គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 13:22-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. គេ​ឡើង​ពី​ខាង​ត្បូង​ទៅ​ដល់​ហេប្រុន នៅ​ស្រុក​នោះ​មាន​អ័ហ៊ីម៉ាន សេសាយ និង​តាលម៉ាយ ជា​កូន​អ័ណាក់ (ឯ​ក្រុង​ហេប្រុន​នេះ បាន​សង់​៧​ឆ្នាំ​មុន​ក្រុង​សូអាន ដែល​នៅ​ស្រុក​អេស៊ីព្ទ)

23. រួច​គេ​មក​ដល់​ជ្រោះ​អែស‌កុល ហើយ​កាត់​ផ្លែ​ទំពាំង‌បាយ‌ជូរ​១​ចង្កោម​សែង​គ្នា​២​នាក់ ព្រម​ទាំង​ផ្លែ​ទទឹម និង​ផ្លែ​ល្វា​ផង

24. គេ​ហៅ​ទី​នោះ​ថា ជ្រោះ​អែស‌កុល ដោយ​ព្រោះ​ចង្កោម​ទំពាំង‌បាយ‌ជូរ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​កាត់​នៅ​ទី​នោះ

25. រួច​ក្រោយ​មក​៤០​ថ្ងៃ គេ​ក៏​ត្រឡប់​មក​ពី​សង្កេត​មើល​ស្រុក​នោះ​វិញ។

26. គេ​ត្រឡប់​មក​ដល់​ម៉ូសេ និង​អើរ៉ុន ព្រម​ទាំង​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ត្រង់​កាដេស​ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន ក៏​ជូន​ដំណឹង​ដល់​លោក និង​ពួក​ជំនុំ​ទាំង​អស់​គ្នា ហើយ​បង្ហាញ​ផល​នៃ​ស្រុក​នោះ​ផង

27. គេ​ជំរាប​ថា យើង​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក​ដែល​លោក​ចាត់​យើង​ខ្ញុំ​ឲ្យ​ទៅ​នោះ ស្រុក​នោះ​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​ជា​ប្រាកដ​មែន នេះ​នែ ផល​របស់​ស្រុក​នោះ

28. ប៉ុន្តែ​មនុស្ស​នៅ​ស្រុក​នោះ គេ​ខ្លាំង​ពូកែ​ណាស់ ទី​ក្រុង​របស់​គេ​មាន​កំផែង ហើយ​ក៏​ធំ​ណាស់​ផង ១​ទៀត​យើង​ខ្ញុំ​បាន​ឃើញ​កូន​ចៅ​អ័ណាក់ នៅ​ស្រុក​នោះ​ដែរ

29. សាសន៍​អាម៉ា‌លេក​គេ​នៅ​ស្រុក​ខាង​ត្បូង ហើយ​សាសន៍​ហេត សាសន៍​យេប៊ូស និង​សាសន៍​អាម៉ូរី​គេ​នៅ​ស្រុក​ភ្នំ ឯ​ខាង​សមុទ្រ ហើយ​នៅ​មាត់​ទន្លេ​យ័រដាន់ នោះ​មាន​សាសន៍​កាណាន​វិញ។

30. ឯ​កាលែប លោក​ឲ្យ​បណ្តា‌ជន​នៅ​ស្ងៀម​ចំពោះ​មុខ​ម៉ូសេ រួច​និយាយ​ថា ចូរ​យើង​ឡើង​ទៅ​ចាប់​យក​ស្រុក​នោះ​ជា​ប្រញាប់​កុំ​ខាន ដ្បិត​យើង​អាច​នឹង​យក​បាន​ដោយ​ស្រួល

សូមអានជំពូកពេញលេញ ជនគណនា 13