គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 8:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នោះ​ពួក​អេប្រា‌អិម​ស្តី​លោក​ថា អ្នក​បាន​ធ្វើ​អ្វី​នឹង​យើង​ដូច្នេះ គឺ​ដែល​អ្នក​បាន​ទៅ​ច្បាំង​នឹង​សាសន៍​ម៉ាឌាន ឥត​ហៅ​យើង​ផង​នេះ គេ​ក៏​បន្ទោស​លោក​ជា​ខ្លាំង

2. តែ​លោក​ឆ្លើយ​ថា តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដែល​ល្មម​ប្រៀប‌ផ្ទឹម​នឹង​ការ​របស់​អ្នក​រាល់​គ្នា​បាន ការ​បេះ​សន្សំ​ពេល​ក្រោយ​របស់​ពួក​អេប្រា‌អិម តើ​មិន​មែន​វិសេស​ជាង​ការ​បេះ​ជា​ដំបូង​របស់​ពួក​អ័បៀ‌ស៊ើរ​ទេ​ឬ​អី

3. គឺ​ព្រះ​បាន​ប្រគល់​អូរិប និង​សៀប ជា​មេ​លើ​សាសន៍​ម៉ាឌាន មក​ក្នុង​កណ្តាប់​ដៃ នៃ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដែល​ល្មម​ប្រៀប‌ផ្ទឹម​នឹង​ការ​របស់​អ្នក​រាល់​គ្នា​នោះ កាល​លោក​បាន​និយាយ​ពាក្យ​ទាំង​នេះ​រួច​ហើយ នោះ​គេ​ក៏​អន់​ខឹង។

4. គេឌាន​នឹង​ពួក​៣០០​នាក់ ដែល​នៅ​ជា​មួយ​ក៏​មក​ដល់​ទន្លេ​យ័រដាន់ ហើយ​ឆ្លង​ទៅ​ទាំង​នឿយ‌ហត់ តែ​ចេះ​តែ​ខំ​ដេញ​តាម​គេ​ទៅ

5. លោក​សូម​ដល់​ពួក​អ្នក​នៅ​សិកូត​ថា សូម​ចែក​នំបុ័ង​ឲ្យ​ដល់​ពួក​មនុស្ស ដែល​មក​តាម​ខ្ញុំ​ផង ដ្បិត​គេ​អស់​កំឡាំង​ណាស់ ខ្ញុំ​កំពុង​តែ​ដេញ​តាម​សេបាស និង​សាល‌មូន៉ា​ជា​ស្តេច​សាសន៍​ម៉ាឌាន

6. តែ​ពួក​អ្នក​ជា​កំពូល​នៃ​ក្រុង​សិកូត​ឆ្លើយ​ថា តើ​សេបាស និង​សាល‌មូន៉ា​បាន​លុះ​ក្នុង​កណ្តាប់​ដៃ​អ្នក​ហើយ​ឬ​នៅ បាន​ជា​ត្រូវ​ឲ្យ​យើង​ចែក​នំបុ័ង​ដល់​ពួក​ពល​របស់​អ្នក​ដូច្នេះ

7. គេឌាន​ឆ្លើយ​តប​ថា បើ​ដូច្នេះ​កាល​ណា​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​សេបាស និង​សាល‌មូន៉ា​មក​ក្នុង​កណ្តាប់​ដៃ​ខ្ញុំ​ហើយ នោះ​ខ្ញុំ​នឹង​ខ្វារ​ហែក​សាច់​អ្នក​រាល់​គ្នា ដោយ​បន្លា​ពី​ទី​រហោ‌ស្ថាន ហើយ​នឹង​បន្លា​ស្អិត

8. រួច​លោក​ឡើង​ចេញ​ពី​ទី​នោះ ទៅ​ដល់​ពេនួល ក៏​សូម​គេ​ដូច​ដែល​ទៀត ឯ​ពួក​អ្នក​នៅ​ពេនួល​នោះ គេ​ឆ្លើយ​ដូច​ជា​ពួក​នៅ​សិកូត​ដែរ

