គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 9:22-40 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ជែង​គ្រប់​គ្រង លើ​ពួក​អ៊ីស្រា‌អែល​អស់​៣​ឆ្នាំ

23. លំដាប់​នោះ​ព្រះ​ទ្រង់​បណ្តាល​ឲ្យ​អ័ប៊ី‌ម៉្មា‌ឡិច និង​ពួក​មនុស្ស​នៅ​ស៊ីគែម មាន​គំនិត​អាក្រក់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ពួក​មនុស្ស​នៅ​ស៊ីគែម​ក៏​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្បត់​ចំពោះ​អ័ប៊ី‌ម៉្មា‌ឡិច

24. ដើម្បី​ឲ្យ​ឈាម​នៃ​ពួក​កូន​យេរូ-បាល​ទាំង​៧០​នាក់ ដែល​អ័ប៊ី‌ម៉្មា‌ឡិច ជា​ប្អូន​បាន​សំឡាប់​ដោយ​សាហាវ បាន​ធ្លាក់​មក​លើ​លោក និង​ពួក​មនុស្ស​នៅ​ស៊ីគែម ដែល​បាន​ចំរើន​កំឡាំង​ដៃ​លោក ឲ្យ​សំឡាប់​បង​ប្អូន​ផង

25. ដូច្នេះ ពួក​មនុស្ស​នៅ​ស៊ីគែម គេ​ក៏​បង្កប់​មនុស្ស​នៅ​លើ​ភ្នំ​ឲ្យ​ចាំ​ចាប់​លោក ពួក​អ្នក​ទាំង​នោះ​ក៏​ប្លន់​អស់​អ្នក​ដែល​មក​តាម​ផ្លូវ​នោះ ហើយ​មាន​គេ​នាំ​ដំណឹង​នោះ​ទៅ​ប្រាប់​ដល់​អ័ប៊ី‌ម៉្មា‌ឡិច។

26. គ្រា​នោះ​កាអាស ជា​កូន​អេបេឌ ក៏​មក​ដល់​ស៊ីគែម ជា​មួយ​នឹង​បង​ប្អូន​គាត់ ហើយ​ពួក​មនុស្ស​នៅ​ស៊ីគែម ក៏​ទុក​ចិត្ត​នឹង​គាត់

27. គេ​នាំ​គ្នា​ចេញ​ទៅ​ឯ​ចំការ បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​របស់​ខ្លួន​យក​មក​គាប រួច​តាំង​អរ​សប្បាយ​ឡើង​ជា​មួយ​គ្នា នោះ​ក៏​ចូល​ទៅ​ស៊ី​ផឹក​ក្នុង​វិហារ​នៃ​ព្រះ​របស់​គេ ហើយ​ដាក់​បណ្តាសា​ដល់​អ័ប៊ី‌ម៉្មា‌ឡិច

28. កាអាល ជា​កូន​អេបេឌ បញ្ចេញ​វាចា​ថា តើ​អ័ប៊ី‌ម៉្មា‌ឡិច​ជា​អ្វី ហើយ​ស៊ីគែម​ជា​អ្វី ដែល​យើង​ត្រូវ​កោត‌ខ្លាច​ដល់​វា តើ​វា​មិន​មែន​ជា​កូន​យេរូ-បាល ហើយ​មេ‌ទ័ព​របស់​វា​មិន​មែន​ឈ្មោះ​សេប៊ុល​ទេ​ឬ​អី ដូច្នេះ​ចូរ​អ្នក​រាល់​គ្នា​កោត‌ខ្លាច ដល់​ពួក​ហាម៉ោរ​ជា​ឪពុក​ស៊ីគែម​វិញ តើ​ចង់​កោត‌ខ្លាច​ដល់​អ័ប៊ី‌ម៉្មា‌ឡិច​ធ្វើ​អី

29. ឱ​បើ​ជា​បណ្តា‌ជន​ទាំង​នេះ​នៅ​ក្រោម​អំណាច​ខ្ញុំ​វិញ​ទៅ​អេះ នោះ​ខ្ញុំ​នឹង​ដក​អ័ប៊ី‌ម៉្មា‌ឡិច​ចេញ រួច​គាត់​និយាយ​ប្រកួត​នឹង​អ័ប៊ី‌ម៉្មា‌ឡិច ដោយ​ពាក្យ​ថា ចូរ​ចំរើន​ពល‌ទ័ព​ឯង​ចេញ​មក​ល្បង​ល​ចុះ។

30. កាល​សេប៊ុល ជា​ចៅ‌ហ្វាយ​ទី​ក្រុង បាន​ឮ​ពាក្យ​របស់​កាអាល ជា​កូន​អេបេឌ​ដូច្នោះ ក៏​កើត​មាន​សេចក្ដី​កំហឹង​ឡើង

