គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 18:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អើរ៉ុន​ថា ត្រូវ​ឲ្យ​ខ្លួន​ឯង និង​កូន​ចៅ​ឯង ព្រម​ទាំង​ពួក​ឪពុក​ឯង​ទាំង​អស់​គ្នា រ៉ាប់រង​សេចក្ដី​កំហុស​ដែល​អ្នក​ណា​ធ្វើ​ក្នុង​រោង​ឧបោសថ ហើយ​ត្រូវ​ឲ្យ​ខ្លួន​ឯង និង​កូន​ចៅ​ឯង​រ៉ាប់រង​សេចក្ដី​កំហុស ដែល​កើត​មក​ក្នុង​ការ‌ងារ​ជា​សង្ឃ​ដែរ

2. ឯ​ពួក​លេវី​ជា​បង​ប្អូន​ឯង គឺ​ជា​ពូជ​អំបូរ​នៃ​អយ្យកោ​ឯង នោះ​ត្រូវ​នាំ​មក​ជិត​ជា​មួយ​នឹង​ឯង ឲ្យ​បាន​ភ្ជាប់​ពួក​ជា​មួយ​គ្នា ហើយ​ជួយ​ការ‌ងារ​ផង តែ​ឯង ហើយ​នឹង​កូន​ចៅ​ឯង ត្រូវ​នៅ​ចំពោះ​មុខ​ត្រសាល​នៃ​សេចក្ដី​បន្ទាល់​វិញ

3. ត្រូវ​ឲ្យ​គេ​រក្សា​បញ្ញើ​របស់​ឯង នឹង​បញ្ញើ​នៃ​ត្រសាល​ទាំង​មូល​ដែរ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​គេ​ចូល​ទៅ​ជិត​ប្រដាប់‌ប្រដា​ណា​មួយ​របស់​ទី​បរិសុទ្ធ ឬ​ជិត​អាស‌នា​ឡើយ ក្រែង​លោ​គេ​ត្រូវ​ស្លាប់ ព្រម​ទាំង​ឯង​ផង

4. ត្រូវ​ឲ្យ​គេ​នៅ​ជាប់ ធ្វើ​ការ​ជា​មួយ​នឹង​ឯង ហើយ​រក្សា​បញ្ញើ​របស់​ត្រសាល​ជំនុំ សំរាប់​ក្រសួង​ទាំង​ប៉ុន្មាន​នៃ​ត្រសាល​នោះ តែ​មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ណា​ចូល​ទៅ​ជិត​ឯង​ឡើយ

5. ឯ​ឯង​ត្រូវ​ឲ្យ​រក្សា​បញ្ញើ នៃ​ទី​បរិសុទ្ធ និង​បញ្ញើ​នៃ​អាស‌នា ដើម្បី​កុំ​ឲ្យ​មាន​សេចក្ដី​ក្រោធ​មក​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទៀត​ឡើយ

6. ឯ​អញ មើល អញ​បាន​ទទួល​យក​ពួក​លេវី ជា​បង​ប្អូន​ឯង ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​គេ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​បាន​ប្រគល់​ដល់​ឯង សំរាប់​ធ្វើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ

7. ត្រូវ​ឲ្យ​ឯង និង​កូន​ចៅ​ឯង រក្សា​ការ‌ងារ​ជា​សង្ឃ​របស់​ឯង សំរាប់​ការ​ទាំង​អស់​ខាង​ឯ​អាស‌នា ហើយ​ខាង​ក្នុង​វាំង‌នន​ផង គឺ​ឯង​រាល់​គ្នា ដែល​ត្រូវ​ធ្វើ​ការ‌ងារ​នោះ អញ​ឲ្យ​ការ‌ងារ​ជា​សង្ឃ​ដល់​ឯង​រាល់​គ្នា ទុក​ជា​អំណោយ បើ​អ្នក​ដទៃ​ណា​ដែល​ចូល​ទៅ​ជិត នោះ​នឹង​ត្រូវ​ស្លាប់។

8. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អើរ៉ុន​ថា ឯ​អញ មើល អញ​បាន​ប្រគល់​អស់​ទាំង​ដង្វាយ ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង ក្នុង​ដង្វាយ​ទាំង​ប៉ុន្មាន​របស់​ពួក​កូន‌ចៅ​អ៊ីស្រា‌អែល​ទុក​នឹង​ឯង អញ​បាន​ឲ្យ​ដង្វាយ​ទាំង​នោះ​ចំពោះ​ឯង និង​ពួក​កូន​ចៅ​ឯង ទុក​ជា​កំរៃ​នៅ​អស់​កល្ប‌ជានិច្ច ដោយ​ព្រោះ​ការ​ចាក់​ប្រេង​តាំង​ជា​សង្ឃ

9. ក្នុង​ដង្វាយ​បរិសុទ្ធ​បំផុត​ទាំង​ប៉ុន្មាន ដែល​មិន​ត្រូវ​ដុត នោះ​របស់​ទាំង​នេះ​ត្រូវ​បាន​ជា​របស់​ផង​ឯង គឺ​គ្រប់​ទាំង​ដង្វាយ​របស់​គេ ទោះ​បើ​ជា​ដង្វាយ​ម្សៅ ឬ​ដង្វាយ​លោះ​បាប ឬ​ដង្វាយ​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ក្តី ដែល​គេ​នឹង​ថ្វាយ​ដល់​អញ នោះ​ជា​បរិសុទ្ធ​បំផុត​សំរាប់​ឯង ហើយ​នឹង​កូន​ចៅ​ឯង

10. ត្រូវ​ឲ្យ​ឯង​បរិភោគ​របស់​ទាំង​នោះ នៅ​កន្លែង​បរិសុទ្ធ​បំផុត គ្រប់​ទាំង​ប្រុសៗ ត្រូវ​បរិភោគ​ចុះ គឺ​ជា​របស់​បរិសុទ្ធ​ដល់​ឯង

សូមអានជំពូកពេញលេញ ជនគណនា 18