គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 3:30-41 ព្រះគម្ពីរបរិសុទ្ធ (KHOV)

30. ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ របស់​ឪពុក​ពួក​កេហាត់ គឺ​អេលី‌សាផាន ជា​កូន​អ៊ូស៊ាល

31. រីឯ​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​គេ នោះ​គឺ​ជា​ហឹប​នៃ​សេចក្ដី​បន្ទាល់ តុ ជើង​ចង្កៀង អាស‌នា​ទាំង​២ និង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន​សំរាប់​ទី​បរិសុទ្ធ ដែល​គេ​ប្រើ​ធ្វើ​ការ‌ងារ ព្រម​ទាំង​វាំង‌នន និង​ប្រដាប់​វាំង‌នន​ទាំង​ប៉ុន្មាន​ដែរ

32. ឯ​អេលាសារ ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ លោក​នឹង​ធ្វើ​ជា​មេ នៃ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​លេវី​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​លោក​ត្រួត‌ត្រា​លើ​គេ ឲ្យ​គេ​បាន​រក្សា​ទី​បរិសុទ្ធ​ដែល​ផ្ញើ​ទុក​នឹង​គេ។

33. ដំណ​អំពី​ម្រ៉ារី​មក នោះ​កើត​មាន​គ្រួសារ​ម៉ាស់លី​១ និង​គ្រួសារ​មូស៊ី​១ នេះ​ហើយ​ជា​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​ម្រ៉ារី

34. ឯ​ពួក​គេ​ដែល​បាន​រាប់​តាម​ចំនួន​ពួក​ប្រុសៗ​ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ នោះ​មាន​ចំនួន​៦​ពាន់​២០០​នាក់

35. ហើយ​អ្នក​ដែល​ជា​កំពូល លើ​ពួក​កូន​ចៅ​របស់​ឪពុក​ពួក​ម្រ៉ារី គឺ​ស៊ូរីអែល ជា​កូន​អ័ប៊ី‌ហែល គេ​ត្រូវ​ដំឡើង​ត្រសាល នៅ​ខាង​ជើង ជា​ចំហៀង​ក្បែរ​រោង​ឧបោសថ

36. រីឯ​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​ពួក​កូន​ចៅ​ម្រ៉ារី នោះ​គឺ​អស់​ទាំង​ក្តារ និង​រនុក ហើយ​សសរ និង​ជើង​សសរ​ទាំង​ប៉ុន្មាន​នៃ​រោង​ឧបោសថ ហើយ​ប្រដាប់‌ប្រដា និង​គ្រឿង​ទាំង​ប៉ុន្មាន​សំរាប់​ការ‌ងារ​ក្នុង​រោង​នោះ

37. ព្រម​ទាំង​សសរ​ទីលាន​នៅ​ជុំវិញ ជើង​សសរ​នោះ និង​ចំរ៉ឹង​ហើយ​ខ្សែ​ទាំង​ប៉ុន្មាន​ផង។

38. ឯ​ពួក​អ្នក​ដែល​ត្រូវ​ដំឡើង​ត្រសាល នៅ​ខាង​កើត ត្រង់​ខាង​មុខ​រោង​ឧបោសថ គឺ​នៅ​មុខ​ត្រសាល​ជំនុំ​ទិស​ខាង​ថ្ងៃ​រះ នោះ​គឺ​ជា​ម៉ូសេ និង​អើរ៉ុន ហើយ​នឹង​ពួក​កូន​លោក ដើម្បី​នឹង​រក្សា​បញ្ញើ​នៃ​ទី​បរិសុទ្ធ ដែល​ផ្ញើ​ទុក​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បើ​អ្នក​ដទៃ​ណា​ដែល​មក​ជិត នោះ​នឹង​ត្រូវ​សំឡាប់​ចោល

39. ឯ​ពួក​លេវី​ទាំង​អស់ ដែល​ម៉ូសេ និង​អើរ៉ុន​បាន​រាប់​តាម​បង្គាប់​ព្រះ‌យេហូវ៉ា តាម​គ្រួសារ​គេ គឺ​គ្រប់​ទាំង​ប្រុសៗ ចាប់​តាំង​ពី​អាយុ​១​ខែ ឡើង​ទៅ​លើ នោះ​មាន​ចំនួន​២​ម៉ឺន​២​ពាន់​នាក់។

40. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​រាប់​អស់​ទាំង​កូន​ប្រុស​ច្បង​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ ឲ្យ​កំណត់​រាប់​ចំនួន​ឈ្មោះ​របស់​គេ

41. នោះ​ត្រូវ​យក​ពួក​លេវី​សំរាប់​អញ ដើម្បី​ស្នង​អស់​ទាំង​កូន​ប្រុស​ច្បង​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ហើយ​នឹង​ហ្វូង​សត្វ​របស់​ពួក​លេវី ស្នង​អស់​ទាំង​កូន​ច្បង​នៃ​សត្វ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ដែរ

សូមអានជំពូកពេញលេញ ជនគណនា 3