គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 21:16-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ពី​ទី​នោះ គេ​មក​ដល់​ប្អៀរ គឺ​ជា​អណ្តូង ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ប្រមូល​ពួក​បណ្តា‌ជន​ឲ្យ​ជុំ​គ្នា នោះ​អញ​នឹង​ឲ្យ​ទឹក​គេ​ផឹក

17. រួច​ពួក​អ៊ីស្រា‌អែល​គេ​ក៏​ច្រៀង​ទំនុក​នេះ​ថា «ឲ្យ​ផុស​ឡើង អណ្តូង​អើយ ចូរ​ច្រៀង​សរសើរ​អណ្តូង​នេះ​ចុះ

18. ជា​អណ្តូង​ដែល​ពួក​ចៅ‌ហ្វាយ​បាន​ជីក ហើយ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​បាន​ជីក​នឹង​ជ្រនីក​គេ តាម​ច្បាប់​បញ្ញត្ត» រួច​ពី​ទី​រហោ‌ស្ថាន​នោះ គេ​ក៏​មក​ដល់​ម៉ាថាណា

19. ពី​ម៉ាថាណា​ទៅ​ដល់​ណាហា‌លាល ពី​ណាហា‌លាល​ទៅ​ដល់​បាម៉ូត

20. ហើយ​ពី​បាម៉ូត ដែល​នៅ​ក្នុង​ច្រក​ភ្នំ​នៅ​ស្រុក​ម៉ូអាប់ ក៏​ទៅ​ដល់​កំពូល​ភ្នំ​ពី​សកា ដែល​បែរ​ទៅ​ខាង​ទី​រហោ‌ស្ថាន។

21. នោះ​សាសន៍​អ៊ីស្រា‌អែល​គេ​ចាត់​សារ​ទៅ​ឯ​ស៊ីហុន​ជា​ស្តេច​សាសន៍​អាម៉ូរី​ថា

22. សូម​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​ទ្រង់​ផង យើង​ខ្ញុំ​នឹង​មិន​ងាក​បែរ​ទៅ​ក្នុង​ស្រែ ឬ​ចំការ​ទេ ក៏​មិន​ផឹក​ទឹក​អណ្តូង​ដែរ យើង​ខ្ញុំ​នឹង​ដើរ​តាម​តែ​ថ្នល់​ធំ​របស់​ស្តេច​ប៉ុណ្ណោះ រហូត​ដល់​បាន​ហួស​ផុត​ពី​ដែន​ស្រុក​ទ្រង់​ទៅ

23. តែ​ស៊ីហុន​មិន​ព្រម​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ដើរ​កាត់​ព្រំ​ស្រុក​ទ្រង់​ទេ គឺ​ទ្រង់​បាន​ប្រមូល​ពួក​ជន​ទាំង​អស់ ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល​វិញ ក៏​ច្បាំង​វាយ​ពួក​អ៊ីស្រា‌អែល​នៅ​ត្រង់​យ៉ាហាស់

24. តែ​ពួក​អ៊ីស្រា‌អែល​ប្រហារ​ទ្រង់​ដោយ​មុខ​ដាវ​ទៅ ហើយ​ក៏​ចាប់​យក​ស្រុក​ទ្រង់​ចាប់​តាំង​ពី​ស្ទឹង​អើណូន រហូត​ដល់​ស្ទឹង​យ៉ាបុក ដែល​ជា​ព្រំ‌ដែន​របស់​សាសន៍​អាំម៉ូន ឯ​ព្រំ‌ដែន​នៃ​ពួក​កូន​ចៅ​អាំម៉ូន​នោះ​មាំ​ណាស់

25. ពួក​អ៊ីស្រា‌អែល​ក៏​វាយ​យក​អស់​ទាំង​ទី​ក្រុង​របស់​ពួក​សាសន៍​អាម៉ូរី ហើយ​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ គឺ​ក្នុង​ក្រុង​ហែសបូន និង​តំបន់​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ទី​ក្រុង​នោះ

សូមអានជំពូកពេញលេញ ជនគណនា 21