13. រួចគេឌាន កូនយ៉ូអាស ក៏ត្រឡប់មកពីចំបាំងតាមផ្លូវដែលឡើងទៅឯភ្នំហេរេស
14. លោកចាប់ក្មេងជំទង់ម្នាក់ក្នុងពួកមនុស្សនៅសិកូតមកសួរ ហើយក្មេងនោះក៏កត់ឈ្មោះពួកអ្នកជាកំពូល និងពួកចាស់ទុំនៃក្រុងសិកូតបានចំនួន៧៧នាក់ជូនដល់លោក
15. លោកក៏មកឯពួកអ្នកនៅសិកូតប្រាប់ថា មើល នេះហើយជាសេបាស និងសាលមូន៉ា ដែលឯងរាល់គ្នាបានមើលងាយដល់អញថា តើសេបាស និងសាលមូន៉ា បានលុះក្នុងកណ្តាប់ដៃអ្នកហើយឬនៅ បានជាត្រូវឲ្យយើងចែកនំបុ័ង ឲ្យដល់ពួកពលរបស់អ្នក ដែលនឿយហត់ដូច្នេះ
16. លោកក៏ចាប់ពួកចាស់ទុំនៃក្រុងសិកូត និងមនុស្សទាំងប៉ុន្មាននៅក្រុងនោះមកវាយផ្ចាល ដោយបន្លាពីទីរហោស្ថាន និងបន្លាស្អិត
17. ហើយក៏រំលំប៉មនៅពេនួល ព្រមទាំងសំឡាប់មនុស្សនៅក្រុងនោះផង។
18. លំដាប់នោះលោកសួរសេបាស និងសាលមូន៉ាថា ពួកមនុស្សដែលឯងបានសំឡាប់នៅតាបោរនោះ តើជាយ៉ាងណា គេឆ្លើយឡើងថា អ្នកទាំងនោះប្រហែលដូចជាលោកដែរ គ្រប់គ្នាមានលំនាំឫកពារ ដូចជាកូនស្តេច
19. លោកក៏តបថា នោះគឺជាបងប្អូនពោះមួយនឹងអញហើយ ដូច្នេះ អញស្បថនឹងព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា បើសិនជាឯងបានទុកជីវិតឲ្យគេរស់នៅ នោះអញមិនសំឡាប់ឯងទេ
20. ដូច្នេះ លោកបង្គាប់ដល់យេធើ ជាកូនច្បងខ្លួនថា ចូរក្រោកឡើង សំឡាប់គេចោលទៅ តែក្មេងជំទង់នោះខ្លាចមិនហ៊ានហូតដាវទេ គឺព្រោះវានៅក្មេងពេក