គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 21:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​ស្តេច​អើរ៉ាត ជា​សាសន៍​កាណាន ដែល​នៅ​ស្រុក​ខាង​ត្បូង កាល​បាន​ឮ​ថា ពួក​អ៊ីស្រា‌អែល​មក​តាម​ផ្លូវ​ស្រុក​អ័ថារីម​ហើយ នោះ​ទ្រង់​ក៏​ចេញ​មក​ច្បាំង​នឹង​គេ ហើយ​ចាប់​យក​បាន​ខ្លះ

2. រួច​ពួក​អ៊ីស្រា‌អែល​គេ​តាំង​សច្ចា​ដល់​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា បើ​ទ្រង់​ប្រគល់​សាសន៍​នោះ​មក​ក្នុង​កណ្តាប់​ដៃ​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​នឹង​បំផ្លាញ​ទី​ក្រុង​គេ​អស់​រលីង

3. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ស្តាប់​តាម​ពាក្យ​របស់​ពួក​អ៊ីស្រា‌អែល ហើយ​ប្រគល់​ពួក​សាសន៍​កាណាន​នោះ​មក រួច​ពួក​អ៊ីស្រា‌អែល​ក៏​បំផ្លាញ​គេ និង​ទី​ក្រុង​គេ​ទាំង​អស់​ទៅ គេ​ហៅ​ទី​នោះ​ថា ហោម៉ា។

4. រួច​គេ​ធ្វើ​ដំណើរ​ពី​ភ្នំ​ហោរ​ដើរ​ទៅ តាម​ផ្លូវ​សមុទ្រ​ក្រហម ដើម្បី​នឹង​វាង​ព័ទ្ធ​ស្រុក​អេដំម តែ​បណ្តា‌ជន​មាន​ចិត្ត​រវាត ដោយ​ព្រោះ​ផ្លូវ​នោះ

5. ក៏​និយាយ​ទាស់​នឹង​ព្រះ ហើយ​ទាស់​នឹង​ម៉ូសេ​ថា ម្តេច​ក៏​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ឲ្យ​ត្រូវ​ស្លាប់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ដូច្នេះ ដ្បិត​គ្មាន​អាហារ គ្មាន​ទឹក​សោះ ហើយ​យើង​ទ្រាន់‌ណាយ​នឹង​នំ​គំរក់​នេះ​ពេក​ណាស់

6. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​ពស់​ភ្លើង​មក​កណ្តាល​ពួក​ជន ពស់​ទាំង​នោះ​ក៏​ចឹក​គេ ហើយ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន

7. បណ្តា‌ជន​ទាំង‌ឡាយ​ក៏​មក​ឯ​ម៉ូសេ ជំរាប​ថា យើង​រាល់​គ្នា​បាន​ធ្វើ​បាប​ហើយ ដ្បិត​បាន​និយាយ​ទាស់​នឹង​ព្រះ‌យេហូវ៉ា ហើយ​ទាស់​នឹង​លោក​ដែរ ដូច្នេះ សូម​លោក​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ផង សូម​ទ្រង់​បន្ថយ​ពស់​ទាំង​នេះ​ចេញ​ពី​យើង​រាល់​គ្នា​ទៅ នោះ​ម៉ូសេ​ក៏​អធិ‌ស្ឋាន​ឲ្យ​គេ

8. ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ម៉ូសេ​ថា ចូរ​ធ្វើ​ពស់​ភ្លើង​១ ភ្ជាប់​នៅ​លើ​បង្គោល​ទៅ ដើម្បី​កាល​ណា​អស់​អ្នក​ដែល​ត្រូវ​ពស់​ចឹក គេ​ក្រឡេក​មើល​ទៅ​ឃើញ នោះ​នឹង​បាន​រស់​នៅ

9. ម៉ូសេ​ក៏​ធ្វើ​រូប​ពស់​១​ពី​លង្ហិន ដាក់​ភ្ជាប់​នៅ​លើ​បង្គោល​នោះ ដូច្នេះ កាល​ណា​មាន​ពស់​ចឹក​មនុស្ស​ណា បើ​អ្នក​នោះ​គ្រាន់​តែ​ក្រឡេក​មើល​ទៅ​រូប​ពស់​លង្ហិន​នោះ ក៏​បាន​រស់​វិញ។

10. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដំណើរ​ទៅ ដំឡើង​ត្រសាល​នៅ​ត្រង់​អូបូត

11. រួច​គេ​ចេញ​ពី​អូបូត ទៅ​ដំឡើង​ត្រសាល​នៅ​ត្រង់​អ៊ីយេ-អាបារីម ក្នុង​ទី​រហោ‌ស្ថាន ដែល​ជាប់​ព្រំ‌ដែន​ខាង​កើត​នៃ​ស្រុក​ម៉ូអាប់

12. ពី​ទី​នោះ គេ​ក៏​ធ្វើ​ដំណើរ​ដើរ​ទៅ​ដំឡើង​ត្រសាល នៅ​ត្រង់​ច្រក​ភ្នំ​សេរេត

13. ហើយ​ចេញ​ពី​ទី​នោះ ដើរ​ទៅ​ដំឡើង​ត្រសាល​ឯ​ត្រើយ​ស្ទឹង​អើណូន​ម្ខាង ជា​ស្ទឹង​ដែល​ហូរ​ពី​ព្រំ​ស្រុក​អាម៉ូរី​មក​តាម​ទី​រហោ‌ស្ថាន ដ្បិត​ស្ទឹង​អើណូន​ជា​ព្រំ‌ដែន​នៃ​ស្រុក​ម៉ូអាប់​នៅ​ជា​កណ្តាល​ស្រុក​ម៉ូអាប់ និង​ស្រុក​អាម៉ូរី

14. ហេតុ​នោះ​បាន​ជា​មាន​ពាក្យ​ដំណាល​ក្នុង​សៀវភៅ ដែល​និទាន​ពី​ចំបាំង​ផង​ព្រះ‌យេហូវ៉ា​ថា «ការ​ដែល​ទ្រង់​ធ្វើ​នៅ​ក្នុង​ស៊ូផា ហើយ​នៅ​ច្រក​ភ្នំ​អើណូន

15. គឺ​នៅ​ជំរាល​ភ្នំ​ដែល​ជ្រាល​ទៅ​ខាង​ទី​លំនៅ​អើរ ហើយ​ក៏​ជាប់​នឹង​ព្រំ​ស្រុក​ម៉ូអាប់»

សូមអានជំពូកពេញលេញ ជនគណនា 21