គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 27:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​ពួក​កូន​ស្រី​ស្លូផិហាត ដែល​ជា​កូន​ហេភើរៗ ជា​កូន​កាឡាតៗ ជា​កូន​ម៉ាគារៗ ជា​កូន​ម៉ាន៉ាសេ ក្នុង​ពួក​គ្រួ​ម៉ាន៉ាសេ ដែល​គេ​ជា​កូន​ចៅ​យ៉ូសែប ឯ​កូន​ស្រី​របស់​គាត់​ទាំង​នោះ​មាន​ឈ្មោះ​ដូច្នេះ គឺ​ម័សឡា​១ ណូហា​១ ហុកឡា​១ មីលកា​១ និង​ធើសា​១

2. គេ​ក៏​នាំ​គ្នា​ចូល​មក​ឈរ​នៅ​ចំពោះ​មុខ​ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ ហើយ​នៅ​មុខ​អស់​អ្នក ដែល​ជា​កំពូល លើ​ពួក​ជំនុំ ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ ជំរាប​ថា

3. ឪពុក​យើង​ខ្ញុំ​បាន​ស្លាប់​ទៅ នៅ​ទី​រហោ‌ស្ថាន គាត់​មិន​មែន​ជា​ពួក​កូរេ​ដែល​លើក​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា​នោះ​ទេ គឺ​គាត់​បាន​ស្លាប់​ដោយ​ព្រោះ​តែ​បាប​របស់​ខ្លួន​វិញ ហើយ​គាត់​គ្មាន​កូន​ប្រុស​សោះ

4. ហេតុ​អ្វី​បាន​ជា​ត្រូវ​ឲ្យ​ឈ្មោះ​ឪពុក​យើង​ខ្ញុំ បាត់​ចេញ​ពី​ពួក​គ្រួ​គាត់​ទៅ ដោយ​ព្រោះ​តែ​គ្មាន​កូន​ប្រុស​ដូច្នេះ ហេតុ​នេះ​សូម​ឲ្យ​យើង​ខ្ញុំ​បាន​កេរ‌អាករ នៅ​ជា​មួយ​នឹង​បង​ប្អូន​របស់​ឪពុក​យើង​ខ្ញុំ​ផង

5. នោះ​ម៉ូសេ​ក៏​នាំ​យក​រឿង​គេ ទៅ​ទូល​ដល់​ព្រះ‌យេហូវ៉ា។

6. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

7. ពួក​កូន​ស្រី​ស្លូផិហាត​បាន​និយាយ​ត្រូវ ដូច្នេះ​ត្រូវ​ចែក​ឲ្យ​គេ​មាន​កេរ‌អាករ​នៅ​ជា​មួយ​នឹង​ពួក​បង​ប្អូន​របស់​ឪពុក​គេ​ផង ត្រូវ​ឲ្យ​គេ​បាន​មរដក​របស់​ឪពុក​គេ​ចុះ

8. ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែរ​ថា បើ​អ្នក​ណា​ស្លាប់​ទៅ​ឥត​មាន​កូន​ប្រុស នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចែក​មរដក​របស់​អ្នក​នោះ​ដល់​កូន​ស្រី​គេ​ទៅ

9. បើ​គ្មាន​កូន​ស្រី​ទេ នោះ​ត្រូវ​ឲ្យ​មរដក​គេ​ដល់​បង​ប្អូន​បង្កើត

10. បើ​គ្មាន​បង​ប្អូន​បង្កើត នោះ​ត្រូវ​ឲ្យ​មរដក​ដល់​បង​ប្អូន​របស់​ឪពុក​គេ

11. តែ​បើ​ឪពុក​គ្មាន​បង​ប្អូន នោះ​ត្រូវ​ឲ្យ​មរដក​គេ​ទៅ​អ្នក​ជិត‌ដិត​ជាង​ក្នុង​គ្រួ​គេ ឲ្យ​អ្នក​នោះ​ស៊ី​វិញ សេចក្ដី​នេះ​ត្រូវ​ទុក​ជា​ច្បាប់​បញ្ញត្ត​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

សូមអានជំពូកពេញលេញ ជនគណនា 27