គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 18:3-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ត្រូវ​ឲ្យ​គេ​រក្សា​បញ្ញើ​របស់​ឯង នឹង​បញ្ញើ​នៃ​ត្រសាល​ទាំង​មូល​ដែរ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​គេ​ចូល​ទៅ​ជិត​ប្រដាប់‌ប្រដា​ណា​មួយ​របស់​ទី​បរិសុទ្ធ ឬ​ជិត​អាស‌នា​ឡើយ ក្រែង​លោ​គេ​ត្រូវ​ស្លាប់ ព្រម​ទាំង​ឯង​ផង

4. ត្រូវ​ឲ្យ​គេ​នៅ​ជាប់ ធ្វើ​ការ​ជា​មួយ​នឹង​ឯង ហើយ​រក្សា​បញ្ញើ​របស់​ត្រសាល​ជំនុំ សំរាប់​ក្រសួង​ទាំង​ប៉ុន្មាន​នៃ​ត្រសាល​នោះ តែ​មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ណា​ចូល​ទៅ​ជិត​ឯង​ឡើយ

5. ឯ​ឯង​ត្រូវ​ឲ្យ​រក្សា​បញ្ញើ នៃ​ទី​បរិសុទ្ធ និង​បញ្ញើ​នៃ​អាស‌នា ដើម្បី​កុំ​ឲ្យ​មាន​សេចក្ដី​ក្រោធ​មក​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទៀត​ឡើយ

6. ឯ​អញ មើល អញ​បាន​ទទួល​យក​ពួក​លេវី ជា​បង​ប្អូន​ឯង ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​គេ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​បាន​ប្រគល់​ដល់​ឯង សំរាប់​ធ្វើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ

7. ត្រូវ​ឲ្យ​ឯង និង​កូន​ចៅ​ឯង រក្សា​ការ‌ងារ​ជា​សង្ឃ​របស់​ឯង សំរាប់​ការ​ទាំង​អស់​ខាង​ឯ​អាស‌នា ហើយ​ខាង​ក្នុង​វាំង‌នន​ផង គឺ​ឯង​រាល់​គ្នា ដែល​ត្រូវ​ធ្វើ​ការ‌ងារ​នោះ អញ​ឲ្យ​ការ‌ងារ​ជា​សង្ឃ​ដល់​ឯង​រាល់​គ្នា ទុក​ជា​អំណោយ បើ​អ្នក​ដទៃ​ណា​ដែល​ចូល​ទៅ​ជិត នោះ​នឹង​ត្រូវ​ស្លាប់។

8. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អើរ៉ុន​ថា ឯ​អញ មើល អញ​បាន​ប្រគល់​អស់​ទាំង​ដង្វាយ ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង ក្នុង​ដង្វាយ​ទាំង​ប៉ុន្មាន​របស់​ពួក​កូន‌ចៅ​អ៊ីស្រា‌អែល​ទុក​នឹង​ឯង អញ​បាន​ឲ្យ​ដង្វាយ​ទាំង​នោះ​ចំពោះ​ឯង និង​ពួក​កូន​ចៅ​ឯង ទុក​ជា​កំរៃ​នៅ​អស់​កល្ប‌ជានិច្ច ដោយ​ព្រោះ​ការ​ចាក់​ប្រេង​តាំង​ជា​សង្ឃ

9. ក្នុង​ដង្វាយ​បរិសុទ្ធ​បំផុត​ទាំង​ប៉ុន្មាន ដែល​មិន​ត្រូវ​ដុត នោះ​របស់​ទាំង​នេះ​ត្រូវ​បាន​ជា​របស់​ផង​ឯង គឺ​គ្រប់​ទាំង​ដង្វាយ​របស់​គេ ទោះ​បើ​ជា​ដង្វាយ​ម្សៅ ឬ​ដង្វាយ​លោះ​បាប ឬ​ដង្វាយ​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ក្តី ដែល​គេ​នឹង​ថ្វាយ​ដល់​អញ នោះ​ជា​បរិសុទ្ធ​បំផុត​សំរាប់​ឯង ហើយ​នឹង​កូន​ចៅ​ឯង

