គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 9:27-36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. គេ​នាំ​គ្នា​ចេញ​ទៅ​ឯ​ចំការ បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​របស់​ខ្លួន​យក​មក​គាប រួច​តាំង​អរ​សប្បាយ​ឡើង​ជា​មួយ​គ្នា នោះ​ក៏​ចូល​ទៅ​ស៊ី​ផឹក​ក្នុង​វិហារ​នៃ​ព្រះ​របស់​គេ ហើយ​ដាក់​បណ្តាសា​ដល់​អ័ប៊ី‌ម៉្មា‌ឡិច

28. កាអាល ជា​កូន​អេបេឌ បញ្ចេញ​វាចា​ថា តើ​អ័ប៊ី‌ម៉្មា‌ឡិច​ជា​អ្វី ហើយ​ស៊ីគែម​ជា​អ្វី ដែល​យើង​ត្រូវ​កោត‌ខ្លាច​ដល់​វា តើ​វា​មិន​មែន​ជា​កូន​យេរូ-បាល ហើយ​មេ‌ទ័ព​របស់​វា​មិន​មែន​ឈ្មោះ​សេប៊ុល​ទេ​ឬ​អី ដូច្នេះ​ចូរ​អ្នក​រាល់​គ្នា​កោត‌ខ្លាច ដល់​ពួក​ហាម៉ោរ​ជា​ឪពុក​ស៊ីគែម​វិញ តើ​ចង់​កោត‌ខ្លាច​ដល់​អ័ប៊ី‌ម៉្មា‌ឡិច​ធ្វើ​អី

29. ឱ​បើ​ជា​បណ្តា‌ជន​ទាំង​នេះ​នៅ​ក្រោម​អំណាច​ខ្ញុំ​វិញ​ទៅ​អេះ នោះ​ខ្ញុំ​នឹង​ដក​អ័ប៊ី‌ម៉្មា‌ឡិច​ចេញ រួច​គាត់​និយាយ​ប្រកួត​នឹង​អ័ប៊ី‌ម៉្មា‌ឡិច ដោយ​ពាក្យ​ថា ចូរ​ចំរើន​ពល‌ទ័ព​ឯង​ចេញ​មក​ល្បង​ល​ចុះ។

30. កាល​សេប៊ុល ជា​ចៅ‌ហ្វាយ​ទី​ក្រុង បាន​ឮ​ពាក្យ​របស់​កាអាល ជា​កូន​អេបេឌ​ដូច្នោះ ក៏​កើត​មាន​សេចក្ដី​កំហឹង​ឡើង

31. រួច​លោក​ចាត់​គេ​ឲ្យ​ទៅ​ជំរាប​អ័ប៊ី‌ម៉្មា‌ឡិច​ដោយ​សំងាត់​ថា មើល ឥឡូវ​កាអាល ជា​កូន​អេបេឌ និង​បង​ប្អូន​វា បាន​មក​ដល់​ស៊ីគែម​ហើយ គេ​ញុះ‌ញង់​ទី​ក្រុង​ឲ្យ​បះ‌បោរ​ទាស់​នឹង​លោក

32. ដូច្នេះ សូម​ឲ្យ​លោក និង​ពួក​អ្នក​ដែល​កាន់​ខាង​លោក រៀប‌ចំ​ទៅ​បង្កប់​ខ្លួន​ទាំង​យប់​នៅ​ទី​វាល​ទៅ

33. រួច​ដល់​វេលា​ព្រឹក កាល​ថ្ងៃ​ទើប​នឹង​រះ នោះ​សូម​លោក​ក្រោក​ឡើង សង្ខុញ​ចូល​មក​ឯ​ទី​ក្រុង​តែ​ម្តង យ៉ាង​នោះ លុះ​កាល​វា និង​ពួក​អ្នក​ដែល​កាន់​ខាង​វា ចេញ​ទៅ​ច្បាំង​នឹង​លោក សូម​ឲ្យ​លោក​ប្រព្រឹត្ត​នឹង​វា តាម​តែ​មាន​ឱកាស​ចុះ។

34. ខណៈ​នោះ អ័ប៊ី‌ម៉្មា‌ឡិច និង​អស់​មនុស្ស​ដែល​កាន់​ខាង​លោក ក៏​ក្រោក​ឡើង​ទាំង​យប់ នាំ​គ្នា​ទៅ​បង្កប់​ខ្លួន​ជា​៤​ពួក ដើម្បី​ច្បាំង​នឹង​ពួក​ក្រុង​ស៊ីគែម

35. ឯ​កាអាល ជា​កូន​អេបេឌ ក៏​ចេញ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង រួច​អ័ប៊ី‌ម៉្មា‌ឡិច និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ ក៏​ងើប​ចេញ​ពី​ទី​បង្កប់​ខ្លួន​មក

36. កាល​កាអាល​បាន​ឃើញ​គេ ក៏​ប្រាប់​ដល់​សេប៊ុល​ថា មើល មាន​មនុស្ស​ចុះ​ពី​ភ្នំ​នោះ​មក​ហើយ តែ​សេប៊ុល​ឆ្លើយ​ថា នោះ​ជា​ស្រមោល​ភ្នំ​ទេ ដែល​អ្នក​មើល​ទៅ​ឃើញ​ដូច​ជា​មនុស្ស​វិញ

សូមអានជំពូកពេញលេញ ចៅហ្វាយ 9