31. រួច​លោក​ចាត់​គេ​ឲ្យ​ទៅ​ជំរាប​អ័ប៊ី‌ម៉្មា‌ឡិច​ដោយ​សំងាត់​ថា មើល ឥឡូវ​កាអាល ជា​កូន​អេបេឌ និង​បង​ប្អូន​វា បាន​មក​ដល់​ស៊ីគែម​ហើយ គេ​ញុះ‌ញង់​ទី​ក្រុង​ឲ្យ​បះ‌បោរ​ទាស់​នឹង​លោក

32. ដូច្នេះ សូម​ឲ្យ​លោក និង​ពួក​អ្នក​ដែល​កាន់​ខាង​លោក រៀប‌ចំ​ទៅ​បង្កប់​ខ្លួន​ទាំង​យប់​នៅ​ទី​វាល​ទៅ

33. រួច​ដល់​វេលា​ព្រឹក កាល​ថ្ងៃ​ទើប​នឹង​រះ នោះ​សូម​លោក​ក្រោក​ឡើង សង្ខុញ​ចូល​មក​ឯ​ទី​ក្រុង​តែ​ម្តង យ៉ាង​នោះ លុះ​កាល​វា និង​ពួក​អ្នក​ដែល​កាន់​ខាង​វា ចេញ​ទៅ​ច្បាំង​នឹង​លោក សូម​ឲ្យ​លោក​ប្រព្រឹត្ត​នឹង​វា តាម​តែ​មាន​ឱកាស​ចុះ។

34. ខណៈ​នោះ អ័ប៊ី‌ម៉្មា‌ឡិច និង​អស់​មនុស្ស​ដែល​កាន់​ខាង​លោក ក៏​ក្រោក​ឡើង​ទាំង​យប់ នាំ​គ្នា​ទៅ​បង្កប់​ខ្លួន​ជា​៤​ពួក ដើម្បី​ច្បាំង​នឹង​ពួក​ក្រុង​ស៊ីគែម

35. ឯ​កាអាល ជា​កូន​អេបេឌ ក៏​ចេញ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង រួច​អ័ប៊ី‌ម៉្មា‌ឡិច និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ ក៏​ងើប​ចេញ​ពី​ទី​បង្កប់​ខ្លួន​មក

36. កាល​កាអាល​បាន​ឃើញ​គេ ក៏​ប្រាប់​ដល់​សេប៊ុល​ថា មើល មាន​មនុស្ស​ចុះ​ពី​ភ្នំ​នោះ​មក​ហើយ តែ​សេប៊ុល​ឆ្លើយ​ថា នោះ​ជា​ស្រមោល​ភ្នំ​ទេ ដែល​អ្នក​មើល​ទៅ​ឃើញ​ដូច​ជា​មនុស្ស​វិញ

37. កាអាល​ក៏​ប្រាប់​ម្តង​ទៀត​ថា មើល​នុ៎ះន៏ មាន​គេ​មក​ពី​ទួល​ខ្ពស់​នោះ​ហើយ ក៏​មាន​១​ពួក​ទៀត​មក​តាម​ផ្លូវ​ដើម​ម៉ៃសាក់​មេវនេ‌នីម​ដែរ

38. នោះ​សេប៊ុល​ឆ្លើយ​ថា តើ​សំដី​ឯង​នៅ​ឯ​ណា​ឥឡូវ ដែល​ឯង​បាន​ថា តើ​អ័ប៊ី‌ម៉្មា‌ឡិច​ជា​អ្វី ដែល​យើង​ត្រូវ​កោត‌ខ្លាច​ដល់​វា គឺ​មនុស្ស​ទាំង​នោះ​ហើយ ដែល​ឯង​បាន​មើល‌ងាយ​ទេ​តើ ដូច្នេះ ចូរ​ចេញ​ទៅ​ច្បាំង​នឹង​គេ​ឥឡូវ​នេះ​ចុះ

39. កាអាល​ក៏​នាំ​មុខ​ពួក​មនុស្ស​នៅ​ស៊ីគែម ចេញ​ទៅ​ច្បាំង​នឹង​អ័ប៊ី‌ម៉្មា‌ឡិច

40. តែ​អ័ប៊ី‌ម៉្មា‌ឡិច​ប្រដេញ​គាត់​វិញ ហើយ​គាត់​ក៏​រត់​ពី​មុខ​គេ​ទៅ មាន​មនុស្ស​ជា​ច្រើន​បាន​ដួល ដោយ​ត្រូវ​របួស រហូត​ដល់​មាត់​ទ្វារ​ទី​ក្រុង។

សូមអានជំពូកពេញលេញ ចៅហ្វាយ 9