គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 8:13-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. រួច​គេឌាន កូន​យ៉ូអាស ក៏​ត្រឡប់​មក​ពី​ចំបាំង​តាម​ផ្លូវ​ដែល​ឡើង​ទៅ​ឯ​ភ្នំ​ហេរេស

14. លោក​ចាប់​ក្មេង​ជំទង់​ម្នាក់​ក្នុង​ពួក​មនុស្ស​នៅ​សិកូត​មក​សួរ ហើយ​ក្មេង​នោះ​ក៏​កត់​ឈ្មោះ​ពួក​អ្នក​ជា​កំពូល និង​ពួក​ចាស់‌ទុំ​នៃ​ក្រុង​សិកូត​បាន​ចំនួន​៧៧​នាក់​ជូន​ដល់​លោក

15. លោក​ក៏​មក​ឯ​ពួក​អ្នក​នៅ​សិកូត​ប្រាប់​ថា មើល នេះ​ហើយ​ជា​សេបាស និង​សាល‌មូន៉ា ដែល​ឯង​រាល់​គ្នា​បាន​មើល‌ងាយ​ដល់​អញ​ថា តើ​សេបាស និង​សាល‌មូន៉ា បាន​លុះ​ក្នុង​កណ្តាប់​ដៃ​អ្នក​ហើយ​ឬ​នៅ បាន​ជា​ត្រូវ​ឲ្យ​យើង​ចែក​នំបុ័ង ឲ្យ​ដល់​ពួក​ពល​របស់​អ្នក ដែល​នឿយ‌ហត់​ដូច្នេះ

16. លោក​ក៏​ចាប់​ពួក​ចាស់‌ទុំ​នៃ​ក្រុង​សិកូត និង​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ​មក​វាយ‌ផ្ចាល ដោយ​បន្លា​ពី​ទី​រហោ‌ស្ថាន និង​បន្លា​ស្អិត

17. ហើយ​ក៏​រំលំ​ប៉ម​នៅ​ពេនួល ព្រម​ទាំង​សំឡាប់​មនុស្ស​នៅ​ក្រុង​នោះ​ផង។

18. លំដាប់​នោះ​លោក​សួរ​សេបាស និង​សាល‌មូន៉ា​ថា ពួក​មនុស្ស​ដែល​ឯង​បាន​សំឡាប់​នៅ​តាបោរ​នោះ តើ​ជា​យ៉ាង​ណា គេ​ឆ្លើយ​ឡើង​ថា អ្នក​ទាំង​នោះ​ប្រហែល​ដូច​ជា​លោក​ដែរ គ្រប់​គ្នា​មាន​លំនាំ​ឫកពារ ដូច​ជា​កូន​ស្តេច

19. លោក​ក៏​តប​ថា នោះ​គឺ​ជា​បង​ប្អូន​ពោះ​មួយ​នឹង​អញ​ហើយ ដូច្នេះ អញ​ស្បថ​នឹង​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា បើ​សិន​ជា​ឯង​បាន​ទុក​ជីវិត​ឲ្យ​គេ​រស់​នៅ នោះ​អញ​មិន​សំឡាប់​ឯង​ទេ

20. ដូច្នេះ លោក​បង្គាប់​ដល់​យេធើ ជា​កូន​ច្បង​ខ្លួន​ថា ចូរ​ក្រោក​ឡើង សំឡាប់​គេ​ចោល​ទៅ តែ​ក្មេង​ជំទង់​នោះ​ខ្លាច​មិន​ហ៊ាន​ហូត​ដាវ​ទេ គឺ​ព្រោះ​វា​នៅ​ក្មេង​ពេក

21. ដូច្នេះ សេបាស និង​សាល‌មូន៉ា និយាយ​ឡើង​ថា ចូរ​អ្នក​ក្រោក​ឡើង​សំឡាប់​យើង​ដោយ​ខ្លួន​អ្នក​វិញ ដ្បិត​បើ​មនុស្ស​ជា​យ៉ាង​ណា នោះ​កំឡាំង​ក៏​យ៉ាង​នោះ​ដែរ នោះ​គេឌាន​ក៏​ក្រោក​ឡើង​ទៅ​សំឡាប់​សេបាស និង​សាល‌មូន៉ា​ចោល​ទៅ ព្រម​ទាំង​ដោះ​យក​ប្រដាប់​លំអ​ពី​ក​នៃ​សត្វ​អូដ្ឋ​របស់​គេ​ផង។

22. ឯ​ពួក​សាសន៍​អ៊ីស្រា‌អែល គេ​សូម​ដល់​គេឌាន​ថា សូម​ឲ្យ​លោក​គ្រង​រាជ្យ​លើ​យើង​រាល់​គ្នា​ត​ទៅ ដរាប​ដល់​កូន​ចៅ​លោក​ផង ដ្បិត​លោក​បាន​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ម៉ាឌាន​ហើយ

23. តែ​គេឌាន​ឆ្លើយ​ទៅ​គេ​ថា ឯ​អញ និង​កូន​ចៅ​អញ មិន​ត្រូវ​គ្រង​រាជ្យ​លើ​ឯង​រាល់​គ្នា​ទេ គឺ​ជា​ព្រះ‌យេហូវ៉ា​ទេ​តើ ដែល​សោយ‌រាជ្យ​លើ​ឯង​រាល់​គ្នា​វិញ

សូមអានជំពូកពេញលេញ ចៅហ្វាយ 8