គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 9:6-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ដូច្នេះ ពួក​មនុស្ស​នៅ​ស៊ីគែម និង​ពួក​បន្ទាយ​មីឡូរ​ទាំង​អស់ ក៏​មូល​មក​ព្រម​គ្នា​នឹង​ទៅ​លើក​តាំង​អ័ប៊ី‌ម៉្មា‌ឡិច នៅ​ត្រង់​ដើម​ម៉ៃសាក់​ក្នុង​បន្ទាយ​នៅ​ត្រង់​ស៊ីគែម ឲ្យ​ធ្វើ​ជា​ស្តេច​ឡើង។

7. មាន​គេ​នាំ​ដំណឹង​នោះ ទៅ​ប្រាប់​ដល់​យ៉ូថាម រួច​គាត់​ក៏​ទៅ​ឈរ​នៅ​លើ​កំពូល​ភ្នំ​កេរិស៊ីម ទាំង​បន្លឺ​វាចា​ឡើង​ថា ឱ​ពួក​មនុស្ស​នៅ​ស៊ីគែម​អើយ ចូរ​ស្តាប់​ខ្ញុំ ដើម្បី​ឲ្យ​ព្រះ​បាន​ស្តាប់​អ្នក​រាល់​គ្នា​ដែរ

8. មាន​កាល​១​ថ្ងៃ​ពួក​ដើម​ឈើ​ចង់​ធ្វើ​បុណ្យ​ចាក់​ប្រេង តាំង​ឲ្យ​មាន​ស្តេច​ឡើង ក៏​ទៅ​សូម​ដល់​ដើម​អូលីវ​ថា សូម​ឲ្យ​អ្នក​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​ទៅ

9. តែ​ដើម​អូលីវ​ប្រកែក​ថា តើ​គួរ​ឲ្យ​ខ្ញុំ​លះ​ចោល​ប្រេង​ខ្ញុំ ដែល​សំរាប់​ប្រើ​នឹង​លើក​ដំកើង​ព្រះ ហើយ​នឹង​មនុស្ស​ផង ទៅ​រញ្ជួយ​គ្រប​ពី​លើ​អស់​ទាំង​ដើម​ឈើ​ឬ​អី

10. រួច​ពួក​ដើម​ឈើ​ទាំង​នោះ​ក៏​សូម​ដល់​ដើម​ល្វា​ថា សូម​ឲ្យ​អ្នក​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​ទៅ

11. តែ​ដើម​ល្វា​ប្រកែក​ថា តើ​គួរ​ឲ្យ​ខ្ញុំ​លះ​ចោល​រស‌ជាតិ​ផ្អែម និង​ផល​ល្អ​របស់​ខ្ញុំ ទៅ​រញ្ជួយ​គ្រប​ពី​លើ​អស់​ទាំង​ដើម​ឈើ​ឬ​អី

12. នោះ​ពួក​ដើម​ឈើ​ក៏​សូម​ដល់​ដើម​ទំពាំង‌បាយ‌ជូរ​ថា សូម​ឲ្យ​អ្នក​មក​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​ទៅ

13. តែ​ដើម​ទំពាំង‌បាយ‌ជូរ​ប្រកែក​ថា តើ​គួរ​ឲ្យ​ខ្ញុំ​លះ​ចោល​ជាតិ​ទឹក​ផ្លែ​របស់​ខ្ញុំ ដែល​នាំ​ឲ្យ​ទាំង​ព្រះ និង​មនុស្ស​ផង បាន​សប្បាយ​ឡើង ដើម្បី​ទៅ​រញ្ជួយ​គ្រប​ពី​លើ​អស់​ទាំង​ដើម​ឈើ​ឬ​អី

14. រួច​មក​ដើម​ឈើ​ទាំង​នោះ ក៏​ទៅ​សូម​ដល់​គុម្ព​បន្លា​ថា សូម​ឲ្យ​អ្នក​មក​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​ទៅ

15. នោះ​គុម្ព​បន្លា​ឆ្លើយ​ឡើង​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​ចង់​ចាក់​ប្រេង តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា​ពិត នោះ​ចូរ​ឲ្យ​មក​ជ្រក​នៅ​ក្រោម​ម្លប់​ខ្ញុំ​ចុះ ពុំ​នោះ​សោត នឹង​មាន​ភ្លើង​ចេញ​ពី​គុម្ព​បន្លា​មក​បញ្ឆេះ​ដល់​ទៅ​អស់​ទាំង​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន​ផង។