10. ត្រូវ​ឲ្យ​ឯង​បរិភោគ​របស់​ទាំង​នោះ នៅ​កន្លែង​បរិសុទ្ធ​បំផុត គ្រប់​ទាំង​ប្រុសៗ ត្រូវ​បរិភោគ​ចុះ គឺ​ជា​របស់​បរិសុទ្ធ​ដល់​ឯង

11. ហើយ​នេះ​ជា​របស់​ផង​ឯង​ដែរ គឺ​អស់​ទាំង​ដង្វាយ​លើក​ចុះ​ឡើង និង​ដង្វាយ​គ្រវី​របស់​ផង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល អញ​ឲ្យ​របស់​ទាំង​នោះ​ដល់​ឯង និង​កូន​ប្រុស​កូន​ស្រី​ឯង​ផង ទុក​ជា​កំរៃ​នៅ​អស់‌កល្ប‌ជានិច្ច អស់​អ្នក​ណា​ដែល​ស្អាត​នៅ​ក្នុង​ផ្ទះ​ឯង នោះ​នឹង​បរិភោគ​របស់​ទាំង​នោះ​បាន

12. ហើយ​ប្រេង​ល្អ​បំផុត​ទាំង​អស់ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ល្អ​បំផុត​ទាំង​អស់ ព្រម​ទាំង​ស្រូវ​ផង គឺ​ជា​ផល​ដំបូង ដែល​គេ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​អញ​ឲ្យ​មក​ឯង​ទាំង​អស់​ហើយ

13. ឯ​ផល​ដំបូង​ពី​របស់​ទាំង​អស់ នៅ​ក្នុង​ស្រុក​គេ ដែល​យក​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​បាន​ជា​របស់​ផង​ឯង​ដែរ អស់​អ្នក​ណា​នៅ​ក្នុង​គ្រួសារ​ឯង ដែល​ស្អាត នឹង​បរិភោគ​របស់​ទាំង​នោះ​បាន

14. គ្រប់​របស់​អ្វី​ដែល​ថ្វាយ​ដាច់ នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល នោះ​ក៏​ជា​របស់​ផង​ឯង

15. គ្រប់​ទាំង​អស់​ដែល​កើត​ពី​ពោះ​ម្តាយ​មក​មុន​គេ ក្នុង​គ្រប់​ទាំង​ដង្វាយ​ដែល​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទោះ​មនុស្ស ឬ​សត្វ​ក្តី នោះ​ត្រូវ​បាន​ជា​របស់​ផង​ឯង ឯ​កូន​ច្បង​របស់​មនុស្ស នោះ​ត្រូវ​ឲ្យ​ឯង​លោះ​ចេញ​វិញ​មិន​ខាន ព្រម​ទាំង​សត្វ​មិន​ស្អាត​ដែល​កើត​មក​មុន​បង្អស់​ផង

16. ហើយ​រូប​ណា​មួយ​ដែល​ត្រូវ​លោះ​ចេញ នោះ​ត្រូវ​ឲ្យ​លោះ​ចាប់​តាំង​ពី​អាយុ​១​ខែ តាម​ដំឡៃ​ដែល​ឯង​សំរេច​ឲ្យ គឺ​ជា​ប្រាក់​៥​រៀល តាម​ប្រាក់​រៀល​ដែល​គេ​ប្រើ​ក្នុង​ទី​បរិសុទ្ធ (គឺ​១​រៀល​ត្រូវ​ជា​១០​កាក់)

17. ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​ឯង​លោះ​កូន​គោ ឬ​កូន​ចៀម ឬ​កូន​ពពែ ដែល​កើត​មក​មុន​បង្អស់​នោះ​ទេ ដ្បិត​ជា​សត្វ​បរិសុទ្ធ ត្រូវ​ឲ្យ​ឯង​ប្រោះ​ឈាម​សត្វ​នោះ នៅ​លើ​អាស‌នា​វិញ ហើយ​ដុត​ខ្លាញ់​ជា​ដង្វាយ​ដុត សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

សូមអានជំពូកពេញលេញ ជនគណនា 18