គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 11:23-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​នឹង​ម៉ូសេ​ថា តើ​ព្រះ‌ហស្ត​ព្រះ‌យេហូវ៉ា​បាន​រួញ​ខ្លី​ឬ​អី ឥឡូវ​នេះ​ឯង​នឹង​ឃើញ​ពិត បើ​ពាក្យ​អញ​ថា​នឹង​កើត​មក​ដល់​ឯង​មែន ឬ​មិន​មែន។

24. ម៉ូសេ​ក៏​នាំ​យក​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ចេញ​ទៅ​ប្រាប់​ដល់​បណ្តា‌ជន រួច​លោក​ប្រមូល​ពួក​ចាស់‌ទុំ​នៃ​បណ្តា‌ជន​៧០​នាក់ មក​ដាក់​ឲ្យ​ឈរ​នៅ​ជុំវិញ​ត្រសាល​ជំនុំ

25. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចុះ​មក​ក្នុង​ពពក មាន​ព្រះ‌បន្ទូល​នឹង​លោក រួច​ក៏​ចែក​ព្រះ‌វិញ្ញាណ ដែល​សណ្ឋិត​លើ​លោក​ទៅ​ដាក់​លើ​ពួក​ចាស់‌ទុំ​ទាំង​៧០​នាក់​នោះ​ផង កាល​ព្រះ‌វិញ្ញាណ​បាន​សណ្ឋិត​លើ​គេ​ហើយ នោះ​ស្រាប់​តែ​គេ​ទាយ​ទំនាយ​ម្តង តែ​មិន​បាន​ទាយ​ត​ទៅ​មុខ​ទៀត​ទេ។

26. រីឯ​មាន​ពួក​គេ​២​នាក់ រារង់​នៅ​ឯ​ទី​ដំឡើង​ត្រសាល​១​ឈ្មោះ​អែលដាត ១​ទៀត​ឈ្មោះ​មីដាត ជា​ពួក​អ្នក​ដែល​ចុះ​ឈ្មោះ​រួច​ហើយ តែ​មិន​បាន​ចេញ​ទៅ​ឯ​រោង​ឧបោសថ​ទេ ព្រះ‌វិញ្ញាណ​ក៏​សណ្ឋិត​លើ​គេ​ដែរ ហើយ​គេ​ទាយ​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល

27. នោះ​មាន​មនុស្ស​កំឡោះ​ម្នាក់​រត់​ទៅ​ជំរាប​ម៉ូសេ​ពី​រឿង​នោះ​ថា អែលដាត និង​មីដាត គេ​កំពុង​តែ​ទាយ​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល

28. រួច​យ៉ូស្វេ ជា​កូន​នុន ដែល​ជា​អ្នក​ជំនិត​របស់​ម៉ូសេ តាំង​ពី​កំឡោះ​មក ក៏​និយាយ​ថា លោក​ម្ចាស់​ខ្ញុំ​អើយ សូម​ហាម​គេ​ទៅ

29. តែ​ម៉ូសេ​ឆ្លើយ​ថា តើ​ឯង​ច្រណែន​ជំនួស​អញ​ឬ​អី អញ​សុខ​ចិត្ត​ឲ្យ​បណ្តា‌ជន​ទាំង‌ឡាយ​របស់​ព្រះ‌យេហូវ៉ា ចេះ​ទាយ​ដែរ ហើយ​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ដាក់​ព្រះ‌វិញ្ញាណ​ទ្រង់ លើ​គេ​គ្រប់​គ្នា​ចុះ

30. នោះ​ម៉ូសេ ព្រម​ទាំង​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ឯ​ទី​ដំឡើង​ត្រសាល​វិញ។

31. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​នាំ​សុទ្ធ​តែ​សត្វ​ក្រួច​ពី​សមុទ្រ​មក ឲ្យ​រាច​ចេញ​នៅ​គ្រប់​ជុំវិញ​ទី​ដំឡើង​ត្រសាល មាន​ចំងាយ​ដើរ​១​ថ្ងៃ​ខាង​ណេះ ហើយ​១​ថ្ងៃ​ខាង​ណោះ នៅ​ព័ទ្ធ​ជុំវិញ ហើយ​កំពស់​ពី​ដី​ឡើង ប្រហែល​ជា​២​ហត្ថ

32. ឯ​បណ្តា‌ជន​ទាំង‌ឡាយ គេ​ក៏​ក្រោក​ឡើង ឈរ​ចាប់​ក្រួច​ពេញ​១​ថ្ងៃ​១​យប់​នោះ ហើយ​១​ថ្ងៃ​ស្អែក​ទៀត អ្នក​ណា​ដែល​ចាប់​បាន​តិច​ជាង​គេ នោះ​បាន​ដល់​១០​ហាប រួច​គេ​ហាល​សាច់​សត្វ​ទាំង​នោះ នៅ​គ្រប់​ជុំវិញ​ទី​ដំឡើង​ត្រសាល​ទុក​សំរាប់​ខ្លួន​គេ

33. តែ​កាល​សាច់​នោះ​កំពុង​តម្កល់​នៅ​នា​ធ្មេញ មិន​ទាន់​ទំពារ​នៅ​ឡើយ នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា ក៏​ឆួល​ក្តៅ​ឡើង​ទាស់​នឹង​គេ ហើយ​ទ្រង់​វាយ​បណ្តា‌ជន​ទាំង‌ឡាយ ដោយ​សេចក្ដី​វេទនា​យ៉ាង​ធំ

សូមអានជំពូកពេញលេញ ជនគណនា 11