គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 14:6-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ហើយ​យ៉ូស្វេ ជា​កូន​នុន និង​កាលែប ជា​កូន​យេភូនេ ដែល​នៅ​ក្នុង​ពួក​អ្នក​ដើរ​សង្កេត​មើល​ស្រុក គេ​ក៏​ហែក​សំលៀក‌បំពាក់​ខ្លួន

7. ព្រម​ទាំង​និយាយ​ទៅ​ពួក​ជំនុំ នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ថា ស្រុក​ដែល​យើង​បាន​ដើរ​កាត់​សង្កេត​មើល​នោះ ជា​ស្រុក​ល្អ​ក្រៃលែង

8. បើ‌សិន​ជា​ព្រះ‌យេហូវ៉ា ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យើង​រាល់​គ្នា នោះ​ទ្រង់​នឹង​នាំ​យើង ឲ្យ​បាន​ចូល​ទៅ​ក្នុង​ស្រុក​នោះ​ជា​មិន​ខាន ហើយ​នឹង​ប្រទាន​មក​យើង​ផង គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ដ៏​ហូរ‌ហៀរ

9. កុំ​ឲ្យ​តែ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា ឬ​ខ្លាច​មនុស្ស​នៅ​ស្រុក​នោះ​ប៉ុណ្ណោះ ដ្បិត​គេ​ជា​អាហារ​សំរាប់​យើង​រាល់​គ្នា​ទេ ទី​ពឹង​ជ្រក​របស់​គេ​បាន​រើ​ចេញ​ទៅ​បាត់​ហើយ ព្រះ‌យេហូវ៉ា​ក៏​គង់​នៅ​ខាង​យើង​រាល់​គ្នា​ដែរ កុំ​ឲ្យ​ខ្លាច​គេ​ឡើយ

10. ឯ​ពួក​ជំនុំ​ទាំង​អស់​ក៏​ប្រាប់​គ្នា​ថា ចូរ​ចោល​គេ​នឹង​ថ្ម​ទៅ តែ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​លេច​មក​ក្នុង​ត្រសាល​ជំនុំ ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ឃើញ។

11. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា តើ​ជន​ទាំង‌ឡាយ​នេះ នឹង​នៅ​តែ​មើល‌ងាយ​អញ ដល់​កាល​ណា​ទៀត តើ​ដល់​កាល​ណា​ទៀត​ដែល​គេ​នៅ​តែ​មិន​ជឿ​ដល់​អញ ទោះ​បើ​ឃើញ​អស់​ទាំង​ទី​សំគាល់ ដែល​អញ​បាន​ធ្វើ​នៅ​កណ្តាល​គេ​ជា​ច្រើន​ម៉្លេះ​ផង

12. ដូច្នេះ អញ​នឹង​វាយ​គេ ដោយ​ជំងឺ​អាសន្ន‌រោគ ហើយ​នឹង​កាត់‌កាល់​គេ​ចោល​ចេញ រួច​អញ​នឹង​បង្កើត​សាសន៍១​ដ៏​ធំ​ជាង ហើយ​ពូកែ​ជាង​ពី​ឯង​វិញ។

13. តែ​ម៉ូសេ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា បើ​ដូច្នោះ​ពួក​សាសន៍​អេស៊ីព្ទ​នឹង​ឮ​ដែរ (ដ្បិត​ទ្រង់​បាន​នាំ​បណ្តា‌ជន​នេះ​ពី​កណ្តាល​គេ ឡើង​មក​ដោយ​ព្រះ‌ចេស្តា​ទ្រង់)

14. នោះ​គេ​នឹង​ប្រាប់​តៗ​មក ដល់​មនុស្ស​នៅ​ស្រុក​នេះ ដែល​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​តែង​គង់​នៅ​កណ្តាល​ពួក​ជន​នេះ ក៏​ឮ​ថា ពួក​ជន​នេះ​តែង​ឃើញ​ព្រះ‌យេហូវ៉ា​នៅ​ប្រទល់​មុខ ហើយ​ថា ពពក​របស់​ទ្រង់​តែង​ស្ថិត​នៅ​ពី​លើ​គេ ទ្រង់​ក៏​យាង​នាំ​មុខ​គេ​ក្នុង​បង្គោល​ពពក​នៅ​វេលា​ថ្ងៃ និង​ក្នុង​បង្គោល​ភ្លើង​នៅ​វេលា​យប់

15. ដូច្នេះ បើ​ទ្រង់​សំឡាប់​ពួក​ជន​ទាំង​នេះ ដូច​ជា​មនុស្ស​តែ​ម្នាក់ នោះ​សាសន៍​ទាំង​ប៉ុន្មាន ដែល​បាន​ឮ​ល្បី​ពី​ទ្រង់ គេ​នឹង​ដៀល​ថា

16. ដោយ​ព្រោះ​តែ​ព្រះ‌យេហូវ៉ា​ពុំ​អាច​នឹង​នាំ​ពួក​នោះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​ទ្រង់​បាន​ស្បថ​ថា នឹង​ឲ្យ​ទៅ​គេ នោះ​បាន​ជា​ទ្រង់​ត្រឡប់​ជា​សំឡាប់​គេ នៅ​ក្នុង​ទី​រហោ‌ស្ថាន​វិញ

17. ឥឡូវ​នេះ ទូល‌បង្គំ​សូម​អង្វរ​ដល់​ទ្រង់ ឲ្យ​ព្រះ‌ចេស្តា​នៃ​ព្រះ‌អម្ចាស់​បាន​ធំ ដូច​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​រួច​ហើយ​ថា

18. ព្រះ‌យេហូវ៉ា​ទ្រង់​យឺត​នឹង​ខ្ញាល់ ក៏​មាន​សេចក្ដី​មេត្តា‌ករុណា​ជា​បរិបូរ ទ្រង់​តែង​អត់​ទោស​នៃ​សេចក្ដី​ទុច្ចរិត និង​ការ​រំលង តែ​មិន​មែន​រាប់​មនុស្ស​មាន​ទោស ទុក​ជា​គ្មាន​នោះ​ឡើយ គឺ​ទ្រង់​តែង​ធ្វើ​ទោស​នៃ​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​ដល់​កូន​ចៅ​ទាំង​៣​ដំណ ហើយ​៤​ដំណ​ផង

19. ទូល‌បង្គំ​សូម​អង្វរ​ទ្រង់ សូម​អត់​ទោស​នៃ​ការ​ទុច្ចរិត​របស់​ពួក​ជន​នេះ ដោយ​សេចក្ដី​មេត្តា‌ករុណា​ដ៏​ធំ​របស់​ទ្រង់ ដូច​ជា​ទ្រង់​បាន​អត់​ទោស​ដល់​គេ​តាំង​ពី​ស្រុក​អេស៊ីព្ទ រហូត​មក​ដល់​ទី​នេះ​ដែរ។

20. នោះ​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​អត់​ទោស​ឲ្យ តាម​ពាក្យ​ឯង​ហើយ

21. ប៉ុន្តែ​អញ​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​អញ​ថា ផែនដី​ទាំង​មូល​ត្រូវ​បាន​ពេញ​ដោយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា

សូមអានជំពូកពេញលេញ ជនគណនា 14