គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 22:14-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ពួក​មេ​សាសន៍​ម៉ូអាប់​ក៏​ក្រោក​វិល​ត្រឡប់​ទៅ​ឯ​បាឡាក​វិញ ទូល​ថា បាឡាម​មិន​ព្រម​មក​ជា​មួយ​នឹង​យើង​ខ្ញុំ​ទេ។

15. នោះ​បាឡាក​ក៏​ចាត់​ពួក​មេ​ជា​ច្រើន​ជាង ជា​អ្នក​មាន​សក្តិ‌យស​ខ្ពស់​ជាង​អ្នក​ទាំង​នោះ ឲ្យ​ទៅ​ទៀត

16. គេ​ក៏​មក​ដល់​បាឡាម​ប្រាប់​ថា បាឡាក​ជា​បុត្រា​ស៊ីបព័រ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​មាន​អ្វី​ឃាត់‌ឃាំង​ឯង​មិន​ឲ្យ​ទៅ​ឯ​អញ​នោះ​ឡើយ

17. ដ្បិត​អញ​នឹង​លើក​ឯង​ជា​ធំ ហើយ​ការ​អ្វីៗ​ដែល​ឯង​ប្រាប់​ដល់​អញ នោះ​អញ​នឹង​ធ្វើ​សំរេច​តាម ដូច្នេះ ចូរ​ទៅ​ដាក់​បណ្តាសា​ដល់​សាសន៍​នេះ​ឲ្យ​អញ

18. តែ​បាឡាម​ប្រកែក​ទៅ​ពួក​មហា‌តលិក​របស់​បាឡាក​ថា បើ‌សិន​ជា​ព្រះ‌រាជា​នឹង​ប្រទាន​មាស ហើយ​នឹង​ប្រាក់​ពេញ​ដំណាក់​ទ្រង់​មក​ខ្ញុំ នោះ​គង់​តែ​ខ្ញុំ​ពុំ​អាច​នឹង​រំលង​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ និង​ធ្វើ​ការ​តិច ឬ​ច្រើន​ទៅ​បាន​ឡើយ

19. ដូច្នេះ​សូម​ឲ្យ​អ្នក​រាល់​គ្នា​ដេក​នៅ​ទី​នេះ​១​យប់​សិន​ចុះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ដឹង​ថា​ព្រះ‌យេហូវ៉ា​នឹង​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ម្តេច​ទៀត

20. នៅ​វេលា​យប់​នោះ ព្រះ​ទ្រង់​ក៏​មក​ឯ​បាឡាម​មាន​ព្រះ‌បន្ទូល​ថា បើ​គេ​បាន​មក​ហៅ​ឯង នោះ​ឲ្យ​ឯង​ក្រោក​ឡើង ទៅ​ជា​មួយ​នឹង​គេ​ចុះ ប៉ុន្តែ​ត្រូវ​ឲ្យ​ឯង​ធ្វើ​សំរេច​តាម​បង្គាប់​អញ​តែ​ប៉ុណ្ណោះ។

21. បាឡាម​ក៏​ក្រោក​ឡើង​ពី​ព្រលឹម បំពាក់​កែប​លើ​លា​របស់​ខ្លួន ចេញ​ទៅ​ជា​មួយ​នឹង​ពួក​មេ​នៃ​សាសន៍​ម៉ូអាប់

22. នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​ក៏​កាត់​ឡើង ដោយ​ព្រោះ​គាត់​ចេញ​ទៅ​ដូច្នោះ ហើយ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ឈរ​ក្នុង​ផ្លូវ ដើម្បី​ទាស់​ទទឹង​នឹង​គាត់ ឯង​គាត់ៗ​ជិះ​នៅ​លើ​លា មាន​ទាំង​អ្នក​បំរើ​២​នាក់​ទៅ​ជា​មួយ​ផង

23. លា​ក៏​ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ឈរ​នៅ​ត្រង់​ផ្លូវ ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច​នៅ​ព្រះ‌ហស្ត នោះ​លា​ក៏​បែរ​ចេញ​ពី​ផ្លូវ​ទៅ​តាម​វាល​ទៅ ឯ​បាឡាម​គាត់​វាយ​លា ដើម្បី​នឹង​ទាញ​ញាក់​មក​ក្នុង​ផ្លូវ​វិញ

24. នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ឈរ​នៅ​ត្រង់​ផ្លូវ​ច្រក នា​កណ្តាល​ចំការ​ទំពាំង‌បាយ‌ជូរ មាន​កំផែង​ថ្ម​នៅ​ជា​សង​ខាង

25. លា​ក៏​ឃើញ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ទៀត រួច​វា​ចូល​ទៅ​អែប​ត្បៀត​ខ្លួន​នឹង​កំផែង គាប​ជើង​បាឡាម​នឹង​ថ្ម នោះ​គាត់​វាយ​វា​ម្តង​ទៀត

សូមអានជំពូកពេញលេញ ជនគណនា 22