គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 22:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដំណើរ​ទៅ​ទៀត រួច​ដំឡើង​ត្រសាល​នៅ​ត្រង់​វាល​នៃ​ស្រុក​ម៉ូអាប់ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​នេះ ទល់​មុខ និង​យេរីខូរ។

2. រីឯ​បាឡាក​ជា​បុត្រា​ស៊ីបព័រ ទ្រង់​ក៏​ឃើញ​អស់​ទាំង​ការ ដែល​ពួក​អ៊ីស្រា‌អែល​បាន​ធ្វើ ដល់​សាសន៍​អាម៉ូរី

3. ដូច្នេះ សាសន៍​ម៉ូអាប់​ក៏​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​មាន​ចិត្ត​ស្រយុត​រន្ធត់ នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដោយ​ព្រោះ​គេ​មាន​គ្នា​ច្រើន

4. នោះ​ពួក​ម៉ូអាប់​ក៏​និយាយ​ទៅ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​ម៉ាឌានថា ឥឡូវ​ពួក​នេះ​នឹង​ស៊ី​រំលីង​របស់​ទាំង​អស់​នៅ​ជុំវិញ​យើង​រាល់​គ្នា​ហើយ ដូច​ជា​គោ​ស៊ី​រំលីង​ស្មៅ​ខ្ចី​នៅ​វាល​ដែរ រីឯ​គ្រា​នោះ បាឡាក​ជា​បុត្រា​ស៊ីបព័រ ទ្រង់​ធ្វើ​ជា​ស្តេច​លើ​សាសន៍​ម៉ូអាប់

5. ទ្រង់​ក៏​ចាត់​សារ​ទៅ​ឯ​បាឡាម​ជា​កូន​បេអ៊រ នៅ​ក្រុង​ពេថោរ ដែល​នៅ​មាត់​ទន្លេ ដើម្បី​នឹង​ហៅ​មក​ដោយ​ពាក្យ​ថា មើល មាន​សាសន៍​១​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​នៅ​ដេរ‌ដាស​ពេញ​លើ​ផែនដី ត្រង់​ទល់​មុខ​នឹង​អញ

6. ដូច្នេះ ចូរ​ឯង​មក​ឥឡូវ ដើម្បី​នឹង​ដាក់​បណ្តាសា​ដល់​សាសន៍​នេះ​ឲ្យ​អញ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​អញ​ណាស់ ប្រហែល​ជា​អញ​នឹង​ឈ្នះ​គេ​បាន ហើយ​នឹង​វាយ​បណ្តេញ​គេ​ចេញ​ពី​ស្រុក​ទៅ ដ្បិត​អញ​ដឹង​ថា អ្នក​ណា​ដែល​ឯង​ឲ្យ​ពរ នោះ​បាន​ពរ​មែន ហើយ​អ្នក​ណា​ដែល​ឯង​ដាក់​បណ្តាសា នោះ​ក៏​ត្រូវ​បណ្តាសា​ពិត។

7. លំដាប់​នោះ ពួក​ចាស់‌ទុំ​នៃ​សាសន៍​ម៉ូអាប់ និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​ម៉ាឌាន គេ​នាំ​យក​រង្វាន់ នៃ​ការ​ទំនាយ​ចេញ​ទៅ ក៏​មក​ដល់​បាឡាម ហើយ​រ៉ាយ‌រ៉ាប់​ប្រាប់​តាម​ពាក្យ​របស់​បាឡាក

សូមអានជំពូកពេញលេញ ជនគណនា 22