16. ឥឡូវ​នេះ បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ដ៏​ទៀង​ត្រង់​ត្រឹម​ត្រូវ ដោយ​បាន​តាំង​អ័ប៊ី‌ម៉្មា‌ឡិច​ឲ្យ​ធ្វើ​ជា​ស្តេច បើ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ល្អ​នឹង​យេរូ-បាល ព្រម​ទាំង​ពួក​គ្រួ​លោក ហើយ​បាន​សង​គុណ​ដល់​ការ​ដែល​ដៃ​លោក​ធ្វើ

17. ដ្បិត​ឪពុក​ខ្ញុំ​បាន​ប្រថុយ​ជីវិត ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ព្រម​ទាំង​ដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ម៉ាឌាន​ផង

18. ហើយ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​លើក​គ្នា​មក​ទាស់​នឹង​ពួក​គ្រួ​ឪពុក​ខ្ញុំ​វិញ ព្រម​ទាំង​សំឡាប់​កូន​របស់​លោក​៧០​នាក់ នៅ​លើ​ថ្ម​តែ​១ ហើយ​លើក​តាំង​អ័ប៊ី‌ម៉្មា‌ឡិច ជា​កូន​របស់​បាវ​បំរើ​លោក ឲ្យ​ធ្វើ​ជា​ស្តេច​លើ​បណ្តា​មនុស្ស​នៅ​ស៊ីគែម ដោយ​ព្រោះ​តែ​គេ​ជា​សាច់‌ញាតិ និង​អ្នក​រាល់​គ្នា​ដូច្នេះ

19. អើ បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា បាន​ប្រព្រឹត្ត​ត្រឹម​ត្រូវ ហើយ​ស្មោះ‌ត្រង់​នឹង​យេរូ-បាល ព្រម​ទាំង​ពួក​គ្រួ​លោក​ទាំង​ប៉ុន្មាន​នៅ​ថ្ងៃ​នេះ នោះ​ចូរ​ឲ្យ​ត្រេក‌អរ​សប្បាយ​ចំពោះ​អ័ប៊ី‌ម៉្មា‌ឡិចចុះ ហើយ​ឲ្យ​គេ​បាន​រីក‌រាយ​នឹង​អ្នក​រាល់​គ្នា​ដែរ

20. ពុំ​នោះ​សោត សូម​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អ័ប៊ី‌ម៉្មា‌ឡិច មក​បញ្ឆេះ​ពួក​មនុស្ស​នៅ​ស៊ីគែម និង​ពួក​បន្ទាយ​មីឡូរ​ទៅ ហើយ​ក៏​សូម​ឲ្យ​មាន​ភ្លើង​ចេញ​ពី​ពួក​មនុស្ស​នៅ​ស៊ីគែម និង​ពួក​បន្ទាយ​មីឡូរ មក​បញ្ឆេះ​អ័ប៊ី‌ម៉្មា‌ឡិច​ដែរ

21. រួច​យ៉ូថាម​ក៏​ដក​ខ្លួន​រត់​រួច​ទៅ​ឯ​ស្រុក​ប្អៀរ ស្នាក់​នៅ​ទី​នោះ​ដោយ​ព្រោះ​ខ្លាច​អ័ប៊ី‌ម៉្មា‌ឡិច​ជា​បង។

22. អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ជែង​គ្រប់​គ្រង លើ​ពួក​អ៊ីស្រា‌អែល​អស់​៣​ឆ្នាំ

23. លំដាប់​នោះ​ព្រះ​ទ្រង់​បណ្តាល​ឲ្យ​អ័ប៊ី‌ម៉្មា‌ឡិច និង​ពួក​មនុស្ស​នៅ​ស៊ីគែម មាន​គំនិត​អាក្រក់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ពួក​មនុស្ស​នៅ​ស៊ីគែម​ក៏​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្បត់​ចំពោះ​អ័ប៊ី‌ម៉្មា‌ឡិច

24. ដើម្បី​ឲ្យ​ឈាម​នៃ​ពួក​កូន​យេរូ-បាល​ទាំង​៧០​នាក់ ដែល​អ័ប៊ី‌ម៉្មា‌ឡិច ជា​ប្អូន​បាន​សំឡាប់​ដោយ​សាហាវ បាន​ធ្លាក់​មក​លើ​លោក និង​ពួក​មនុស្ស​នៅ​ស៊ីគែម ដែល​បាន​ចំរើន​កំឡាំង​ដៃ​លោក ឲ្យ​សំឡាប់​បង​ប្អូន​ផង

សូមអានជំពូកពេញលេញ ចៅហ្វាយ 9