គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 21:8-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ម៉ូសេ​ថា ចូរ​ធ្វើ​ពស់​ភ្លើង​១ ភ្ជាប់​នៅ​លើ​បង្គោល​ទៅ ដើម្បី​កាល​ណា​អស់​អ្នក​ដែល​ត្រូវ​ពស់​ចឹក គេ​ក្រឡេក​មើល​ទៅ​ឃើញ នោះ​នឹង​បាន​រស់​នៅ

9. ម៉ូសេ​ក៏​ធ្វើ​រូប​ពស់​១​ពី​លង្ហិន ដាក់​ភ្ជាប់​នៅ​លើ​បង្គោល​នោះ ដូច្នេះ កាល​ណា​មាន​ពស់​ចឹក​មនុស្ស​ណា បើ​អ្នក​នោះ​គ្រាន់​តែ​ក្រឡេក​មើល​ទៅ​រូប​ពស់​លង្ហិន​នោះ ក៏​បាន​រស់​វិញ។

10. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដំណើរ​ទៅ ដំឡើង​ត្រសាល​នៅ​ត្រង់​អូបូត

11. រួច​គេ​ចេញ​ពី​អូបូត ទៅ​ដំឡើង​ត្រសាល​នៅ​ត្រង់​អ៊ីយេ-អាបារីម ក្នុង​ទី​រហោ‌ស្ថាន ដែល​ជាប់​ព្រំ‌ដែន​ខាង​កើត​នៃ​ស្រុក​ម៉ូអាប់

12. ពី​ទី​នោះ គេ​ក៏​ធ្វើ​ដំណើរ​ដើរ​ទៅ​ដំឡើង​ត្រសាល នៅ​ត្រង់​ច្រក​ភ្នំ​សេរេត

13. ហើយ​ចេញ​ពី​ទី​នោះ ដើរ​ទៅ​ដំឡើង​ត្រសាល​ឯ​ត្រើយ​ស្ទឹង​អើណូន​ម្ខាង ជា​ស្ទឹង​ដែល​ហូរ​ពី​ព្រំ​ស្រុក​អាម៉ូរី​មក​តាម​ទី​រហោ‌ស្ថាន ដ្បិត​ស្ទឹង​អើណូន​ជា​ព្រំ‌ដែន​នៃ​ស្រុក​ម៉ូអាប់​នៅ​ជា​កណ្តាល​ស្រុក​ម៉ូអាប់ និង​ស្រុក​អាម៉ូរី

14. ហេតុ​នោះ​បាន​ជា​មាន​ពាក្យ​ដំណាល​ក្នុង​សៀវភៅ ដែល​និទាន​ពី​ចំបាំង​ផង​ព្រះ‌យេហូវ៉ា​ថា «ការ​ដែល​ទ្រង់​ធ្វើ​នៅ​ក្នុង​ស៊ូផា ហើយ​នៅ​ច្រក​ភ្នំ​អើណូន

15. គឺ​នៅ​ជំរាល​ភ្នំ​ដែល​ជ្រាល​ទៅ​ខាង​ទី​លំនៅ​អើរ ហើយ​ក៏​ជាប់​នឹង​ព្រំ​ស្រុក​ម៉ូអាប់»

16. ពី​ទី​នោះ គេ​មក​ដល់​ប្អៀរ គឺ​ជា​អណ្តូង ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ប្រមូល​ពួក​បណ្តា‌ជន​ឲ្យ​ជុំ​គ្នា នោះ​អញ​នឹង​ឲ្យ​ទឹក​គេ​ផឹក

17. រួច​ពួក​អ៊ីស្រា‌អែល​គេ​ក៏​ច្រៀង​ទំនុក​នេះ​ថា «ឲ្យ​ផុស​ឡើង អណ្តូង​អើយ ចូរ​ច្រៀង​សរសើរ​អណ្តូង​នេះ​ចុះ

18. ជា​អណ្តូង​ដែល​ពួក​ចៅ‌ហ្វាយ​បាន​ជីក ហើយ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​បាន​ជីក​នឹង​ជ្រនីក​គេ តាម​ច្បាប់​បញ្ញត្ត» រួច​ពី​ទី​រហោ‌ស្ថាន​នោះ គេ​ក៏​មក​ដល់​ម៉ាថាណា

19. ពី​ម៉ាថាណា​ទៅ​ដល់​ណាហា‌លាល ពី​ណាហា‌លាល​ទៅ​ដល់​បាម៉ូត

20. ហើយ​ពី​បាម៉ូត ដែល​នៅ​ក្នុង​ច្រក​ភ្នំ​នៅ​ស្រុក​ម៉ូអាប់ ក៏​ទៅ​ដល់​កំពូល​ភ្នំ​ពី​សកា ដែល​បែរ​ទៅ​ខាង​ទី​រហោ‌ស្ថាន។

21. នោះ​សាសន៍​អ៊ីស្រា‌អែល​គេ​ចាត់​សារ​ទៅ​ឯ​ស៊ីហុន​ជា​ស្តេច​សាសន៍​អាម៉ូរី​ថា

សូមអានជំពូកពេញលេញ ជនគណនា 21