គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 9:2-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. សូម​ខ្សឹប​ដាក់​ត្រចៀក​នៃ​ពួក​មនុស្ស​នៅ​ស៊ីគែម​ទាំង​អស់​ថា បើ​ពួក​កូន​យេរូ-បាល​ទាំង​៧០​នាក់ ឬ​មនុស្ស​តែ​ម្នាក់​គ្រង​រាជ្យ​លើ​អ្នក​រាល់​គ្នា នោះ​តើ​ណា​វិសេស​ជាង​ណា សូម​ឲ្យ​អ្នក​រាល់​គ្នា​នឹក​ចាំ​យ៉ាង​នេះ​ទៀត គឺ​ថា​ខ្ញុំ​នេះ​ជា​សាច់​ឈាម​នឹង​អ្នក​រាល់​គ្នា​ដែរ

3. ដូច្នេះ​ពួក​បង​ប្អូន​ខាង​ម្តាយ ក៏​ខ្សឹប​សេចក្ដី​ទាំង​នេះ​ដាក់​ត្រចៀក​ពួក​មនុស្ស​នៅ​ស៊ីគែម នោះ​ចិត្ត​គេ​ក៏​ល្អៀង​ទៅ​ខាង​អ័ប៊ី‌ម៉្មា‌ឡិច​ដោយ​ថា គាត់​ជា​បង​ប្អូន​នឹង​យើង

4. គេ​ក៏​យក​ប្រាក់​៧០​រៀល ពី​វិហារ​របស់​ព្រះ‌បាល-បេរីត​ជូន លោក​ក៏​យក​ទៅ​ជួល​ពួក​មនុស្ស​ពាល​អានាថា ឲ្យ​ចុះ​ចូល​តាម​ខ្លួន

5. រួច​នាំ​ទៅ​ឯ​ផ្ទះ​ឪពុក​នៅ​ក្រុង​អូប្រា សំឡាប់​ពួក​កូន​យេរូ-បាល ដែល​ជា​បង​ប្អូន​ខ្លួន​ទាំង​៧០​នាក់ នៅ​លើ​ថ្ម​តែ​១ នៅ​សល់​តែ​យ៉ូថាម ជា​កូន​ពៅ​របស់​យេរូ-បាល​ប៉ុណ្ណោះ ដ្បិត​គាត់​បាន​ពួន​ខ្លួន

6. ដូច្នេះ ពួក​មនុស្ស​នៅ​ស៊ីគែម និង​ពួក​បន្ទាយ​មីឡូរ​ទាំង​អស់ ក៏​មូល​មក​ព្រម​គ្នា​នឹង​ទៅ​លើក​តាំង​អ័ប៊ី‌ម៉្មា‌ឡិច នៅ​ត្រង់​ដើម​ម៉ៃសាក់​ក្នុង​បន្ទាយ​នៅ​ត្រង់​ស៊ីគែម ឲ្យ​ធ្វើ​ជា​ស្តេច​ឡើង។

7. មាន​គេ​នាំ​ដំណឹង​នោះ ទៅ​ប្រាប់​ដល់​យ៉ូថាម រួច​គាត់​ក៏​ទៅ​ឈរ​នៅ​លើ​កំពូល​ភ្នំ​កេរិស៊ីម ទាំង​បន្លឺ​វាចា​ឡើង​ថា ឱ​ពួក​មនុស្ស​នៅ​ស៊ីគែម​អើយ ចូរ​ស្តាប់​ខ្ញុំ ដើម្បី​ឲ្យ​ព្រះ​បាន​ស្តាប់​អ្នក​រាល់​គ្នា​ដែរ

8. មាន​កាល​១​ថ្ងៃ​ពួក​ដើម​ឈើ​ចង់​ធ្វើ​បុណ្យ​ចាក់​ប្រេង តាំង​ឲ្យ​មាន​ស្តេច​ឡើង ក៏​ទៅ​សូម​ដល់​ដើម​អូលីវ​ថា សូម​ឲ្យ​អ្នក​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​ទៅ

9. តែ​ដើម​អូលីវ​ប្រកែក​ថា តើ​គួរ​ឲ្យ​ខ្ញុំ​លះ​ចោល​ប្រេង​ខ្ញុំ ដែល​សំរាប់​ប្រើ​នឹង​លើក​ដំកើង​ព្រះ ហើយ​នឹង​មនុស្ស​ផង ទៅ​រញ្ជួយ​គ្រប​ពី​លើ​អស់​ទាំង​ដើម​ឈើ​ឬ​អី

10. រួច​ពួក​ដើម​ឈើ​ទាំង​នោះ​ក៏​សូម​ដល់​ដើម​ល្វា​ថា សូម​ឲ្យ​អ្នក​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​ទៅ

11. តែ​ដើម​ល្វា​ប្រកែក​ថា តើ​គួរ​ឲ្យ​ខ្ញុំ​លះ​ចោល​រស‌ជាតិ​ផ្អែម និង​ផល​ល្អ​របស់​ខ្ញុំ ទៅ​រញ្ជួយ​គ្រប​ពី​លើ​អស់​ទាំង​ដើម​ឈើ​ឬ​អី

12. នោះ​ពួក​ដើម​ឈើ​ក៏​សូម​ដល់​ដើម​ទំពាំង‌បាយ‌ជូរ​ថា សូម​ឲ្យ​អ្នក​មក​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​ទៅ

13. តែ​ដើម​ទំពាំង‌បាយ‌ជូរ​ប្រកែក​ថា តើ​គួរ​ឲ្យ​ខ្ញុំ​លះ​ចោល​ជាតិ​ទឹក​ផ្លែ​របស់​ខ្ញុំ ដែល​នាំ​ឲ្យ​ទាំង​ព្រះ និង​មនុស្ស​ផង បាន​សប្បាយ​ឡើង ដើម្បី​ទៅ​រញ្ជួយ​គ្រប​ពី​លើ​អស់​ទាំង​ដើម​ឈើ​ឬ​អី

14. រួច​មក​ដើម​ឈើ​ទាំង​នោះ ក៏​ទៅ​សូម​ដល់​គុម្ព​បន្លា​ថា សូម​ឲ្យ​អ្នក​មក​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​ទៅ

15. នោះ​គុម្ព​បន្លា​ឆ្លើយ​ឡើង​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​ចង់​ចាក់​ប្រេង តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា​ពិត នោះ​ចូរ​ឲ្យ​មក​ជ្រក​នៅ​ក្រោម​ម្លប់​ខ្ញុំ​ចុះ ពុំ​នោះ​សោត នឹង​មាន​ភ្លើង​ចេញ​ពី​គុម្ព​បន្លា​មក​បញ្ឆេះ​ដល់​ទៅ​អស់​ទាំង​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន​ផង។

16. ឥឡូវ​នេះ បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ដ៏​ទៀង​ត្រង់​ត្រឹម​ត្រូវ ដោយ​បាន​តាំង​អ័ប៊ី‌ម៉្មា‌ឡិច​ឲ្យ​ធ្វើ​ជា​ស្តេច បើ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ល្អ​នឹង​យេរូ-បាល ព្រម​ទាំង​ពួក​គ្រួ​លោក ហើយ​បាន​សង​គុណ​ដល់​ការ​ដែល​ដៃ​លោក​ធ្វើ

17. ដ្បិត​ឪពុក​ខ្ញុំ​បាន​ប្រថុយ​ជីវិត ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ព្រម​ទាំង​ដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ម៉ាឌាន​ផង

សូមអានជំពូកពេញលេញ ចៅហ្វាយ 9