គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 25:5-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. នោះ​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​ចៅ‌ក្រម​នៃ​ពួក​អ៊ីស្រា‌អែល​ថា ចូរ​អ្នក​រាល់​គ្នា​សំឡាប់​ពួក​របស់​ខ្លួន ដែល​ចូល​ពួក​ខាង​ព្រះ​បាល-ពេអរ​ចេញ​ទៅ។

6. ខណៈ​នោះ មាន​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ម្នាក់ នាំ​ស្ត្រី​សាសន៍​ម៉ាឌាន​ម្នាក់​មក​ឯ​បង​ប្អូន​ខ្លួន នៅ​ចំពោះ​មុខ​ម៉ូសេ និង​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​កំពុង​យំ នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ

7. កាល​ភីនេ‌ហាស ជា​កូន​អេលាសារ ដែល​ជា​កូន​អើរ៉ុន ដ៏​ជា​សង្ឃ បាន​ឃើញ នោះ​ក៏​ក្រោក​ឡើង​នៅ​កណ្តាល​ពួក​ជំនុំ ចាប់​យក​លំពែង​នៅ​ដៃ

8. ចូល​ទៅ​ក្នុង​ត្រសាល​តាម​ក្រោយ​អ្នក​នោះ ហើយ​ក៏​ចាក់​ទំលុះ​អ្នក​ទាំង​២​នោះ​ទៅ គឺ​ទាំង​ប្រុស​សាសន៍​អ៊ីស្រា‌អែល និង​ស្ត្រី​នោះ​ផង ត្រូវ​ត្រង់​ពោះ​នាង នោះ​សេចក្ដី​វេទនា​បាន​បាត់​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទៅ

9. ឯ​អស់​អ្នក​ដែល​បាន​ស្លាប់​ក្នុង​សេចក្ដី​វេទនា​នោះ មាន​ចំនួន​២​ម៉ឺន​៤​ពាន់​នាក់។

10. រួច​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

11. ភីនេ‌ហាស​ជា​កូន​អេលាសារ ដែល​ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ លោក​បាន​បំបែក​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ ដោយ​ព្រោះ​មាន​សេចក្ដី​ឈឺ‌ឆ្អាល​ជំនួស​អញ ប្រយោជន៍​កុំ​ឲ្យ​អញ​បាន​បំផ្លាញ​គេ​ក្នុង​សេចក្ដី​ប្រចណ្ឌ​របស់​អញ​ឡើយ

12. ដូច្នេះ​ចូរ​ប្រាប់​ថា អញ​តាំង​សេចក្ដី​សញ្ញា​របស់​អញ ឲ្យ​បាន​មេត្រី​នឹង​លោក​ហើយ

13. គឺ​ជា​សេចក្ដី​សញ្ញា ឲ្យ​បាន​ការ‌ងារ​ជា​សង្ឃ នៅ​ជា​ដរាប​ត​ទៅ សំរាប់​លោក និង​ពូជ​លោក​រៀង​ត​ទៅ ពី​ព្រោះ​លោក​បាន​ឈឺ‌ឆ្អាល​នឹង​ព្រះ​នៃ​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។

សូមអានជំពូកពេញលេញ ជនគណនា 25