គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 18:13-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ឯ​ផល​ដំបូង​ពី​របស់​ទាំង​អស់ នៅ​ក្នុង​ស្រុក​គេ ដែល​យក​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​បាន​ជា​របស់​ផង​ឯង​ដែរ អស់​អ្នក​ណា​នៅ​ក្នុង​គ្រួសារ​ឯង ដែល​ស្អាត នឹង​បរិភោគ​របស់​ទាំង​នោះ​បាន

14. គ្រប់​របស់​អ្វី​ដែល​ថ្វាយ​ដាច់ នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល នោះ​ក៏​ជា​របស់​ផង​ឯង

15. គ្រប់​ទាំង​អស់​ដែល​កើត​ពី​ពោះ​ម្តាយ​មក​មុន​គេ ក្នុង​គ្រប់​ទាំង​ដង្វាយ​ដែល​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទោះ​មនុស្ស ឬ​សត្វ​ក្តី នោះ​ត្រូវ​បាន​ជា​របស់​ផង​ឯង ឯ​កូន​ច្បង​របស់​មនុស្ស នោះ​ត្រូវ​ឲ្យ​ឯង​លោះ​ចេញ​វិញ​មិន​ខាន ព្រម​ទាំង​សត្វ​មិន​ស្អាត​ដែល​កើត​មក​មុន​បង្អស់​ផង

16. ហើយ​រូប​ណា​មួយ​ដែល​ត្រូវ​លោះ​ចេញ នោះ​ត្រូវ​ឲ្យ​លោះ​ចាប់​តាំង​ពី​អាយុ​១​ខែ តាម​ដំឡៃ​ដែល​ឯង​សំរេច​ឲ្យ គឺ​ជា​ប្រាក់​៥​រៀល តាម​ប្រាក់​រៀល​ដែល​គេ​ប្រើ​ក្នុង​ទី​បរិសុទ្ធ (គឺ​១​រៀល​ត្រូវ​ជា​១០​កាក់)

17. ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​ឯង​លោះ​កូន​គោ ឬ​កូន​ចៀម ឬ​កូន​ពពែ ដែល​កើត​មក​មុន​បង្អស់​នោះ​ទេ ដ្បិត​ជា​សត្វ​បរិសុទ្ធ ត្រូវ​ឲ្យ​ឯង​ប្រោះ​ឈាម​សត្វ​នោះ នៅ​លើ​អាស‌នា​វិញ ហើយ​ដុត​ខ្លាញ់​ជា​ដង្វាយ​ដុត សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

18. ឯ​សាច់​របស់​សត្វ​ទាំង​នោះ ត្រូវ​បាន​ជា​របស់​ផង​ឯង ដូច​ជា​ទ្រូង​ដែល​គ្រវី ហើយ​ស្មា​ស្តាំ​ក៏​ជា​របស់​ផង​ឯង​ដែរ

19. គឺ​គ្រប់​ទាំង​ដង្វាយ​លើក​ចុះ​ឡើង​ពី​ដង្វាយ​បរិសុទ្ធ​ទាំង​ប៉ុន្មាន ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​អញ​បាន​ឲ្យ​ដល់​ឯង និង​ពួក​កូន​ប្រុស​កូន​ស្រី​ឯង​ហើយ ទុក​ជា​កំរៃ​នៅ​អស់​កល្ប‌ជានិច្ច គឺ​ជា​សេចក្ដី​សញ្ញា ដែល​តាំង​ឡើង​ដោយ‌សារ​អំបិល​ដល់​ឯង និង​ពូជ​ឯង នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នៅ​អស់‌កល្ប‌ជានិច្ច។

20. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អើរ៉ុន​ថា មិន​ត្រូវ​ឲ្យ​ឯង​មាន​កេរ‌អាករ នៅ​ក្នុង​ស្រុក​គេ​ឡើយ ក៏​មិន​ត្រូវ​មាន​ចំណែក​អ្វី​ជា​មួយ​នឹង​គេ​ដែរ គឺ​អញ​ជា​ចំណែក​ដល់​ឯង ហើយ​ជា​កេរ‌អាករ​របស់​ឯង ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ

21. ឯ​ពួក​កូន​ចៅ​លេវី នោះ​អញ​បាន​ឲ្យ​អស់​ទាំង​ដង្វាយ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​១​ភាគ​ក្នុង​១០ ទុក​ជា​មរដក​ដល់​គេ​ហើយ ដើម្បី​ឲ្យ​បាន​ជា​កំរៃ​នៃ​ការ‌ងារ​ដែល​គេ​ធ្វើ គឺ​ជា​ក្រសួង​ការ​របស់​ត្រសាល​ជំនុំ

22. ដូច្នេះ អំពី​នេះ​ទៅ​មុខ មិន​ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចូល​មក​ជិត​ត្រសាល​ជំនុំ​ទៀត​ឡើយ ក្រែង​លោ​គេ​ធ្វើ​បាប​អ្វី ហើយ​ត្រូវ​ស្លាប់

23. គឺ​ពួក​លេវី​វិញ ដែល​ធ្វើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ ហើយ​គេ​ត្រូវ​តែ​រ៉ាប់រង​សេចក្ដី​កំហុស​របស់​គេ នេះ​ជា​បញ្ញត្ត​ច្បាប់​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច ដល់​អស់​ទាំង​ដំណ​ឯង​រាល់​គ្នា​ត​រៀង​ទៅ តែ​គេ​គ្មាន​កេរ‌អាករ​អ្វី​នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទេ

សូមអានជំពូកពេញលេញ ជនគណនា 18