គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 9:36-49 ព្រះគម្ពីរបរិសុទ្ធ (KHOV)

36. កាល​កាអាល​បាន​ឃើញ​គេ ក៏​ប្រាប់​ដល់​សេប៊ុល​ថា មើល មាន​មនុស្ស​ចុះ​ពី​ភ្នំ​នោះ​មក​ហើយ តែ​សេប៊ុល​ឆ្លើយ​ថា នោះ​ជា​ស្រមោល​ភ្នំ​ទេ ដែល​អ្នក​មើល​ទៅ​ឃើញ​ដូច​ជា​មនុស្ស​វិញ

37. កាអាល​ក៏​ប្រាប់​ម្តង​ទៀត​ថា មើល​នុ៎ះន៏ មាន​គេ​មក​ពី​ទួល​ខ្ពស់​នោះ​ហើយ ក៏​មាន​១​ពួក​ទៀត​មក​តាម​ផ្លូវ​ដើម​ម៉ៃសាក់​មេវនេ‌នីម​ដែរ

38. នោះ​សេប៊ុល​ឆ្លើយ​ថា តើ​សំដី​ឯង​នៅ​ឯ​ណា​ឥឡូវ ដែល​ឯង​បាន​ថា តើ​អ័ប៊ី‌ម៉្មា‌ឡិច​ជា​អ្វី ដែល​យើង​ត្រូវ​កោត‌ខ្លាច​ដល់​វា គឺ​មនុស្ស​ទាំង​នោះ​ហើយ ដែល​ឯង​បាន​មើល‌ងាយ​ទេ​តើ ដូច្នេះ ចូរ​ចេញ​ទៅ​ច្បាំង​នឹង​គេ​ឥឡូវ​នេះ​ចុះ

39. កាអាល​ក៏​នាំ​មុខ​ពួក​មនុស្ស​នៅ​ស៊ីគែម ចេញ​ទៅ​ច្បាំង​នឹង​អ័ប៊ី‌ម៉្មា‌ឡិច

40. តែ​អ័ប៊ី‌ម៉្មា‌ឡិច​ប្រដេញ​គាត់​វិញ ហើយ​គាត់​ក៏​រត់​ពី​មុខ​គេ​ទៅ មាន​មនុស្ស​ជា​ច្រើន​បាន​ដួល ដោយ​ត្រូវ​របួស រហូត​ដល់​មាត់​ទ្វារ​ទី​ក្រុង។

41. ឯ​អ័ប៊ី‌ម៉្មា‌ឡិច លោក​ក៏​អាស្រ័យ​នៅ​ត្រង់​អារូម៉ា ហើយ​សេប៊ុល​បាន​បណ្តេញ​កាអាល និង​បង​ប្អូន​គេ មិន​ឲ្យ​នៅ​ស៊ីគែម​ទៀត​ទេ

42. រួច​ដល់​ថ្ងៃ​ស្អែក​ឡើង បណ្តា‌ជន​ក៏​ចេញ​ទៅ​ត្រៀម​នៅ​ឯ​វាល ហើយ​មាន​គេ​ទៅ​ជំរាប​ដល់​អ័ប៊ី‌ម៉្មា‌ឡិច

43. នោះ​អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ចែក​ពួក​ទ័ព​ជា​៣​ផ្នែក នាំ​ចេញ​ទៅ​បង្កប់​ខ្លួន​នៅ​ឯ​វាល តែ​កាល​លោក​ក្រឡេក​មើល​ទៅ​ឃើញ​ពួក​បណ្តា‌ជន កំពុង​ចេញ​ពី​ទី​ក្រុង​មក​ទៀត នោះ​ក៏​ក្រោក​ស្ទុះ​ចូល​ទៅ​វាយ​គេ

44. រួច​លោក និង​ពួក​ទ័ព​១​ផ្នែក​ដែល​នៅ​ជា​មួយ ក៏​រត់​ទៅ​ពី​ខាង​មុខ ឈរ​នៅ​មាត់​ទ្វារ​ក្រុង ឯ​ពួក​ទ័ព​២​ផ្នែក​ឯ​ទៀត ក៏​ស្ទុះ​ចូល​ទៅ​វាយ​ពួក​ដែល​នៅ​ឯ​វាល​នោះ

45. អ័ប៊ី‌ម៉្មា‌ឡិច​បាន​ច្បាំង​នឹង​ពួក​ទី​ក្រុង​នោះ​អស់​ពេញ​១​ថ្ងៃ ក៏​ចាប់​យក​ទី​ក្រុង​បាន ហើយ​សំឡាប់​ពួក​បណ្តា‌ជន​ទាំង​ប៉ុន្មាន រួច​រំលំ​ទី​ក្រុង ព្រម​ទាំង​បាច​អំបិល​ទៅ​លើ​ផង។

46. កាល​ពួក​មនុស្ស នៅ​ប៉ម​ស៊ីគែម បាន​ឮ​ដំណឹង​នោះ គេ​ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​មាន​កំផែង​មាំ‌មួន ត្រង់​វិហារ​ព្រះ‌បេរីត

47. មាន​គេ​ជំរាប​ដល់​អ័ប៊ី‌ម៉្មា‌ឡិច​ថា ពួក​មនុស្ស​នៅ​ប៉ម​ស៊ីគែម​បាន​មូល​គ្នា​ហើយ

48. នោះ​អ័ប៊ី‌ម៉្មា‌ឡិច ព្រម​ទាំង​ពួក​ទ័ព​ដែល​នៅ​ជា​មួយ ក៏​ឡើង​ទៅ​លើ​ភ្នំ​សាល‌ម៉ូន លោក​យក​ពូថៅ​ទៅ​កាប់​មែក​ឈើ​១​លី​ទៅ ហើយ​បង្គាប់​ដល់​ពួក​មនុស្ស​ដែល​នៅ​ជា​មួយ​ថា ចូរ​ឯង​រាល់​គ្នា​ប្រញាប់​នឹង​ធ្វើ​តាម ដូច​ជា​អញ​ចុះ

49. ដូច្នេះ គេ​ក៏​កាប់​មែក​ឈើ​រៀង​ខ្លួន​លី​ទៅ​តាម រួច​ដាក់​មែក​ឈើ​ទាំង​នោះ នៅ​ត្រង់​ជើង​បន្ទាយ ហើយ​ដុត​បញ្ឆេះ​ពី​លើ​គេ​ទៅ ដូច្នេះ ពួក​មនុស្ស​ដែល​នៅ​ប៉ម​ស៊ីគែម​ទាំង​ប៉ុន្មាន ក៏​ស្លាប់​អស់ ទាំង​ប្រុស​ទាំង​ស្រី មាន​ចំនួន​ប្រហែល​ជា​១​ពាន់​នាក់។

សូមអានជំពូកពេញលេញ ចៅហ្វាយ 9