9. លោក​ក៏​ប្រាប់​ដល់​មនុស្ស​នៅ​ពេនួល​ថា កាល​ណា​ខ្ញុំ​បាន​មក​វិញ​ដោយ​សុខ‌សាន្ត នោះ​ខ្ញុំ​នឹង​រំលំ​ប៉ម​នេះ​ទៅ។

10. រីឯ​សេបាស និង​សាល‌មូន៉ា គេ​បាន​ចូល​ទៅ​ក្នុង​ក្រុង​កើរកូរ មាន​ទាំង​កង‌ទ័ព​ប្រហែល​ជា​១​ម៉ឺន​៥​ពាន់​នាក់​នៅ​ជា​មួយ​ផង គឺ​អស់​អ្នក​ទាំង​ប៉ុន្មាន​ដែល​សល់​ពី​កង‌ទ័ព​របស់​ពួក​មនុស្ស​នៅ​ស្រុក​ខាង​កើត ពី​ព្រោះ​ទាហាន​របស់​គេ​១​សែន​២​ម៉ឺន​នាក់ ដែល​កាន់​ដាវ បាន​ដួល​ស្លាប់​អស់​ហើយ

11. ដូច្នេះ គេឌាន​ក៏​ឡើង​តាម​ផ្លូវ​របស់​ពួក​អ្នក​ដែល​នៅ​ក្នុង​ត្រសាល ត្រង់​ស្រុក​ខាង​កើត​ណូបាស និង​យ៉ុក‌បិហា ចូល​ទៅ​វាយ​ចំពោះ​ពួក​ទ័ព​នោះ​បាន ដ្បិត​គេ​ស្មាន​ថា បាន​សុខ‌សាន្ត​ហើយ

12. ឯ​សេបាស និង​សាល‌មូន៉ា ក៏​រត់​រួច​ទៅ តែ​លោក​ដេញ​តាម ចាប់​បាន​ស្តេច​សាសន៍​ម៉ាឌាន​ទាំង​២​អង្គ​នោះ​មក ព្រម​ទាំង​បំបាក់​ទ័ព​គេ​ផង។

13. រួច​គេឌាន កូន​យ៉ូអាស ក៏​ត្រឡប់​មក​ពី​ចំបាំង​តាម​ផ្លូវ​ដែល​ឡើង​ទៅ​ឯ​ភ្នំ​ហេរេស

14. លោក​ចាប់​ក្មេង​ជំទង់​ម្នាក់​ក្នុង​ពួក​មនុស្ស​នៅ​សិកូត​មក​សួរ ហើយ​ក្មេង​នោះ​ក៏​កត់​ឈ្មោះ​ពួក​អ្នក​ជា​កំពូល និង​ពួក​ចាស់‌ទុំ​នៃ​ក្រុង​សិកូត​បាន​ចំនួន​៧៧​នាក់​ជូន​ដល់​លោក

15. លោក​ក៏​មក​ឯ​ពួក​អ្នក​នៅ​សិកូត​ប្រាប់​ថា មើល នេះ​ហើយ​ជា​សេបាស និង​សាល‌មូន៉ា ដែល​ឯង​រាល់​គ្នា​បាន​មើល‌ងាយ​ដល់​អញ​ថា តើ​សេបាស និង​សាល‌មូន៉ា បាន​លុះ​ក្នុង​កណ្តាប់​ដៃ​អ្នក​ហើយ​ឬ​នៅ បាន​ជា​ត្រូវ​ឲ្យ​យើង​ចែក​នំបុ័ង ឲ្យ​ដល់​ពួក​ពល​របស់​អ្នក ដែល​នឿយ‌ហត់​ដូច្នេះ

សូមអានជំពូកពេញលេញ ចៅហ្វាយ 8