33. រួចដល់វេលាព្រឹក កាលថ្ងៃទើបនឹងរះ នោះសូមលោកក្រោកឡើង សង្ខុញចូលមកឯទីក្រុងតែម្តង យ៉ាងនោះ លុះកាលវា និងពួកអ្នកដែលកាន់ខាងវា ចេញទៅច្បាំងនឹងលោក សូមឲ្យលោកប្រព្រឹត្តនឹងវា តាមតែមានឱកាសចុះ។
34. ខណៈនោះ អ័ប៊ីម៉្មាឡិច និងអស់មនុស្សដែលកាន់ខាងលោក ក៏ក្រោកឡើងទាំងយប់ នាំគ្នាទៅបង្កប់ខ្លួនជា៤ពួក ដើម្បីច្បាំងនឹងពួកក្រុងស៊ីគែម
35. ឯកាអាល ជាកូនអេបេឌ ក៏ចេញទៅឈរនៅមាត់ទ្វារក្រុង រួចអ័ប៊ីម៉្មាឡិច និងពួកអ្នកដែលនៅជាមួយ ក៏ងើបចេញពីទីបង្កប់ខ្លួនមក
36. កាលកាអាលបានឃើញគេ ក៏ប្រាប់ដល់សេប៊ុលថា មើល មានមនុស្សចុះពីភ្នំនោះមកហើយ តែសេប៊ុលឆ្លើយថា នោះជាស្រមោលភ្នំទេ ដែលអ្នកមើលទៅឃើញដូចជាមនុស្សវិញ
37. កាអាលក៏ប្រាប់ម្តងទៀតថា មើលនុ៎ះន៏ មានគេមកពីទួលខ្ពស់នោះហើយ ក៏មាន១ពួកទៀតមកតាមផ្លូវដើមម៉ៃសាក់មេវនេនីមដែរ
38. នោះសេប៊ុលឆ្លើយថា តើសំដីឯងនៅឯណាឥឡូវ ដែលឯងបានថា តើអ័ប៊ីម៉្មាឡិចជាអ្វី ដែលយើងត្រូវកោតខ្លាចដល់វា គឺមនុស្សទាំងនោះហើយ ដែលឯងបានមើលងាយទេតើ ដូច្នេះ ចូរចេញទៅច្បាំងនឹងគេឥឡូវនេះចុះ
39. កាអាលក៏នាំមុខពួកមនុស្សនៅស៊ីគែម ចេញទៅច្បាំងនឹងអ័ប៊ីម៉្មាឡិច
40. តែអ័ប៊ីម៉្មាឡិចប្រដេញគាត់វិញ ហើយគាត់ក៏រត់ពីមុខគេទៅ មានមនុស្សជាច្រើនបានដួល ដោយត្រូវរបួស រហូតដល់មាត់ទ្វារទីក្រុង។
41. ឯអ័ប៊ីម៉្មាឡិច លោកក៏អាស្រ័យនៅត្រង់អារូម៉ា ហើយសេប៊ុលបានបណ្តេញកាអាល និងបងប្អូនគេ មិនឲ្យនៅស៊ីគែមទៀតទេ
42. រួចដល់ថ្ងៃស្អែកឡើង បណ្តាជនក៏ចេញទៅត្រៀមនៅឯវាល ហើយមានគេទៅជំរាបដល់អ័ប៊ីម៉្មាឡិច