គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 9:43-56 ព្រះគម្ពីរបរិសុទ្ធ (KHOV)

43. នោះ​អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ចែក​ពួក​ទ័ព​ជា​៣​ផ្នែក នាំ​ចេញ​ទៅ​បង្កប់​ខ្លួន​នៅ​ឯ​វាល តែ​កាល​លោក​ក្រឡេក​មើល​ទៅ​ឃើញ​ពួក​បណ្តា‌ជន កំពុង​ចេញ​ពី​ទី​ក្រុង​មក​ទៀត នោះ​ក៏​ក្រោក​ស្ទុះ​ចូល​ទៅ​វាយ​គេ

44. រួច​លោក និង​ពួក​ទ័ព​១​ផ្នែក​ដែល​នៅ​ជា​មួយ ក៏​រត់​ទៅ​ពី​ខាង​មុខ ឈរ​នៅ​មាត់​ទ្វារ​ក្រុង ឯ​ពួក​ទ័ព​២​ផ្នែក​ឯ​ទៀត ក៏​ស្ទុះ​ចូល​ទៅ​វាយ​ពួក​ដែល​នៅ​ឯ​វាល​នោះ

45. អ័ប៊ី‌ម៉្មា‌ឡិច​បាន​ច្បាំង​នឹង​ពួក​ទី​ក្រុង​នោះ​អស់​ពេញ​១​ថ្ងៃ ក៏​ចាប់​យក​ទី​ក្រុង​បាន ហើយ​សំឡាប់​ពួក​បណ្តា‌ជន​ទាំង​ប៉ុន្មាន រួច​រំលំ​ទី​ក្រុង ព្រម​ទាំង​បាច​អំបិល​ទៅ​លើ​ផង។

46. កាល​ពួក​មនុស្ស នៅ​ប៉ម​ស៊ីគែម បាន​ឮ​ដំណឹង​នោះ គេ​ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​មាន​កំផែង​មាំ‌មួន ត្រង់​វិហារ​ព្រះ‌បេរីត

47. មាន​គេ​ជំរាប​ដល់​អ័ប៊ី‌ម៉្មា‌ឡិច​ថា ពួក​មនុស្ស​នៅ​ប៉ម​ស៊ីគែម​បាន​មូល​គ្នា​ហើយ

48. នោះ​អ័ប៊ី‌ម៉្មា‌ឡិច ព្រម​ទាំង​ពួក​ទ័ព​ដែល​នៅ​ជា​មួយ ក៏​ឡើង​ទៅ​លើ​ភ្នំ​សាល‌ម៉ូន លោក​យក​ពូថៅ​ទៅ​កាប់​មែក​ឈើ​១​លី​ទៅ ហើយ​បង្គាប់​ដល់​ពួក​មនុស្ស​ដែល​នៅ​ជា​មួយ​ថា ចូរ​ឯង​រាល់​គ្នា​ប្រញាប់​នឹង​ធ្វើ​តាម ដូច​ជា​អញ​ចុះ

49. ដូច្នេះ គេ​ក៏​កាប់​មែក​ឈើ​រៀង​ខ្លួន​លី​ទៅ​តាម រួច​ដាក់​មែក​ឈើ​ទាំង​នោះ នៅ​ត្រង់​ជើង​បន្ទាយ ហើយ​ដុត​បញ្ឆេះ​ពី​លើ​គេ​ទៅ ដូច្នេះ ពួក​មនុស្ស​ដែល​នៅ​ប៉ម​ស៊ីគែម​ទាំង​ប៉ុន្មាន ក៏​ស្លាប់​អស់ ទាំង​ប្រុស​ទាំង​ស្រី មាន​ចំនួន​ប្រហែល​ជា​១​ពាន់​នាក់។

50. រួច​អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ទៅ​ដល់​ថេបេស បោះ​ទ័ព​ទាស់​នឹង​គេ ហើយ​ចាប់​យក​ទី​ក្រុង​បាន

51. តែ​នៅ​ក្នុង​ទី​ក្រុង​នោះ មាន​ប៉ម​១​មាំ‌មួន​ណាស់ ឯ​ពួក​មនុស្ស​នៅ​ក្រុង​ទាំង​អស់​គ្នា ទាំង​ប្រុស​ទាំង​ស្រី គេ​ក៏​រត់​ទៅ​ជ្រក​នៅ​ប៉ម​នោះ រួច​បិទ​ទ្វារ​នាំ​គ្នា​ឡើង​ទៅ​ដល់​កំពូល

52. អ័ប៊ី‌ម៉្មា‌ឡិច​ក៏​មក​ច្បាំង​នឹង​ទី​ប៉ម ហើយ​ចូល​ទៅ​ដល់​មាត់​ទ្វារ ដើម្បី​នឹង​បង្កាត់​ភ្លើង​ដុត​ចោល

53. ខណៈ​នោះ មាន​ស្ត្រី​ម្នាក់​យក​គ្រប​ត្បាល់​កិន បោះ​មក​លើ ត្រូវ​បែក​ក្បាល​អ័ប៊ី‌ម៉្មា‌ឡិច​ទៅ

54. ដូច្នេះ លោក​ហៅ​មនុស្ស​កំឡោះ ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក មក​ជា​ប្រញាប់​ប្រាប់​ថា ចូរ​ឯង​ហូត​ដាវ​មក​សំឡាប់​អញ​ទៅ ដើម្បី​កុំ​ឲ្យ​មាន​ពាក្យ​ដំនៀល​ថា មាន​ស្រី​បាន​សំឡាប់​អញ​នោះ​ឡើយ ដូច្នេះ មនុស្ស​កំឡោះ​នោះ ក៏​ចាក់​ទំលុះ​លោក​សំឡាប់​ចោល​ទៅ

55. កាល​ពួក​សាសន៍​អ៊ីស្រា‌អែល​បាន​ឃើញ​ថា អ័ប៊ី‌ម៉្មា‌ឡិច​ស្លាប់​ហើយ នោះ​គេ​ក៏​ត្រឡប់​ទៅ​ឯ​កន្លែង​គេ​រៀង​ខ្លួន​វិញ

56. គឺ​យ៉ាង​នោះ​ហើយ​ដែល​ព្រះ​បាន​សង​អំពើ​ដ៏​លាមក​អាក្រក់ ដែល​លោក​បាន​ធ្វើ​ដល់​ឪពុក​ខ្លួន ដោយ​សំឡាប់​បង​ប្អូន​ទាំង​៧០​នាក់​នោះ

សូមអានជំពូកពេញលេញ ចៅហ្វាយ 9