7. ហើយត្រូវថ្វាយស្រាទំពាំងបាយជូរ៣កំប៉ុងសំរាប់ជាដង្វាយច្រួច ទុកជាក្លិនឈ្ងុយដល់ព្រះព្រះយេហូវ៉ា
8. កាលណារៀបគោឈ្មោលសំរាប់ជាដង្វាយដុត ឬយញ្ញបូជាលាបំណន់ ឬជាដង្វាយមេត្រីថ្វាយដល់ព្រះយេហូវ៉ា
9. នោះត្រូវថ្វាយម្សៅយ៉ាងម៉ដ្ត៣ខ្ញឹង សំរាប់ជាដង្វាយម្សៅលាយដោយប្រេង៤កំប៉ុង ជាមួយនឹងគោឈ្មោលនោះ
10. ឯដង្វាយច្រួច នោះត្រូវថ្វាយស្រាទំពាំងបាយជូរ៤កំប៉ុង សំរាប់ជាដង្វាយដុត ទុកក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
11. គឺយ៉ាងនោះដែលត្រូវធ្វើដល់រាល់តែគោឈ្មោលពពែឈ្មោល កូនចៀមឈ្មោល និងកូនពពែនីមួយៗ
12. តាមចំនួនសត្វដែលឯងរៀបថ្វាយ នោះត្រូវតែធ្វើចំពោះសត្វនីមួយៗយ៉ាងដូច្នេះតាមចំនួន
13. អស់អ្នកដែលកើតក្នុងស្រុក ត្រូវតែធ្វើតាមរបៀបនេះ ក្នុងកាលដែលថ្វាយដង្វាយដុត ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
14. ឬបើមានអ្នកប្រទេសក្រៅណា ស្នាក់នៅជាមួយនឹងឯងរាល់គ្នា ឬអ្នកណាក៏ដោយ ដែលនៅកណ្តាលឯងរាល់គ្នាគ្រប់ទាំងដំណតទៅ ចង់ថ្វាយដង្វាយដុត ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា នោះត្រូវឲ្យគេធ្វើដូចជាឯងរាល់គ្នាធ្វើដែរ
15. នៅក្នុងពួកជំនុំ នោះត្រូវមានច្បាប់តែ១ សំរាប់ឯងរាល់គ្នា ហើយសំរាប់អ្នកប្រទេសក្រៅ ដែលស្នាក់នៅជាមួយដែរ គឺជាច្បាប់ដ៏អស់កល្បជានិច្ច នៅអស់ទាំងដំណតទៅ នៅចំពោះព្រះយេហូវ៉ា ទោះទាំងអ្នកប្រទេសក្រៅ ក៏ដូចជាឯងរាល់គ្នាដែរ
16. ត្រូវឲ្យមានរបៀបតែ១ ហើយច្បាប់តែ១ប៉ុណ្ណោះសំរាប់ឯងរាល់គ្នា ហើយនឹងពួកអ្នកប្រទេសក្រៅ ដែលនៅជាមួយនឹងឯងដែរ។
17. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
18. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុក ដែលអញនាំឯងចូលទៅ
19. ហើយឯងនឹងបរិភោគអាហាររបស់ស្រុកនោះ នោះត្រូវឲ្យថ្វាយដង្វាយលើកចុះឡើងដល់ព្រះយេហូវ៉ា
20. ត្រូវយកម្សៅ ដែលលាយមុនដំបូងមកធ្វើជានំ១ ថ្វាយសំរាប់ជាដង្វាយលើកចុះឡើង ត្រូវឲ្យថ្វាយដង្វាយនោះ ដូចជាដង្វាយពីលានស្រូវ ដែលថ្វាយដោយលើកចុះឡើងដែរ
21. នៅអស់ទាំងដំណឯងតទៅ នោះត្រូវយកម្សៅ ដែលលាយមុនដំបូងមក ថ្វាយជាដង្វាយលើកចុះឡើងដល់ព្រះយេហូវ៉ា។
22. បើកាលណាឯងរាល់គ្នាធ្វើខុស ដោយមិនបានប្រព្រឹត្តតាមអស់ទាំងបញ្ញត្តទាំងនេះ ដែលព្រះយេហូវ៉ាបានប្រាប់មកម៉ូសេ
23. គឺអស់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ ចាប់តាំងពីថ្ងៃដែលទ្រង់បានបង្គាប់សេចក្ដីនោះមក ដរាបដល់អស់ទាំងដំណតរៀងទៅ
24. បើសិនជាការកំហុសនោះបានធ្វើដោយឥតដឹង ឥតមានអ្នកណាមួយក្នុងពួកជំនុំបានដឹងសោះ នោះពួកជំនុំទាំងអស់គ្នា ត្រូវថ្វាយកូនគោឈ្មោល១ ទុកជាដង្វាយដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ព្រមទាំងដង្វាយម្សៅ និងដង្វាយច្រួចតាមរបៀបនោះផង ហើយពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាបដែរ