គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 21:20-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. ហើយ​ពី​បាម៉ូត ដែល​នៅ​ក្នុង​ច្រក​ភ្នំ​នៅ​ស្រុក​ម៉ូអាប់ ក៏​ទៅ​ដល់​កំពូល​ភ្នំ​ពី​សកា ដែល​បែរ​ទៅ​ខាង​ទី​រហោ‌ស្ថាន។

21. នោះ​សាសន៍​អ៊ីស្រា‌អែល​គេ​ចាត់​សារ​ទៅ​ឯ​ស៊ីហុន​ជា​ស្តេច​សាសន៍​អាម៉ូរី​ថា

22. សូម​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​ទ្រង់​ផង យើង​ខ្ញុំ​នឹង​មិន​ងាក​បែរ​ទៅ​ក្នុង​ស្រែ ឬ​ចំការ​ទេ ក៏​មិន​ផឹក​ទឹក​អណ្តូង​ដែរ យើង​ខ្ញុំ​នឹង​ដើរ​តាម​តែ​ថ្នល់​ធំ​របស់​ស្តេច​ប៉ុណ្ណោះ រហូត​ដល់​បាន​ហួស​ផុត​ពី​ដែន​ស្រុក​ទ្រង់​ទៅ

23. តែ​ស៊ីហុន​មិន​ព្រម​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ដើរ​កាត់​ព្រំ​ស្រុក​ទ្រង់​ទេ គឺ​ទ្រង់​បាន​ប្រមូល​ពួក​ជន​ទាំង​អស់ ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល​វិញ ក៏​ច្បាំង​វាយ​ពួក​អ៊ីស្រា‌អែល​នៅ​ត្រង់​យ៉ាហាស់

24. តែ​ពួក​អ៊ីស្រា‌អែល​ប្រហារ​ទ្រង់​ដោយ​មុខ​ដាវ​ទៅ ហើយ​ក៏​ចាប់​យក​ស្រុក​ទ្រង់​ចាប់​តាំង​ពី​ស្ទឹង​អើណូន រហូត​ដល់​ស្ទឹង​យ៉ាបុក ដែល​ជា​ព្រំ‌ដែន​របស់​សាសន៍​អាំម៉ូន ឯ​ព្រំ‌ដែន​នៃ​ពួក​កូន​ចៅ​អាំម៉ូន​នោះ​មាំ​ណាស់

25. ពួក​អ៊ីស្រា‌អែល​ក៏​វាយ​យក​អស់​ទាំង​ទី​ក្រុង​របស់​ពួក​សាសន៍​អាម៉ូរី ហើយ​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ គឺ​ក្នុង​ក្រុង​ហែសបូន និង​តំបន់​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ទី​ក្រុង​នោះ

26. ឯ​ហែសបូន​នេះ ជា​ទី​ក្រុង​នៃ​ស៊ីហុន​ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​បាន​ច្បាំង​នឹង​ស្តេច​សាសន៍​ម៉ូអាប់ ជា​ស្តេច​ពី​មុន ហើយ​ចាប់​យក​អស់​ទាំង​ស្រុក​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​នោះ រហូត​ដល់​ស្ទឹង​អើណូន

27. ហេតុ​នោះ​បាន​ជា​គេ​តែង​និយាយ ដោយ​ពាក្យ​សុភាសិត​ថា «ចូរ​មក​ក្នុង​ហែសបូន ឲ្យ​ទី​ក្រុង​របស់​ស៊ីហុន​បាន​សង់​ឡើង ហើយ​រៀប​ជា​ស្រេច​ផង

28. ដ្បិត​មាន​ភ្លើង​ចេញ​ពី​ហែសបូន​មក គឺ​ជា​អណ្តាត​ភ្លើង​ពី​ទី​ក្រុង​របស់​ស៊ីហុន ភ្លើង​នោះ​បាន​ឆេះ​ក្រុង​អើរ របស់​ស្រុក​ម៉ូអាប់ ព្រម​ទាំង​ពួក​ម្ចាស់​ទី​ខ្ពស់​របស់​ស្ទឹង​អើណូន

29. វេទនា​ដល់​ឯង ម៉ូអាប់​អើយ ឱ​ពួក​ព្រះ​កេម៉ូស​អើយ ឯង​រាល់​គ្នា​ត្រូវ​វិនាស​ហើយ ដ្បិត​ព្រះ​នៃ​ឯង​បាន​បញ្ជូន​ពួក​កូន​ប្រុស​របស់​ខ្លួន ឲ្យ​ត្រូវ​រត់ និង​ពួក​កូន​ស្រីឲ្យ​ទៅ​ជា​ឈ្លើយ ដល់​ស៊ីហុន​ជា​ស្តេច​សាសន៍​អាម៉ូរី

30. យើង​បាន​បាញ់​តាម​គេ ហែសបូន​ត្រូវ​វិនាស​ទៅ រហូត​ដល់​ឌីបូន យើង​ក៏​បាន​រំលាង​ស្រុក​រហូត​ដល់​ណូផា គឺ​ទៅ​ដល់​មេឌីបា​ផង»

31. ដូច្នេះ​ពួក​អ៊ីស្រា‌អែល​បាន​នៅ​ក្នុង​ស្រុក​របស់​សាសន៍​អាម៉ូរី​នោះ

32. រួច​ម៉ូសេ​ចាត់​គេ​ទៅ​សង្កេត​មើល​ឯ​ក្រុង​យ៉ាស៊ើ គេ​ក៏​ចាប់​យក​អស់​ទាំង​តំបន់​នៅ​ជុំវិញ ព្រម​ទាំង​បណ្តេញ​សាសន៍​អាម៉ូរី ដែល​នៅ​ស្រុក​នោះ ឲ្យ​ចេញ​ទៅ​ផង។

33. រួច​គេ​បែរ​ឡើង​ទៅ​តាម​ផ្លូវ​ស្រុក​បាសាន​វិញ នោះ​អុក​ជា​ស្តេច​ស្រុក​បាសាន ព្រម​ទាំង​ពួក​ជន​របស់​ទ្រង់​ក៏​លើក​គ្នា​ចេញ​មក​ទាស់​នឹង​គេ ហើយ​ច្បាំង​គ្នា​នៅ​ត្រង់​អេទ្រី

34. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​អញ​បាន​ប្រគល់​ស្តេច​នេះ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ ព្រម​ទាំង​រាស្ត្រ និង​ស្រុក​របស់​ទ្រង់​ផង ត្រូវ​ឲ្យ​ឯង​ធ្វើ​ដល់​គេ ដូច​ជា​ឯង​បាន​ធ្វើ​ដល់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​នៅ​ហែសបូន​នោះ​ដែរ

35. ដូច្នេះ គេ​ក៏​វាយ​ស្តេច​នោះ ព្រម​ទាំង​កូន​ចៅ និង​សាស្ត្រ​ទ្រង់​ផង ទាល់​តែ​គ្មាន​សល់​១​ឡើយ ហើយ​គេ​ចាប់​យក​ស្រុក​របស់​ទ្រង់​ដែរ។

សូមអានជំពូកពេញលេញ ជនគណនា 21