គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 3:2-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ឯ​ឈ្មោះ​ពួក​កូន​ទាំង​ប៉ុន្មាន​របស់​អើរ៉ុន នោះ​គឺ​ណាដាប​ជា​កូន​ច្បង​១ អ័ប៊ីហ៊ូវ​១ អេលាសារ​១ និង​អ៊ីថាម៉ារ​១

3. នេះ​ហើយ​ជា​ឈ្មោះ​របស់​ពួក​កូន​អើរ៉ុន ដែល​គេ​បាន​ចាក់​ប្រេង​តាំង​ឡើង​ធ្វើ​ជា​សង្ឃ ហើយ​បាន​ញែក​ចេញ​សំរាប់​នឹង​បំរើ​ក្នុង​ការ‌ងារ​ជា​សង្ឃ

4. រីឯ​ណាដាប និង​អ័ប៊ីហ៊ូវ គេ​បាន​ស្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ក្នុង​កាល​ដែល​គេ​ថ្វាយ​ភ្លើង​ដទៃ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយទៅ គេ​ឥត​មាន​កូន​ទេ ឯ​អេលាសារ និង​អ៊ីថាម៉ារ គេ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ នៅ​មុខ​អើរ៉ុន ជា​ឪពុក​គេ​វិញ។

5. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា

6. ចូរ​នាំ​ពូជ​អំបូរ​លេវី​មក​ឲ្យ​ជិត ឲ្យ​គេ​បាន​ឈរ​នៅ​ចំពោះ​មុខ​អើរ៉ុន​ដ៏​ជា​សង្ឃ ដើម្បី​នឹង​បំរើ​ដល់​លោក

7. ត្រូវ​ឲ្យ​គេ​រក្សា​បញ្ញើ​របស់​លោក និង​បញ្ញើ​របស់​ពួក​ជំនុំ​ទាំង​អស់​គ្នា នៅ​មុខ​ត្រសាល​ជំនុំ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ដែល​ត្រូវ​ខាង​រោង​ឧបោសថ

8. ត្រូវ​ឲ្យ​គេ​រក្សា​អស់​ទាំង​ប្រដាប់‌ប្រដា នៃ​ត្រសាល​ជំនុំ ព្រម​ទាំង​បញ្ញើ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ផង ដើម្បី​នឹង​ធ្វើ​ការ‌ងារ ដែល​ត្រូវ​ខាង​រោង​ឧបោសថ

9. ត្រូវ​ឲ្យ​ឯង​ប្រគល់​ពួក​លេវី ដល់​អើរ៉ុន និង​ពួក​កូន​លោក ដ្បិត​អញ​បាន​ញែក​គេ​ចេញ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​ដាច់​ទៅ​លោក​ហើយ

10. ត្រូវ​ឲ្យ​ឯង​ដំរូវ​ឲ្យ​អើរ៉ុន និង​ពួក​កូន​លោក រក្សា​ការ‌ងារ​ជា​សង្ឃ​របស់​គេ ហើយ​អ្នក​ដទៃ​ណា​ដែល​ចូល​មក​ជិត នោះ​នឹង​ត្រូវ​សំឡាប់​ចោល។

11. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

12. ឯ​អញ​មើល អញ​បាន​យក​ពួក​លេវី​ចេញ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ស្នង​អស់​ទាំង​កូន​ដែល​កើត​ពី​ពោះ​ម្តាយ​មក​មុន​គេ​បង្អស់​ក្នុង​ពួក​គេ បាន​ជា​ពួក​លេវី​នោះ ត្រូវ​បាន​ជា​របស់​ផង​អញ

13. ដ្បិត​អស់​ទាំង​កូន​ច្បង​ជា​របស់​ផង​អញ​ហើយ ពី​ព្រោះ​នៅ​ថ្ងៃ​ដែល​អញ​បាន​វាយ​អស់​ទាំង​កូន​ច្បង នៅ​ស្រុក​អេស៊ីព្ទ នោះ​អញ​បាន​ញែក​អស់​ទាំង​កូន​ច្បង ក្នុង​សាសន៍​អ៊ីស្រា‌អែល​ចេញ ទុក​សំរាប់​អញ ទាំង​មនុស្ស​ហើយ​នឹង​សត្វ​ផង ទាំង​អស់​គ្នា​ត្រូវ​បាន​ជា​របស់​ផង​អញ​ពិត អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។

14. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ ត្រង់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​ថា

15. ចូរ​រាប់​ពួក​កូន​ចៅ​លេវី តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ ត្រូវ​រាប់​គ្រប់​ទាំង​កូន​ប្រុសៗ ចាប់​តាំង​ពី​អាយុ​១​ខែ ឡើង​ទៅ​លើ

សូមអានជំពូកពេញលេញ ជនគណនា 3