គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 10:1-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ទ្រង់​ដល់​ម៉ូសេ​ថា

2. ចូរ​យក​ប្រាក់​មក​ផែ ធ្វើ​ជា​ត្រែ​២​សំរាប់​ឯង ត្រូវ​ប្រើ​ត្រែ​នោះ​សំរាប់​នឹង​ផ្លុំ​ហៅ​ពួក​ជំនុំ ឲ្យ​មូល​គ្នា ហើយ​នឹង​សំរាប់​ឲ្យ​បណ្តា‌ជន​ធ្វើ​ដំណើរ​ទៅ

3. កាល​ណា​គេ​ផ្លុំ​ឡើង នោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា ត្រូវ​ប្រជុំ​មក​ឯ​ឯង ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ

4. បើ​ផ្លុំ​តែ​ម្តង នោះ​ពួក​ដែល​ជា​កំពូល គឺ​ជា​ពួក​មេ​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ត្រូវ​ប្រជុំ​គ្នា​មក​ឯ​ឯង

5. កាល​ណា​ផ្លុំ​ដោយ​សំឡេង​រន្ថាន់​១​ដង នោះ​ពួក​ដែល​ដំឡើង​ត្រសាល​ខាង​កើត ត្រូវ​ចេញ​ដំណើរ​ទៅ

6. ហើយ​កាល​ណា​ផ្លុំ​ដោយ​សំឡេង​រន្ថាន់​ម្តង​ទៀត នោះ​ពួក​ដែល​ដំឡើង​ត្រសាល​នៅ​ខាង​ត្បូង ត្រូវ​ចេញ​ដំណើរ​ទៅ ត្រូវ​ផ្លុំ​ឲ្យ​មាន​សំឡេង​រន្ថាន់ ដើម្បី​ឲ្យ​គេ​ធ្វើ​ដំណើរ​ទៅ​ដូច្នេះ

7. តែ​កាល​ណា​ត្រូវ​ប្រជុំ​ពួក​ជំនុំ នោះ​ត្រូវ​ផ្លុំ​ដែរ តែ​ឥត​មាន​សំឡេង​រន្ថាន់​ទេ

8. ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អើរ៉ុន ដ៏​ជា​ពួក​សង្ឃ​ផ្លុំ​ត្រែ​នោះ ហើយ​ត្រែ​នោះ​ឯង ជា​បញ្ញត្ត​ច្បាប់​ដល់​ឯង​រាល់​គ្នា នៅ​អស់​កល្ប‌ជានិច្ច គ្រប់​ទាំង​ដំណ​ត​ទៅ

9. បើ​កាល​ណា​ឯង​រាល់​គ្នា​ចេញ​ទៅ​ច្បាំង នឹង​ពួក​ខ្មាំង​សត្រូវ ដែល​មក​សង្កត់‌សង្កិន​ក្នុង​ស្រុក​របស់​ឯង នោះ​ត្រូវ​ផ្លុំ​ត្រែ​ឲ្យ​មាន​សំឡេង​ស្លន់ ទើប​នឹង​មាន​សេចក្ដី​នឹក​រឭក​ពី​ឯង​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​នឹង​មាន​សេចក្ដី​សង្គ្រោះ ឲ្យ​ឯង​រាល់​គ្នា​រួច​ពី​ខ្មាំង​សត្រូវ​ចេញ

10. រីឯ​នៅ​ថ្ងៃ​អំណរ និង​នៅ​ថ្ងៃ​បុណ្យ​ដ៏​មុត‌មាំ របស់​ឯង​រាល់​គ្នា ហើយ​នៅ​ថ្ងៃ​ចូល​ខែ នោះ​ឯង​ត្រូវ​ផ្លុំ​ត្រែ​ពី​លើ​ដង្វាយ​ដុត និង​យញ្ញ‌បូជា នៃ​ដង្វាយ​មេត្រី​របស់​ឯង នោះ​នឹង​មាន​សេចក្ដី​រំឭក​ដល់​ឯង​រាល់​គ្នា នៅ​ចំពោះ​ព្រះ​នៃ​ឯង អញ​នេះ​ហើយ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង។

11. ដល់​ថ្ងៃ​២០ ខែ​ពិសាខ ក្នុង​ឆ្នាំ​ទី​២ នោះ​ពពក​ក៏​ឡើង​ផុត​ពី​រោង​ឧបោសថ​ផង​សេចក្ដី​បន្ទាល់

12. រួច​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ធ្វើ​ដំណើរ​ចេញ​ពី​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ដើរ​ទៅ​តាម​របៀប​ដែល​គេ​ដើរ​មុន​ក្រោយ ហើយ​ពពក​ក៏​ឈប់​នៅ​ទី​រហោ‌ស្ថាន​ប៉ារ៉ាន

13. នៅ​ជាន់​មុន​ដំបូង​នោះ គេ​ចេញ​ដំណើរ​ទៅ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដោយ‌សារ​ម៉ូសេ

14. ឯ​ទី​១ នោះ​មាន​ទង់‌ជ័យ​នៃ​ទី​ដំឡើង​ត្រសាល របស់​ពួក​កូន​ចៅ​យូដា នាំ​គ្នា​ចេញ​ទៅ​តាម​ពួក​កង​គេ មាន​ណាសូន​ជា​កូន​អ័មី‌ន៉ាដាប់ ត្រួត​លើ​ពួក​កង​គេ

15. ហើយ​នេថា‌នេល​ជា​កូន​ស៊ូហារ ត្រួត​លើ​ពួក​កង​របស់​ពូជ​អំបូរ​កូន​ចៅ​អ៊ីសាខារ

16. និង​អេលាប ជា​កូន​ហេល៉ូន ត្រួត​លើ​ពួក​កង​នៃ​ពូជ​អំបូរ​កូន​ចៅ​សាប់‌យូល៉ូន

17. នោះ​បាន​រុះ​រោង​ឧបោសថ ហើយ​ពួក​កូន​ចៅ​គើសុន និង​ពួក​កូន​ចៅ​ម្រ៉ារី ក៏​ចេញ​ទៅ​ទាំង​លី‌សែង​រោង​នោះ

សូមអានជំពូកពេញលេញ ជនគណនា 10