គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 14:31-44 ព្រះគម្ពីរបរិសុទ្ធ (KHOV)

31. ឯ​អស់​ទាំង​កូន​តូចៗ​របស់​ឯង​រាល់​គ្នា ដែល​ឯង​បាន​ថា វា​នឹង​ទៅ​ជា​រំពា​ដល់​គេ នោះ​អញ​នឹង​នាំ​វា​រាល់​គ្នា​ចូល​វិញ ហើយ​វា​នឹង​បាន​ស្គាល់​ស្រុក​នោះ ដែល​ឯង​រាល់​គ្នា​មិន​បាន​ទាំង​រាប់‌អាន​ផង

32. តែ​ចំណែក​ឯង​រាល់​គ្នា នោះ​ខ្មោច​ឯង​នឹង​ត្រូវ​ដួល​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ

33. ហើយ​កូន​ចៅ​របស់​ឯង​រាល់​គ្នា និង​ដើរ​សាត់‌ព្រាត់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ​អស់​៤០​ឆ្នាំ ព្រម​ទាំង​ទ្រាំទ្រ​នឹង​សេចក្ដី​កំផិត​របស់​ឯង​រាល់​គ្នា ដរាប​ដល់​ខ្មោច​ឯង​ទាំង​ប៉ុន្មាន បាន​រលួយ​ទៅ នៅ​ទី​រហោ‌ស្ថាន​នេះ

34. ឯង​រាល់​គ្នា​នឹង​ត្រូវ​ទ្រាំទ្រ​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​ឯង​អស់​៤០​ឆ្នាំ តាម​ចំនួន​ថ្ងៃ​ដែល​បាន​ដើរ​សង្កេត​មើល​ក្នុង​ស្រុក​នោះ គឺ​ជា​៤០​ថ្ងៃ ក្នុង​១​ថ្ងៃ​ទុក​ជា​១​ឆ្នាំ នោះ​ឯង​រាល់​គ្នា​នឹង​ស្គាល់​សណ្ឋាន​ដែល​ឥត​ពី​អញ​ទៅ ជា​យ៉ាង​ណា

35. អញ​នេះ គឺ​ព្រះ‌យេហូវ៉ា អញ​បាន​ចេញ​វាចា​ហើយ ពិត​ប្រាកដ​ជា​អញ​នឹង​ប្រព្រឹត្ត​នឹង​ពួក​ជំនុំ​ខូច​អាក្រក់ ដែល​បាន​ប្រមូល​គ្នា ទាស់​នឹង​អញ​នេះ​យ៉ាង​ដូច្នេះ គឺ​គេ​នឹង​ត្រូវ​ស្លាប់​រោយ‌រៀវ​ទៅ នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ។

36. ឯ​ពួក​មនុស្ស ដែល​ម៉ូសេ​បាន​ចាត់​ទៅ​សង្កេត​មើល​ក្នុង​ស្រុក​នោះ ដែល​គេ​ត្រឡប់​មក​វិញ បណ្តាល​ឲ្យ​ពួក​ជំនុំ​ទាំង​អស់​រទូ‌រទាំ​ទាស់​នឹង​លោក ដោយ​នាំ​ដំណឹង​អាក្រក់​ពី​ស្រុក​នោះ

37. ពួក​អ្នក​នោះ​ឯង ដែល​បាន​នាំ​ដំណឹង​អាក្រក់​ពី​ស្រុក​នោះ​មក គេ​ក៏​ស្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដោយ​ការ​ប្រហារ​របស់​ទ្រង់​ទៅ

38. ដូច្នេះ ក្នុង​ពួក​មនុស្ស​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក​នោះ មាន​តែ​យ៉ូស្វេ ជា​កូន​នុន និង​កាលែប ជា​កូន​យេភូនេ​ប៉ុណ្ណោះ​ទេ​ដែល​នៅ​រស់។

39. ម៉ូសេ​ក៏​ប្រាប់​សេចក្ដី​ទាំង​នេះ ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន រួច​គេ​យំ​ទួញ​ជា​ខ្លាំង

40. គេ​ភ្ញាក់​ពី​ព្រហាម​រៀង​ឡើង​ទៅ​ឯ​កំពូល​ភ្នំ ដោយ​ពាក្យ​ថា មើល​យើង​ខ្ញុំ​ដល់​នេះ​ហើយ ដូច្នេះ យើង​ខ្ញុំ​នឹង​ឡើង​ទៅ​ឯ​កន្លែង ដែល​ព្រះ‌យេហូវ៉ា​បាន​សន្យា​ទុក​នោះ ដ្បិត​យើង​ខ្ញុំ​បាន​ធ្វើ​បាប​មែន។

41. នោះ​ម៉ូសេ​តប​ថា ម្តេច​ក៏​ឯង​រាល់​គ្នា​រំលង​បង្គាប់​ព្រះ‌យេហូវ៉ា​ទៀត ធ្វើ​ដូច្នោះ​មិន​កើត​ទេ

42. កុំ​ឲ្យ​ឡើង​ទៅ​ធ្វើ​អី ដ្បិត​ព្រះ‌យេហូវ៉ា​មិន​គង់​ជា​មួយ​ឯង​រាល់​គ្នា​ទេ ក្រែង​ឯង​រាល់​គ្នា​ចាញ់​ពួក​ខ្មាំង​សត្រូវ​វិញ

43. ដ្បិត​មាន​សាសន៍​អាម៉ា‌លេក និង​សាសន៍​កាណាន​នៅ​ខាង​មុខ​ឯង​រាល់​គ្នា​នោះ​ហើយ ឯង​នឹង​ត្រូវ​ដួល​ដោយ​ដាវ​របស់​គេ​ជា​មិន​ខាន ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ព្រម​គង់​នៅ​ជា​មួយ​ទេ ពី​ព្រោះ​ឯង​បាន​ថយ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ហើយ

44. ប៉ុន្តែ​គេ​ចេះ​តែ​ខំ​ឡើង​ទៅ​ឯ​កំពូល​ភ្នំ ដោយ​អួត​អាង​វិញ តែ​ឯ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ម៉ូសេ​ផង មិន​បាន​ចេញ​ពី​ទី​ដំឡើង​ត្រសាល​ឡើយ

សូមអានជំពូកពេញលេញ ជនគណនា 14