គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 11:26-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. រីឯ​មាន​ពួក​គេ​២​នាក់ រារង់​នៅ​ឯ​ទី​ដំឡើង​ត្រសាល​១​ឈ្មោះ​អែលដាត ១​ទៀត​ឈ្មោះ​មីដាត ជា​ពួក​អ្នក​ដែល​ចុះ​ឈ្មោះ​រួច​ហើយ តែ​មិន​បាន​ចេញ​ទៅ​ឯ​រោង​ឧបោសថ​ទេ ព្រះ‌វិញ្ញាណ​ក៏​សណ្ឋិត​លើ​គេ​ដែរ ហើយ​គេ​ទាយ​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល

27. នោះ​មាន​មនុស្ស​កំឡោះ​ម្នាក់​រត់​ទៅ​ជំរាប​ម៉ូសេ​ពី​រឿង​នោះ​ថា អែលដាត និង​មីដាត គេ​កំពុង​តែ​ទាយ​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល

28. រួច​យ៉ូស្វេ ជា​កូន​នុន ដែល​ជា​អ្នក​ជំនិត​របស់​ម៉ូសេ តាំង​ពី​កំឡោះ​មក ក៏​និយាយ​ថា លោក​ម្ចាស់​ខ្ញុំ​អើយ សូម​ហាម​គេ​ទៅ

29. តែ​ម៉ូសេ​ឆ្លើយ​ថា តើ​ឯង​ច្រណែន​ជំនួស​អញ​ឬ​អី អញ​សុខ​ចិត្ត​ឲ្យ​បណ្តា‌ជន​ទាំង‌ឡាយ​របស់​ព្រះ‌យេហូវ៉ា ចេះ​ទាយ​ដែរ ហើយ​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ដាក់​ព្រះ‌វិញ្ញាណ​ទ្រង់ លើ​គេ​គ្រប់​គ្នា​ចុះ

30. នោះ​ម៉ូសេ ព្រម​ទាំង​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ឯ​ទី​ដំឡើង​ត្រសាល​វិញ។

31. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​នាំ​សុទ្ធ​តែ​សត្វ​ក្រួច​ពី​សមុទ្រ​មក ឲ្យ​រាច​ចេញ​នៅ​គ្រប់​ជុំវិញ​ទី​ដំឡើង​ត្រសាល មាន​ចំងាយ​ដើរ​១​ថ្ងៃ​ខាង​ណេះ ហើយ​១​ថ្ងៃ​ខាង​ណោះ នៅ​ព័ទ្ធ​ជុំវិញ ហើយ​កំពស់​ពី​ដី​ឡើង ប្រហែល​ជា​២​ហត្ថ

32. ឯ​បណ្តា‌ជន​ទាំង‌ឡាយ គេ​ក៏​ក្រោក​ឡើង ឈរ​ចាប់​ក្រួច​ពេញ​១​ថ្ងៃ​១​យប់​នោះ ហើយ​១​ថ្ងៃ​ស្អែក​ទៀត អ្នក​ណា​ដែល​ចាប់​បាន​តិច​ជាង​គេ នោះ​បាន​ដល់​១០​ហាប រួច​គេ​ហាល​សាច់​សត្វ​ទាំង​នោះ នៅ​គ្រប់​ជុំវិញ​ទី​ដំឡើង​ត្រសាល​ទុក​សំរាប់​ខ្លួន​គេ

33. តែ​កាល​សាច់​នោះ​កំពុង​តម្កល់​នៅ​នា​ធ្មេញ មិន​ទាន់​ទំពារ​នៅ​ឡើយ នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា ក៏​ឆួល​ក្តៅ​ឡើង​ទាស់​នឹង​គេ ហើយ​ទ្រង់​វាយ​បណ្តា‌ជន​ទាំង‌ឡាយ ដោយ​សេចក្ដី​វេទនា​យ៉ាង​ធំ

34. ឯ​ឈ្មោះ​កន្លែង​នោះ​គេ​ក៏​ហៅ​ថា គីប្រុត​ហាតាវ៉ា ពី​ព្រោះ​នៅ​ទី​នោះ គេ​បាន​កប់​ខ្មោច​នៃ​ពួក​អ្នក​ដែល​នឹក​ប៉ង‌ប្រាថ្នា​នោះ

35. រួច​បណ្តា‌ជន​គេ​ធ្វើ​ដំណើរ​ពី​គីប្រុត-ហាតាវ៉ា ទៅ​ដល់​ហាសិរ៉ូត ហើយ​ក៏​ឈប់​នៅ​ត្រង់​ហាសិរ៉ូត​នោះ។

សូមអានជំពូកពេញលេញ ជនគណនា 11