គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 7:9-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. នៅ​វេលា​យប់​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក​ថា ចូរ​ក្រោក​ឡើង​ចុះ​ទៅ​ឯ​ទី​បោះ​ទ័ព​របស់​គេ​ទៅ ដ្បិត​អញ​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ

10. តែ​បើ​ឯង​ខ្លាច​នឹង​ទៅ នោះ​ឲ្យ​នាំ​ពូរ៉ា ជា​អ្នក​បំរើ​របស់​ឯង ចុះ​ទៅ​ជា​មួយ​ផង​ចុះ

11. ឯង​នឹង​បាន​ឮ​សេចក្ដី​ដែល​គេ​ថា ហើយ​លំដាប់​នោះ​ឯង​នឹង​មាន​កំឡាំង​ដៃ​ខ្លាំង​ឡើង អាច​ចុះ​ទៅ​ទាស់​នឹង​គេ​បាន ដូច្នេះ​លោក និង​ពូរ៉ា ជា​អ្នក​បំរើ ក៏​ចុះ​ទៅ​ដល់​ជិត​កន្លែង​ក្រៅ​បំផុត​នៃ​ពួក​ពល​ដែល​បោះ​ទ័ព​នៅ

12. រីឯ​ពួក​ម៉ាឌាន និង​ពួក​អាម៉ា‌លេក ហើយ​នឹង​ពួក​មនុស្ស​ពី​ស្រុក​ខាង​កើត គេ​នៅ​រាយ​ដេរ‌ដាស​ក្នុង​វាល​ច្រក​ភ្នំ មាន​គ្នា​ច្រើន​ណាស់​ដូច​ជា​កណ្តូប សត្វ​អូដ្ឋ​របស់​គេ​ក៏​មាន​ច្រើន​ជា​ពន្លឹក​ឥត​គណនា ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ

13. កាល​គេឌាន​មក​ដល់​ហើយ នោះ​មាន​មនុស្ស​ម្នាក់​កំពុង​តែ​និយាយ​សប្តិ​ប្រាប់​ដល់​គូ‌កន​ខ្លួន​ថា មើល​អញ​យល់​សប្តិ​ឃើញ មាន​នំបុ័ង​ម្សៅ​ឱក​១​ដុំ រមៀល​ចុះ​មក​ក្នុង​ទី​បោះ​ទ័ព នៃ​ពួក​ម៉ាឌាន​យើង​នេះ ក៏​មក​ទង្គិច​នឹង​ត្រសាល​ធ្វើ​ឲ្យ​រលំ​ផ្ងារ​ឡើង​រាប​ទៅ​នឹង​ដី

14. គូ‌កន​គេ​ក៏​ឆ្លើយ​ឡើង​ថា នោះ​មិន​គឺ​ជា​អ្វី​ទេ គឺ​ជា​ដាវ​របស់​គេឌាន​ជា​កូន​យ៉ូអាស សាសន៍​អ៊ីស្រា‌អែល​ម្នាក់ ដែល​ព្រះ​បាន​ប្រគល់​ពួក​ម៉ាឌាន​យើង​នេះ ព្រម​ទាំង​កង‌ទ័ព​យើង​ទាំង​អស់ ទៅ​ក្នុង​កណ្តាប់​ដៃ​គេ​ហើយ។

15. នោះ​ក៏​កើត​ដូច្នោះ​មែន កាល​គេឌាន​បាន​ឮ​រឿង​នៃ​សប្តិ​នោះ និង​សេចក្ដី​សំរាយ​ដូច្នេះ នោះ​លោក​ក៏​ក្រាប​ថ្វាយ‌បង្គំ រួច​ត្រឡប់​មក​ឯ​ទី​បោះ​ទ័ព​ខាង​ពួក​អ៊ីស្រា‌អែល​ប្រាប់​ថា ចូរ​ក្រោក​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ពួក​កង‌ទ័ព​ម៉ាឌាន មក​ក្នុង​កណ្តាប់​ដៃ​ឯង​រាល់​គ្នា​ហើយ

16. លោក​ក៏​ចែក​ពួក​៣០០​នាក់​ចេញ​ជា​៣​ពួក ប្រគល់​ត្រែ​ឲ្យ​កាន់​គ្រប់ៗ​គ្នា ព្រម​ទាំង​ក្អម មាន​ចន្លុះ​នៅ​ខាង​ក្នុង​ផង

17. រួច​បង្គាប់​ថា ចូរ​មើល​មក​អញ ហើយ​ធ្វើ​តាម​អញ​ចុះ គឺ​កាល​ណា​អញ​ទៅ​ដល់​ទី​បោះ​ទ័ព ដែល​នៅ​ខាង​ក្រៅ​បំផុត នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​ដូច​ជា​អញ

18. គឺ​កាល​ណា​អញ​ផ្លុំ​ត្រែ​ឡើង ព្រម​ទាំង​ពួក​អ្នក​នៅ​ជា​មួយ​នឹង​អញ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ផ្លុំ​ត្រែ​ឡើង នៅ​ព័ទ្ធ​ជុំវិញ​ទី​បោះ​ទ័ព​ដែរ ហើយ​បញ្ចេញ​វាចា​ថា នេះ​ហើយ​ជា​ដាវ​ផង​ព្រះ‌យេហូវ៉ា ហើយ​របស់​ផង​គេឌាន​ដែរ។

19. ដូច្នេះ​គេឌាន និង​ពួក​១០០​នាក់​ដែល​នៅ​ជា​មួយ ក៏​មក​ដល់​ទី​បោះ​ទ័ព​ខាង​ក្រៅ​បំផុត នៅ​វេលា​ចូល​យាម​ជា​កណ្តាល កាល​គេ​ទើប​នឹង​ផ្លាស់​យាម នោះ​ក៏​ផ្លុំ​ត្រែ​ឡើង​ហើយ​បំបែក​ក្អម​កាន់​នៅ​ដៃ

20. ពួក​ទាំង​៣​បាន​ផ្លុំ​ត្រែ ហើយ​បំបែក​ក្អម​គ្រប់​គ្នា រួច​កាន់​ចន្លុះ​នៅ​ដៃ​ឆ្វេង ហើយ​ត្រែ​នៅ​ដៃ​ស្តាំ​សំរាប់​នឹង​ផ្លុំ ក៏​ស្រែក​ឡើង​ថា នេះ​ហើយ​ជា​ដាវ​ផង​ព្រះ‌យេហូវ៉ា ហើយ​របស់​ផង​គេឌាន​ដែរ

21. គេ​ក៏​ឈរ​នឹង នៅ​ត្រង់​កន្លែង​គេ​រៀង​ខ្លួន នៅ​ព័ទ្ធ​ជុំវិញ​ទី​បោះ​ទ័ព ឯ​ពួក​កង‌ទ័ព​នោះ​ក៏​តាំង​រត់ ទាំង​ស្រែក​ឡើង ហើយ​ខំ​ឲ្យ​រួច​ផង

សូមអានជំពូកពេញលេញ ចៅហ្វាយ 7