គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 26:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. កាល​ក្រោយ​សេចក្ដី​វេទនា​នោះ​មក ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អេលាសារ​ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ​ថា

2. ចូរ​រាប់​ចំនួន​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ គឺ​អស់​អ្នក​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន

3. នោះ​ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ ក៏​ប្រាប់​គេ​នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ ជិត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូរ​ថា

4. ត្រូវ​រាប់​ឯង​រាល់​គ្នា ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ហើយ​នឹង​កូន​ចៅ​អ៊ីស្រា‌អែល នៅ​គ្រា​ដែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ដែរ។

5. ឯ​រូបេន​គាត់​ជា​កូន​ច្បង​របស់​អ៊ីស្រា‌អែល ហើយ​ពួក​កូន​ចៅ​រូបេន គឺ​ហេណុក​១ ដែល​ជា​អ្នក​បង្កើត​គ្រួ​ហេណុក ប៉ាលូវ​១ ដែល​ជា​អ្នក​បង្កើត​គ្រួ​ប៉ាលូវ

6. ហេស្រុន​១ ដែល​ជា​អ្នក​បង្កើត​គ្រួ​ហេស្រុន កើមី​១ ដែល​ជា​អ្នក​បង្កើត​គ្រួ​កើមី

7. នោះ​ជា​ពួក​នៃ​រូបេន ឯ​អស់​អ្នក​ដែល​បាន​រាប់​ហើយ​ក្នុង​ពួក​គេ នោះ​មាន​ចំនួន​៤​ម៉ឺន​៣​ពាន់​៧៣០​នាក់

8. ឯ​កូន​របស់​ប៉ាលូវ គឺ​អេលាប

9. ហើយ​កូន​របស់​អេលាប គឺ​នេមួល​១ ដាថាន​១ អ័ប៊ីរ៉ាម​១ គឺ​ដាថាន និង​អ័ប៊ីរ៉ាម​នេះ​ហើយ ដែល​គេ​បាន​ហៅ​មក​ឯ​ពួក​ជំនុំ ជា​អ្នក​ដែល​បាន​លើក​គ្នា​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន ជា​មួយ​នឹង​ពួក​កូរេ ក្នុង​កាល​ដែល​ពួក​កូរេ បាន​លើក​គ្នា​ទាស់​ទទឹង​នឹង​ព្រះ‌យេហូវ៉ា

10. តែ​ដី​បាន​ហា​ឡើង ទទួល​ស្រូប​យក​គេ​ជា​មួយ​នឹង​កូរេ​ទៅ ក្នុង​កាល​ដែល​ពួក​កូរេ​នោះ​ត្រូវ​ស្លាប់ ហើយ​ក៏​មាន​ភ្លើង​ឆេះ​មនុស្ស​២៥០​នាក់​ដែរ ពួក​នោះ​ឯង​បាន​ត្រឡប់​ជា​គំរូ​ដល់​បណ្តា‌ជន

11. តែ​ឯ​កូន​ចៅ​របស់​កូរេ នោះ​មិន​បាន​ស្លាប់​ទេ។

12. ឯ​ពួក​កូន​ចៅ​ស៊ីម្មាន​តាម​គ្រួ​គេ គឺ​យេមូ‌អែល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យេមូ‌អែល យ៉ាមីន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យ៉ាមីន យ៉ាគិន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យ៉ាគិន

13. សេរ៉ាស​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេរ៉ាស សូល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សូល

សូមអានជំពូកពេញលេញ ជនគណនា 26