​អាយុ​១​ខែ ឡើង​ទៅ​លើ

16. ដូច្នេះ​ម៉ូសេ​ក៏​រាប់​គេ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក។

17. នេះ​ជា​ពួក​កូន​ចៅ​របស់​លេវី តាម​ឈ្មោះ​គេ គឺ​គើសុន​១ កេហាត់​១ និង​ម្រ៉ារី​១

18. ឯ​ឈ្មោះ​ពួក​កូន​របស់​គើសុន តាម​គ្រួសារ​គេ គឺ​លិបនី​១ និង​ស៊ីម៉ាយ​១

19. ពួក​កូន​របស់​កេហាត់ តាម​គ្រួសារ​គេ គឺ​អាំរ៉ាម​១ យីតសារ​១ ហេប្រុន​១ និង​អ៊ូស៊ាល​១

20. ហើយ​ពួក​កូន​របស់​ម្រ៉ារី តាម​គ្រួសារ​គេ គឺ​ម៉ាស់លី​១ និង​មូស៊ី​១ នេះ​ហើយ​ជា​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​លេវី តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន។

21. ដំណ​អំពី​គើសុន​មក នោះ​កើត​មាន​គ្រួសារ​លិបនី និង​គ្រួសារ​ស៊ីម៉ាយ នេះ​ហើយ​ជា​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​គើសុន

22. ឯ​ពួក​គេ​ដែល​បាន​រាប់​តាម​ចំនួន​ពួក​ប្រុសៗ​ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ នោះ​មាន​ចំនួន​៧​ពាន់​៥០០​នាក់

23. ចំណែក​អស់​ទាំង​គ្រួសារ​របស់​ពួក​គើសុន គេ​ត្រូវ​ដំឡើង​ត្រសាល នៅ​ខាង​លិច គឺ​ខាង​ក្រោយ​រោង​ឧបោសថ

24. ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​របស់​ឪពុក​ពួក​គើសុន​នេះ គឺ​អេលា‌សាប់​ជា​កូន​ឡាអែល

សូមអានជំពូកពេញលេញ ជនគណនា 3