3. គឺព្រះបានប្រគល់អូរិប និងសៀប ជាមេលើសាសន៍ម៉ាឌាន មកក្នុងកណ្តាប់ដៃ នៃអ្នករាល់គ្នាហើយ ដូច្នេះ តើខ្ញុំបានធ្វើអ្វីដែលល្មមប្រៀបផ្ទឹមនឹងការរបស់អ្នករាល់គ្នានោះ កាលលោកបាននិយាយពាក្យទាំងនេះរួចហើយ នោះគេក៏អន់ខឹង។
4. គេឌាននឹងពួក៣០០នាក់ ដែលនៅជាមួយក៏មកដល់ទន្លេយ័រដាន់ ហើយឆ្លងទៅទាំងនឿយហត់ តែចេះតែខំដេញតាមគេទៅ
5. លោកសូមដល់ពួកអ្នកនៅសិកូតថា សូមចែកនំបុ័ងឲ្យដល់ពួកមនុស្ស ដែលមកតាមខ្ញុំផង ដ្បិតគេអស់កំឡាំងណាស់ ខ្ញុំកំពុងតែដេញតាមសេបាស និងសាលមូន៉ាជាស្តេចសាសន៍ម៉ាឌាន
6. តែពួកអ្នកជាកំពូលនៃក្រុងសិកូតឆ្លើយថា តើសេបាស និងសាលមូន៉ាបានលុះក្នុងកណ្តាប់ដៃអ្នកហើយឬនៅ បានជាត្រូវឲ្យយើងចែកនំបុ័ងដល់ពួកពលរបស់អ្នកដូច្នេះ
7. គេឌានឆ្លើយតបថា បើដូច្នេះកាលណាព្រះយេហូវ៉ាបានប្រគល់សេបាស និងសាលមូន៉ាមកក្នុងកណ្តាប់ដៃខ្ញុំហើយ នោះខ្ញុំនឹងខ្វារហែកសាច់អ្នករាល់គ្នា ដោយបន្លាពីទីរហោស្ថាន ហើយនឹងបន្លាស្អិត
8. រួចលោកឡើងចេញពីទីនោះ ទៅដល់ពេនួល ក៏សូមគេដូចដែលទៀត ឯពួកអ្នកនៅពេនួលនោះ គេឆ្លើយដូចជាពួកនៅសិកូតដែរ
9. លោកក៏ប្រាប់ដល់មនុស្សនៅពេនួលថា កាលណាខ្ញុំបានមកវិញដោយសុខសាន្ត នោះខ្ញុំនឹងរំលំប៉មនេះទៅ។
10. រីឯសេបាស និងសាលមូន៉ា គេបានចូលទៅក្នុងក្រុងកើរកូរ មានទាំងកងទ័ពប្រហែលជា១ម៉ឺន៥ពាន់នាក់នៅជាមួយផង គឺអស់អ្នកទាំងប៉ុន្មានដែលសល់ពីកងទ័ពរបស់ពួកមនុស្សនៅស្រុកខាងកើត ពីព្រោះទាហានរបស់គេ១សែន២ម៉ឺននាក់ ដែលកាន់ដាវ បានដួលស្លាប់អស់ហើយ
11. ដូច្នេះ គេឌានក៏ឡើងតាមផ្លូវរបស់ពួកអ្នកដែលនៅក្នុងត្រសាល ត្រង់ស្រុកខាងកើតណូបាស និងយ៉ុកបិហា ចូលទៅវាយចំពោះពួកទ័ពនោះបាន ដ្បិតគេស្មានថា បានសុខសាន្តហើយ
12. ឯសេបាស និងសាលមូន៉ា ក៏រត់រួចទៅ តែលោកដេញតាម ចាប់បានស្តេចសាសន៍ម៉ាឌានទាំង២អង្គនោះមក ព្រមទាំងបំបាក់ទ័ពគេផង។