គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 11:8-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ពួក​បណ្តា‌ជន​ក៏​ចេញ​ទៅ​រើស​យក​មក កិន​នឹង​ត្បាល់​កិន ឬ​បុក​ក្នុង​ត្បាល់​បុក រួច​ចំអិន​ក្នុង​ឆ្នាំង​ធ្វើ​ជា​នំ ក៏​មាន​រស‌ជាតិ​ដូច​ជា​រស‌ជាតិ​នៃ​ប្រេង​ថ្មី

9. នៅ​វេលា​យប់ កាល​ទឹក​សន្សើម​ធ្លាក់​មក​លើ​ទី​ដំឡើង​ត្រសាល នោះ​នំ​ម៉ាន៉ា​ក៏​ធ្លាក់​មក​ជា​មួយ

10. ម៉ូសេ​ក៏​ឮ​បណ្តា‌ជន​យំ នៅ​គ្រប់​ទាំង​គ្រួសារ​គេ គឺ​គ្រប់​គ្នា​នៅ​មាត់​ទ្វារ​ត្រសាល​របស់​ខ្លួន នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ជា​ខ្លាំង ហើយ​ម៉ូសេ​ក៏​អន់​ចិត្ត​ដែរ

11. រួច​ម៉ូសេ​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​ទុក្ខ​ដល់​ទូល‌បង្គំ ជា​អ្នក​បំរើ​ទ្រង់​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​មិន​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់ គឺ​ទ្រង់​បាន​ផ្ទុក​មនុស្ស​ទាំង​នេះ​ជា​បន្ទុក​លើ​ទូល‌បង្គំ​វិញ

12. តើ​ទូល‌បង្គំ​ជា​ឪពុក​នៃ​មនុស្ស​ទាំង​នេះ​ឬ តើ​ទូល‌បង្គំ​បាន​បង្កើត​គេ​មក​ឬ​អី បាន​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល ចូរ​បី​គេ ដូច​ជា​មេ‌ដោះ​បី​កូន​ដែល​នៅ​បៅ នាំ​ទៅ​ឯ​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​អយ្យកោ​គេ​ដូច្នេះ

13. តើ​ទូល‌បង្គំ​នឹង​បាន​សាច់​ពី​ណា​មក ឲ្យ​មនុស្ស​ទាំង​នេះ​បរិភោគ​បាន ដ្បិត​គេ​យំ​តាម​ទូល‌បង្គំ​ថា ចូរ​ឲ្យ​សាច់​មក​យើង​បរិភោគ​ផង

14. រូប​ទូល‌បង្គំ​តែ​ម្នាក់​ឯង នឹង​បី​ទ្រ​មនុស្ស​ទាំង​នេះ​មិន​បាន​ទេ ដ្បិត​គេ​ជា​បន្ទុក​ធ្ងន់​ហួស​កំឡាំង​ទូល‌បង្គំ​ហើយ

15. បើ​ទ្រង់​ប្រព្រឹត្ត​នឹង​ទូល‌បង្គំ​យ៉ាង​ដូច្នេះ ហើយ​បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ពិត នោះ​សូម​សំឡាប់​ទូល‌បង្គំ​ទៅ​វិញ​ចុះ ដើម្បី​កុំ​ឲ្យ​ទូល‌បង្គំ​នៅ​ឃើញ​សេចក្ដី​វេទនា របស់​ទូល‌បង្គំ​ទៀត។

16. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​ប្រមូល​៧០​នាក់​ពី​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល ដែល​ឯង​ដឹង​ថា ជា​ចាស់‌ទុំ​ក្នុង​បណ្តា‌ជន និង​ជា​នាយក​ត្រួត‌ត្រា​លើ​គេ​មែន ឲ្យ​គេ​មក​ឯ​អញ ត្រូវ​នាំ​គេ​មក​ឯ​ត្រសាល​ជំនុំ ឲ្យ​ឈរ​នៅ​ទី​នោះ​ជា​មួយ​នឹង​ឯង

17. អញ​នឹង​ចុះ​មក​និយាយ​នឹង​ឯង ហើយ​នឹង​ចែក​ព្រះ‌វិញ្ញាណ ដែល​សណ្ឋិត​លើ​ឯង ទៅ​ដាក់​លើ​គេ​ផង នោះ​គេ​នឹង​ជួយ​ផ្ទុក​នូវ​បន្ទុក​បណ្តា‌ជន​នេះ​ជា​មួយ​នឹង​ឯង ដើម្បី​កុំ​ឲ្យ​ឯង​ត្រូវ​ផ្ទុក​តែ​ម្នាក់​ឯង​ឡើយ

18. ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​បណ្តា‌ជន​ថា ចូរ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ឲ្យ​ទាន់​នៅ​ថ្ងៃ​ស្អែក នោះ​នឹង​បាន​សាច់​បរិភោគ​ហើយ ដ្បិត​ឯង​រាល់​គ្នា​បាន​យំ​ដាក់​ព្រះ‌កាណ៌​នៃ​ព្រះ‌យេហូវ៉ា​ថា តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​មក​យើង​បរិភោគ ដ្បិត​ដែល​យើង​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ នោះ​ស្រួល​ណាស់ ដូច្នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រទាន​សាច់​មក ហើយ​ឯង​រាល់​គ្នា​នឹង​បរិភោគ​ផង

19. មិន​មែន​ត្រឹម​តែ​១​ថ្ងៃ ២​ថ្ងៃ ឬ​៥​ថ្ងៃ ១០​ថ្ងៃ ឬ​២០​ថ្ងៃ​ប៉ុណ្ណោះ​ទេ

20. គឺ​ឯង​រាល់​នឹង​បរិភោគ​ពេញ​១​ខែ​វិញ ទាល់​តែ​សាច់​នោះ​ចេញ​តាម​រន្ធ​ច្រមុះ​ឯង​មក ហើយ​ឯង​នឹង​ធុញ‌ទ្រាន់​ចំពោះ​សាច់​នោះ ពី​ព្រោះ​ឯង​រាល់​គ្នា​បាន​ជិន‌ណាយ​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​គង់​កណ្តាល​ពួក​ឯង ហើយ​បាន​យំ​នៅ​ចំពោះ​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ។

21. រួច​ម៉ូសេ​ទូល​សួរ​ថា បណ្តា​មនុស្ស​ដែល​ទូល‌បង្គំ​នៅ​ជា​មួយ​នេះ មាន​ពួក​ថ្មើរ​ជើង​ចំនួន​៦​សែន​នាក់ ដូច្នេះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នឹង​ឲ្យ​សាច់​ដល់​គេ​គ្រប់​គ្នា ឲ្យ​បាន​បរិភោគ​ពេញ​១​ខែ​ឬ

22. តើ​ត្រូវ​សំឡាប់​ហ្វូង​សត្វ​ទាំង​ធំ​ទាំង​តូច ឲ្យ​ល្មម​ដល់​គេ​ឬ​អី ឬ​ត្រូវ​ប្រមូល​ត្រី​ក្នុង​សមុទ្រ​ទាំង​អស់​មក ឲ្យ​ល្មម​ដល់​គេ​ដែរ

សូមអានជំពូកពេញលេញ ជនគណនា 11