គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 7:14-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. គូ‌កន​គេ​ក៏​ឆ្លើយ​ឡើង​ថា នោះ​មិន​គឺ​ជា​អ្វី​ទេ គឺ​ជា​ដាវ​របស់​គេឌាន​ជា​កូន​យ៉ូអាស សាសន៍​អ៊ីស្រា‌អែល​ម្នាក់ ដែល​ព្រះ​បាន​ប្រគល់​ពួក​ម៉ាឌាន​យើង​នេះ ព្រម​ទាំង​កង‌ទ័ព​យើង​ទាំង​អស់ ទៅ​ក្នុង​កណ្តាប់​ដៃ​គេ​ហើយ។

15. នោះ​ក៏​កើត​ដូច្នោះ​មែន កាល​គេឌាន​បាន​ឮ​រឿង​នៃ​សប្តិ​នោះ និង​សេចក្ដី​សំរាយ​ដូច្នេះ នោះ​លោក​ក៏​ក្រាប​ថ្វាយ‌បង្គំ រួច​ត្រឡប់​មក​ឯ​ទី​បោះ​ទ័ព​ខាង​ពួក​អ៊ីស្រា‌អែល​ប្រាប់​ថា ចូរ​ក្រោក​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ពួក​កង‌ទ័ព​ម៉ាឌាន មក​ក្នុង​កណ្តាប់​ដៃ​ឯង​រាល់​គ្នា​ហើយ

16. លោក​ក៏​ចែក​ពួក​៣០០​នាក់​ចេញ​ជា​៣​ពួក ប្រគល់​ត្រែ​ឲ្យ​កាន់​គ្រប់ៗ​គ្នា ព្រម​ទាំង​ក្អម មាន​ចន្លុះ​នៅ​ខាង​ក្នុង​ផង

17. រួច​បង្គាប់​ថា ចូរ​មើល​មក​អញ ហើយ​ធ្វើ​តាម​អញ​ចុះ គឺ​កាល​ណា​អញ​ទៅ​ដល់​ទី​បោះ​ទ័ព ដែល​នៅ​ខាង​ក្រៅ​បំផុត នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​ដូច​ជា​អញ

18. គឺ​កាល​ណា​អញ​ផ្លុំ​ត្រែ​ឡើង ព្រម​ទាំង​ពួក​អ្នក​នៅ​ជា​មួយ​នឹង​អញ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ផ្លុំ​ត្រែ​ឡើង នៅ​ព័ទ្ធ​ជុំវិញ​ទី​បោះ​ទ័ព​ដែរ ហើយ​បញ្ចេញ​វាចា​ថា នេះ​ហើយ​ជា​ដាវ​ផង​ព្រះ‌យេហូវ៉ា ហើយ​របស់​ផង​គេឌាន​ដែរ។

19. ដូច្នេះ​គេឌាន និង​ពួក​១០០​នាក់​ដែល​នៅ​ជា​មួយ ក៏​មក​ដល់​ទី​បោះ​ទ័ព​ខាង​ក្រៅ​បំផុត នៅ​វេលា​ចូល​យាម​ជា​កណ្តាល កាល​គេ​ទើប​នឹង​ផ្លាស់​យាម នោះ​ក៏​ផ្លុំ​ត្រែ​ឡើង​ហើយ​បំបែក​ក្អម​កាន់​នៅ​ដៃ

20. ពួក​ទាំង​៣​បាន​ផ្លុំ​ត្រែ ហើយ​បំបែក​ក្អម​គ្រប់​គ្នា រួច​កាន់​ចន្លុះ​នៅ​ដៃ​ឆ្វេង ហើយ​ត្រែ​នៅ​ដៃ​ស្តាំ​សំរាប់​នឹង​ផ្លុំ ក៏​ស្រែក​ឡើង​ថា នេះ​ហើយ​ជា​ដាវ​ផង​ព្រះ‌យេហូវ៉ា ហើយ​របស់​ផង​គេឌាន​ដែរ

21. គេ​ក៏​ឈរ​នឹង នៅ​ត្រង់​កន្លែង​គេ​រៀង​ខ្លួន នៅ​ព័ទ្ធ​ជុំវិញ​ទី​បោះ​ទ័ព ឯ​ពួក​កង‌ទ័ព​នោះ​ក៏​តាំង​រត់ ទាំង​ស្រែក​ឡើង ហើយ​ខំ​ឲ្យ​រួច​ផង

22. នោះ​ពួក​៣០០​នាក់​ក៏​ផ្លុំ​ត្រែ​ឡើង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​គេ​កាប់​សំឡាប់​គ្នា​ឯង​ទៅ​វិញ​ទៅ​មក នៅ​ពេញ​ក្នុង​កំឡុង​កង‌ទ័ព​របស់​គេ ពួក​ទ័ព​គេ​ក៏​រត់​រហូត​ដល់​បេត-ស៊ីតា ខាង​សេរេរ៉ា ហើយ​រហូត​ដល់​ព្រំ​អេបិល-មហូឡា ជិត​តាបាត

23. នោះ​ពួក​អ៊ីស្រា‌អែល​គេ​ប្រមូល​គ្នា​ពី​ខែត្រ​ណែប‌ថាលី ខែត្រ​អេស៊ើរ និង​ស្រុក​ម៉ាន៉ាសេ​ទាំង​មូល មក​ដេញ​តាម​ពួក​ម៉ាឌាន។

24. ឯ​គេឌាន​ក៏​ចាត់​មនុស្ស ឲ្យ​ទៅ​ពេញ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ប្រាប់​ថា ចូរ​នាំ​គ្នា​ចុះ​មក ចាំ​ស្កាត់​ផ្លូវ​សាសន៍​ម៉ាឌាន ត្រង់​អស់​ទាំង​ទី​ឆ្លង​ទន្លេ​យ័រដាន់ រហូត​ដល់​បេត-បារ៉ា​ទៅ ដូច្នេះ ពួក​អេប្រា‌អិម​ទាំង​ប៉ុន្មាន ក៏​មូល​គ្នា​ទៅ​ចាំ​ស្កាត់​ត្រង់​ផ្លូវ​ទឹក​ទាំង​អស់ តាម​ទន្លេ​យ័រដាន់​រហូត​ដល់​បេត-បារ៉ា

សូមអានជំពូកពេញលេញ ចៅហ្វាយ 7