គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 8:24-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. រួច​លោក​ថា អញ​សូម​ដល់​ឯង​រាល់​គ្នា​តែ​ប៉ុណ្ណេះ គឺ​សូម​ឲ្យ​ឯង​រាល់​គ្នា​ឲ្យ​ក្រវិល ដែល​ចាប់​បាន​ជា​របឹប​នោះ​មក​អញ (ពួក​ខ្មាំង​នោះ​សុទ្ធ​តែ​មាន​ក្រវិល​មាស ដ្បិត​ជា​ពួក​កូន​ចៅ​អ៊ីស‌ម៉ា‌អែល)

25. គេ​ក៏​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​នឹង​ជូន​ដល់​លោក​ដោយ​ស្ម័គ្រ​ពី​ចិត្ត រួច​គេ​ត្រដាង​អាវ ហើយ​គ្រប់​គ្នា​ក៏​បោះ​ក្រវិល​ជា​របឹប​ដែល​ខ្លួន​ចាប់​បាន

26. ឯ​ក្រវិល​មាស​ទាំង​ប៉ុន្មាន​ដែល​លោក​សូម​បាន នោះ​មាន​ទំងន់​ជា​មាស​១​ពាន់​៧​រយ​ដំឡឹង ឥត​រាប់​បន្តោក និង​អាយ៉ា‌ដក់ ហើយ​នឹង​សំលៀក‌បំពាក់​ពណ៌​ស្វាយ ដែល​ពួក​ស្តេច​សាសន៍​ម៉ាឌាន​ស្លៀក‌ពាក់ និង​ខ្សែ​នៅ​ក​របស់​សត្វ​អូដ្ឋ​នោះ​ទេ

27. ដូច្នេះ គេឌាន​ក៏​យក​ទៅ​ធ្វើ​ជា​អេផូឌ​១​ដាក់​នៅ​ក្នុង​ទី​ក្រុង​ខ្លួន គឺ​នៅ​ក្រុង​អូប្រា ហើយ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​ទៅ​ទី​នោះ ដើម្បី​នឹង​ផិត​តាម របស់​នោះ​ក៏​ត្រឡប់​ជា​អន្ទាក់ ដល់​គេឌាន និង​ពួក​គ្រួ​របស់​លោក

28. ចំណែក​ឯ​ពួក​ម៉ាឌាន គេ​ត្រូវ​ក្រាប​ចុះ​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​យ៉ាង​ដូច្នោះ ឥត​មាន​ងើប​ក្បាល​ឡើង​ទៀត​ឡើយ ហើយ​នៅ​ជំនាន់​គេឌាន ស្រុក​នោះ​ក៏​បាន​សុខ‌សាន្ត‌ត្រាណ​អស់​៤០​ឆ្នាំ។

29. ឯ​យេរូ-បាល ជា​កូន​យ៉ូអាស លោក​បែរ​ទៅ​នៅ​ផ្ទះ​ដោយ​ខ្លួន

30. លោក​បង្កើត​បាន​កូន​ប្រុស​៧០​នាក់ ដ្បិត​លោក​មាន​ប្រពន្ធ​ជា​ច្រើន

31. ឯ​ប្រពន្ធ​ចុង​របស់​លោក​ដែល​នៅ​ស៊ីគែម នាង​ក៏​បាន​បង្កើត​កូន​ប្រុស​១​ឲ្យ​លោក​ដែរ លោក​ដាក់​ឈ្មោះ​ថា អ័ប៊ី‌ម៉្មា‌ឡិច

32. គេឌាន​ជា​កូន​យ៉ូអាស ក៏​ស្លាប់​ទៅ ក្នុង​កាល​ដែល​មាន​អាយុ​វែង​យឺន‌យូរ​ល្អ គេ​បាន​បញ្ចុះ​សព​លោក​នៅ​ក្នុង​ផ្នូរ​របស់​យ៉ូអាស ជា​ឪពុក​នៅ​អូប្រា ជា​ក្រុង​របស់​អ័បៀ‌ស៊ើរ។

33. កាល​គេឌាន​បាន​ស្លាប់​ហើយ នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ត្រឡប់​ទៅ ផិត​តាម​អស់​ទាំង​ព្រះ‌បាល​វិញ​ទៀត គេ​យក​ព្រះ‌បាល-បេរីត​ធ្វើ​ជា​ព្រះ​របស់​គេ

34. ឥត​បាន​នឹក​ចាំ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​រួច​ពី​កណ្តាប់​ដៃ នៃ​ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​នោះ​ទេ

35. ក៏​មិន​បាន​ដឹង​គុណ​ដល់​ពួក​គ្រួ​យេរូ-បាល គឺ​ជា​គេឌាន​តាម​គ្រប់​ទាំង​សេចក្ដី​សប្បុរស​ដែល​លោក​បាន​ផ្តល់​ដល់​ពួក​អ៊ីស្រា‌អែល​ផង​ដែរ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 8