គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 22:4-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. នោះ​ពួក​ម៉ូអាប់​ក៏​និយាយ​ទៅ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​ម៉ាឌានថា ឥឡូវ​ពួក​នេះ​នឹង​ស៊ី​រំលីង​របស់​ទាំង​អស់​នៅ​ជុំវិញ​យើង​រាល់​គ្នា​ហើយ ដូច​ជា​គោ​ស៊ី​រំលីង​ស្មៅ​ខ្ចី​នៅ​វាល​ដែរ រីឯ​គ្រា​នោះ បាឡាក​ជា​បុត្រា​ស៊ីបព័រ ទ្រង់​ធ្វើ​ជា​ស្តេច​លើ​សាសន៍​ម៉ូអាប់

5. ទ្រង់​ក៏​ចាត់​សារ​ទៅ​ឯ​បាឡាម​ជា​កូន​បេអ៊រ នៅ​ក្រុង​ពេថោរ ដែល​នៅ​មាត់​ទន្លេ ដើម្បី​នឹង​ហៅ​មក​ដោយ​ពាក្យ​ថា មើល មាន​សាសន៍​១​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​នៅ​ដេរ‌ដាស​ពេញ​លើ​ផែនដី ត្រង់​ទល់​មុខ​នឹង​អញ

6. ដូច្នេះ ចូរ​ឯង​មក​ឥឡូវ ដើម្បី​នឹង​ដាក់​បណ្តាសា​ដល់​សាសន៍​នេះ​ឲ្យ​អញ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​អញ​ណាស់ ប្រហែល​ជា​អញ​នឹង​ឈ្នះ​គេ​បាន ហើយ​នឹង​វាយ​បណ្តេញ​គេ​ចេញ​ពី​ស្រុក​ទៅ ដ្បិត​អញ​ដឹង​ថា អ្នក​ណា​ដែល​ឯង​ឲ្យ​ពរ នោះ​បាន​ពរ​មែន ហើយ​អ្នក​ណា​ដែល​ឯង​ដាក់​បណ្តាសា នោះ​ក៏​ត្រូវ​បណ្តាសា​ពិត។

7. លំដាប់​នោះ ពួក​ចាស់‌ទុំ​នៃ​សាសន៍​ម៉ូអាប់ និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​ម៉ាឌាន គេ​នាំ​យក​រង្វាន់ នៃ​ការ​ទំនាយ​ចេញ​ទៅ ក៏​មក​ដល់​បាឡាម ហើយ​រ៉ាយ‌រ៉ាប់​ប្រាប់​តាម​ពាក្យ​របស់​បាឡាក

8. រួច​គាត់​ឆ្លើយ​ថា សូម​ដេក​នៅ​ទី​នេះ​១​យប់​សិន នោះ​ខ្ញុំ​នឹង​ឆ្លើយ​ប្រាប់​ដល់​អ្នក​រាល់​គ្នា តាម​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច្នេះ​ពួក​មេ​នៃ​សាសន៍​ម៉ូអាប់ ក៏​ស្នាក់​នៅ​ជា​មួយ​នឹង​បាឡាម

9. នោះ​ព្រះ​ទ្រង់​យាង​មក​ឯ​បាឡាម​សួរ​ថា តើ​មនុស្ស​ណា​នេះ ដែល​នៅ​ជា​មួយ​នឹង​ឯង

10. បាឡាម​ទូល​ឆ្លើយ​ថា បាឡាក​ជា​បុត្រា​ស៊ីបព័រ ដែល​ជា​ស្តេច​សាសន៍​ម៉ូអាប់ បាន​ចាត់​គេ​មក​ហៅ​ទូល‌បង្គំ​ថា

11. មើល សាសន៍​នេះ​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​នៅ​ដេរ‌ដាស​ពេញ​លើ​ផែនដី ឥឡូវ​ចូរ​ឲ្យ​ឯង​មក​ដាក់​បណ្តាសា​គេ​ឲ្យ​អញ ប្រហែល​ជា​អញ​នឹង​អាច​ច្បាំង​ជា​មួយ​នឹង​គេ ហើយ​បណ្តេញ​គេ​ចេញ​ទៅ​បាន

12. តែ​ព្រះ​ទ្រង់​តប​ទៅ​បាឡាម​វិញ​ថា មិន​ត្រូវ​ឲ្យ​ឯង​ទៅ​មួយ​នឹង​គេ​ឡើយ ក៏​មិន​ត្រូវ​ដាក់​បណ្តាសា​ដល់​សាសន៍​នេះ​ផង ដ្បិត​គេ​ជា​អ្នក​មាន​ពរ​ហើយ

13. បាឡាម​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ប្រាប់​ដល់​ពួក​មេ ដែល​មក​ពី​បាឡាក​ថា ចូរ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​ស្រុក​វិញ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ព្រម​បើក​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​ទេ

14. ពួក​មេ​សាសន៍​ម៉ូអាប់​ក៏​ក្រោក​វិល​ត្រឡប់​ទៅ​ឯ​បាឡាក​វិញ ទូល​ថា បាឡាម​មិន​ព្រម​មក​ជា​មួយ​នឹង​យើង​ខ្ញុំ​ទេ។

15. នោះ​បាឡាក​ក៏​ចាត់​ពួក​មេ​ជា​ច្រើន​ជាង ជា​អ្នក​មាន​សក្តិ‌យស​ខ្ពស់​ជាង​អ្នក​ទាំង​នោះ ឲ្យ​ទៅ​ទៀត

សូមអានជំពូកពេញលេញ ជនគណនា 22